ប្រធានបទអត្ថប្រយោជន៍នៃការហាត់ប្រាណដោយដើរ

ប្រធានបទអត្ថប្រយោជន៍នៃការហាត់ប្រាណដោយដើរ

អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព៖
ក្រោមប្រធានបទអត្ថប្រយោជន៍នៃការហាត់ប្រាណដោយដើរ
អត្ថបទដោយ : អ៊ិន ចាន់ដេត
#MJQE #American Intercon School

ការដើរ គឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគេណែនាំឱ្យដើរយ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទីក្នុងមួយថ្ងៃ។ ការធ្វើលំហាត់ប្រាណដោយដើរគឺជាសកម្មភាពកីឡា ដែលមានលក្ខណៈធម្មជាតិពិតៗ និងងាយអនុវត្តបំផុត ប្រសិនបើអ្នកពិតជាមានចេតនា ចង់បញ្ចេញសកម្មភាពឱ្យមានប្រយោជន៍ដល់សរីរាង្គកាយ និងសុខភាពនោះ។ ការដើរ គឺជាកីឡាដែលមិនទាមទារសម្ភារបរិក្ខារ ពិសេសមិនទាមទារអ្វីឱ្យលើសពីស្បែកជើងនោះទេ។

តើការដើរពិតជាមានសារប្រយោជន៍ដល់រាងកាយ និងសុខភាពបែបណាខ្លះ?
នេះគឺជារឿង១០យ៉ាង ដែលកើតឡើងចំពោះរាងកាយ និងសុខភាពប្រសិនបើអ្នកដើរហាត់ប្រាណជារាងរាល់ថ្ងៃ។

១. សុខភាពខួរក្បាល និងសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង៖ ការសិក្សាមួយបានបង្ហាញថា នៅពេលដែលយើងដើរ កម្រិតនៃអរ័ម៉ូន (Hormones) កើនឡើង ដូច្នេះអាចជួយកាត់បន្ថយកម្រិតធុញថប់ (Stress) បានយ៉ាងច្រើន។ វាក៏ជួយដល់សុខភាពខួរក្បាលទាំងមូល និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងផងដែរ។

២. ជួយដុតរំលាយកាឡូរី (Calories) និងរក្សាទម្ងន់រាងកាយបានល្អ៖ ការធ្វើលំហាត់ប្រាណដោយដើរជាប្រចាំ វានឹងជួយដុតរំលាយកាឡូរី (Calories) ហើយវាពិតជាមានសារៈសំខាន់ក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក (Weight Control)។ ការដើរ៣០នាទីក្នុងមួយថ្ងៃ វានឹងជួយដុតរំលាយ យ៉ាងហោចណាស់៣០០កាឡូរី (Calories) ដែលនោះពឹតជាមានសារប្រយោជន៍ក្នុងការគ្រប់គ្រងទម្ងន់ ឬក៏អ្នកអាចប្រើមធ្យោបាយនេះក្នុងគោលបំណងសម្រកទម្ងន់។

៣. សុខភាពល្អចំពោះបេះដូង៖ យោងទៅតាមសមាគមន៍បេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) ការដើរគឺមានអត្ថប្រយោជន៍ចំពោះបេះដូងដូចជា ការរត់ដែរលើសពីនេះទៅទៀត វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងបេះដូង ការដើរជួយថែ រក្សាស្ថិរភាពសម្ពាធឈាម កាត់បន្ថយកម្រិតកូលេស្ទើរ៉ូល (Cholesterol) និងធ្វើឱ្យឈាម រត់កាន់តែស្រួល។

៤. ធ្វើឱ្យសុខភាពសួតល្អជាងមុន៖ នៅពេលដែលយើងដើរ សួតរបស់យើងទទួលអ៊ុកស៊ីសែនកាន់តែច្រើន ដែលបន្ទាប់មកវាត្រូវបានចែកចាយពេញរាងកាយរបស់យើង ក្រៅពីកាត់បន្ថយជាតិពុល ការដើរធ្វើឱ្យមុខងាររបស់សួតកាន់តែប្រសើរឡើង ដូច្នេះអាចជួយបង្ការជំងឺផ្លូវដង្ហើមបានផងដែរ។

៥. សុខភាពល្អចំពោះលំពែង៖ ការដើរទៀងទាត់អាចជួយថែរក្សាកម្រិតជាតិស្កល្អដែលយើងមាន វារឹតតែមានប្រសិទ្ធភាពក្នុងការការពារមិនឱ្យមានជំងឺទឹកនោមផ្អែមជាងការរត់ទៅទៀត។

៦. ធ្វើឱ្យការរំលាយអាហាររបស់យើងកាន់តែល្អប្រសើរជាងមុន៖ តាមរយៈដើរ៣០នាទីក្នុងមួយថ្ងៃ មិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃជំងឺពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការរំលាយអាហាររបស់យើងមានភាពប្រសើរឡើង និងអាចកាត់បន្ថយការទល់លាមក និងហើមពោះផងដែរ។

៧. កាត់បន្ថយខ្លាញ់ក្នុងសាច់ដុំ៖ អ្នកអាចសម្រេចគោលដៅនេះបាន ដោយដើរមួយម៉ឺនជំហានក្នុងមួយថ្ងៃ នោះខ្លាញ់ក្នុងសាច់ដុំរបស់អ្នកនឹងត្រូវបានកាត់បន្ថយ។ ប្រសិនបើអ្នកចង់បានសាច់ ដុំនៅផ្នែកផ្សេងៗទៀតនៃរាងកាយរបស់អ្នក អ្នកអាចដើរឡើងភ្នំ ឬបង្កើនជំហានដើររបស់ អ្នកដើម្បីឱ្យជាតិខ្លាញ់កាន់តែថយចុះ។

៨. ឆ្អឹង និងសន្លាក់រឹងមាំ៖ បញ្ហានៃជំងឺរលាកសន្លាក់ បណ្តាលឱ្យរាងកាយរងទុក្ខបន្តិច សម្រាប់អ្នកដែលមានសុខភាពល្អ។ សន្លាក់ដែលឈឺចាប់ និងរឹង អាចនឹងធូរស្បើយដោយការដើរ ៣០នាទីក្នុងមួយថ្ងៃ។ វាក៏នឹងមិនបណ្តាលឱ្យមានការខូចខាត ឬឈឺចាប់បន្ថែមទៀតទេ។ វានឹងអាច ការពារជំងឺពុកឆ្អឹងផងដែរ។

៩. កាត់បន្ថយការឈឺខ្នង៖ ការធ្វើលំហាត់ប្រាណដែលមានកម្លាំខ្លាំង អាចបង្កគ្រោះថ្នាក់ដល់ឆ្អឹងខ្នង ក៏ប៉ុន្តែការដើរវាមិនដូច្នោះទេ។ វាជាការធ្វើលំហាត់ប្រាណដែលប្រើប្រាស់កម្លាំងទាបដែលពិតជា អាចជួយបំបាត់ការឈឺឆ្អឹងខ្នង ដោយជំរុញលំហូរឈាមទៅកាន់តំបន់ឆ្អឹងខ្នង និងធ្វើឱ្យ ប្រសើរឡើងនូវឥរិយាបថ និងភាពបត់បែននៃសាច់ដុំខ្នង។
១០. ធ្វើឱ្យចិត្តរបស់អ្នកកាន់តែមានលំនឹងជាងមុន៖ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍មិនល្អ ការដើរអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ការដើរជាមួយគ្នាគឺមានប្រយោជន៍ជាងនៅពេលនេះ។ ការដើរទៀងទាត់ អាចជួយកាត់បន្ថយកម្រិតស្រ្តេស (Stress) ការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍។ សូមចូលរួមដើរ ដើម្បីសុខភាពទាំងអស់គ្នា៕

ដកចេញស្រង់ពី :
– https://www.betterhealth.vic.gov.au/health/healthyliving/walking-for-good-health
– https://www.youtube.com/watch?v=CmJOVlEaB3Q
– https://www.healthline.com/health/benefits-of-walking
– https://www.heart.org/en/about-us
– https://www.prevention.com/fitness/a20485587/benefits-from-walking-every-day/

No Comments

Sorry, the comment form is closed at this time.

Back to Top