ប្រធានបទអ្វីទៅជាប្រអប់ខ្មៅ ដែលមានសារៈសំខាន់បំផុតសម្រាប់ការស៊ើបអង្កេតករណីធ្លាក់យន្តហោះ?

ប្រធានបទអ្វីទៅជាប្រអប់ខ្មៅ ដែលមានសារៈសំខាន់បំផុតសម្រាប់ការស៊ើបអង្កេតករណីធ្លាក់យន្តហោះ?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត៖
ក្រោមប្រធានបទអ្វីទៅជាប្រអប់ខ្មៅ ដែលមានសារៈសំខាន់បំផុតសម្រាប់ការស៊ើបអង្កេតករណីធ្លាក់យន្តហោះ?
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
#MJQE #American Intercon School

 

ជារឿយៗនៅពេលមានករណីធ្លាក់យន្តហោះ យើងតែងចំណាំឃើញថាក្រុមប្រតិបត្តិការរុករកខិតខំខ្នះខ្នែងរករបស់ម្យ៉ាងដែលហៅថា «ប្រអប់ខ្មៅ»។ ប្រអប់ខ្មៅ គឺជាឧបករណ៍អេឡិចត្រូនិកមួយដែលផ្ទុកនៅក្នុងយន្តហោះសម្រាប់កត់ត្រានូវព័ត៌មានសំខាន់ៗ ដែលអាចជួយសម្រួលដល់ការងារស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗនៃការធ្វើដំណើរតាមផ្លូវអាកាស។ ជាទូទៅឧបករណ៍នេះត្រូវបានគេស្គាល់ថា «ប្រអប់ខ្មៅ» ប៉ុន្តែតាមពិតទៅរូបរាងរបស់វាមានពណ៌ទឹកក្រូចទៅវិញទេ ដើម្បីងាយស្រួលក្នុងការស្វែងរកក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើង។

ប្រអប់ខ្មៅត្រូវបែងចែកជាពីរប្រភេទ ក្នុងនោះមួយប្រភេទសម្រាប់កំណត់ត្រាទិន្នន័យផ្សេងៗរបស់ យន្តហោះក្នុងអំឡុងពេលធ្វើដំណើរ ហើយវាហៅកាត់ថា FDR។ មួយប្រភេទទៀតសម្រាប់កត់ត្រា សម្លេងក្នុងបន្ទប់អ្នកបើកយន្តហោះបូករួមទាំងការសន្ទនារវាងអាកាសយានិក ហៅកាត់ថា CVR។

ប្រអប់ខ្មៅ FDR កត់ត្រាទុកនូវទិន្នន័យដូចជាល្បឿន រយៈកម្ពស់ សន្ទុះឡើង-ចុះ និងលំហូរឥន្ធនៈរបស់យន្តហោះជាដើម ហើយវាផ្ទុកទិន្នន័យនេះបានរយៈពេល២៥ម៉ោងចុងក្រោយ។ ចំណែកប្រអប់ខ្មៅ CVR វិញ សម្រាប់ថតទុកនូវសំឡេងសន្ទនាទាំងអស់រវាងអាកាសយានិក ក៏ដូចជាការសន្ទនារវាងអាកាសយានិក និងក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ សំឡេងកុងតាក់ និងម៉ាស៊ីន យន្តហោះ ក៏ត្រូវថតទុកដោយឧបករណ៍ CVR ដែរ ខណៈសមត្ថភាពរក្សាទុកសំឡេងរបស់វាគឺបានត្រឹម២ម៉ោងចុងក្រោយប៉ុណ្ណោះ។

ករណីខ្លះឧបករណ៍ FDR និង CVR ក៏ត្រូវបានបញ្ចូលក្នុងប្រអប់ខ្មៅជាមួយគ្នាតែម្តងផងដែរ។ ឧបករណ៍ទាំងពីរនេះមានតួនាទីចងក្រងឯកសារប្រវត្តិនៃការហោះហើររបស់យន្តហោះ ជាពិសេសយន្តហោះដឹកអ្នកដំណើរដែលនឹងអាចជួយដល់ការងារស៊ើបអង្កេតនាពេលក្រោយ។ ប្រអប់ខ្មៅទាំងពីរតម្រូវឱ្យបំពាក់ក្នុងយន្តហោះ ដោយគោលការណ៍អន្តរជាតិត្រួតពិនិត្យដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ប្រអប់ខ្មៅយន្តហោះអាចធន់នឹងលក្ខខណ្ឌផ្សេងៗដែលអាចជួបប្រទះក្នុងករណីគ្រោះថ្នាក់យន្តហោះធ្ងន់ធ្ងរបាន ហើយជាធម្មតាពួកវាត្រូវបំពាក់នៅផ្នែកកន្ទុយរបស់យន្តហោះដែលជាកន្លែងសុវត្ថិភាពជាងគេសម្រាប់ឱ្យពួកវារួចខ្លួនពីការប៉ះទង្គិចធ្ងន់ធ្ងរ។ ប្រអប់ខ្មៅក៏មានបំពាក់នូវឧបករណ៍ប្រាប់ទីតាំងក្រោមទឹកហៅកាត់ថា ULB ផងដែរ។

ប្រសិនបើយន្តហោះធ្លាក់ចូលក្នុងសមុទ្រ ឧបករណ៍នោះនឹងបញ្ចេញរលកសញ្ញាអ៊ុលត្រាសូនិក (Ultrasonic) ដែលអាចទទួលបានដោយឧបករណ៍ស្តាប់សំឡេង ហើយវាអាចដំណើរការនៅក្រោមជម្រៅទឹក៦០០០ម៉ែត្របាន។ នៅពេលវាចាប់ផ្តើមបញ្ចេញសញ្ញាវានឹងបន្តលោតក្នុងមួយវិនាទីម្តងសម្រាប់រយៈពេល៣០ថ្ងៃរហូតដល់អស់ថ្ម។ ដោយឡែកក្នុងករណីយន្តហោះធ្លាក់ទៅលើគោកវិញឧបករណ៍ ULB មិនបញ្ចេញសញ្ញាទេ។

គួរបញ្ជាក់ថា «ប្រអប់ខ្មៅ» សាកល្បងដំបូងបំផុតត្រូវបានផលិតឡើងកាលពីឆ្នាំ១៩៥៧ ក៏ប៉ុន្តែទាល់តែដល់ឆ្នាំ១៩៦០ បន្ទាប់ពីមានករណីធ្លាក់យន្តហោះពិបាកនឹងបកស្រាយចម្ងល់មួយនៅរដ្ឋឃ្វីនលេន (Queensland) ទើបអូស្រ្តាលីបានក្លាយជាប្រទេសដំបូងគេលើលោក ដែលតម្រូវឱ្យមានការបំពាក់ប្រអប់ខ្មៅនៅក្នុងយន្តហោះពាណិជ្ជកម្មទាំងអស់។ អ្នកវិទ្យាសាស្ត្រអូស្រ្តាលីឈ្មោះ ដេវីដ វ៉ារិន(David Warren) គឺជាអ្នកបង្កើតប្រអប់ខ្មៅនេះឡើង៕

ដកស្រងចេញពី៖ http://plus.freshnewsasia.com/index.php/en/freshnewsplus/184325-2021- 01-19-14-39-53.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង