ប្រធានបទល្បែងប្រាជ្ញាសម្រាប់កូនក្មេងលេង និងវិធីជួយឱ្យរីកលូតលាស់បានល្អ

ប្រធានបទល្បែងប្រាជ្ញាសម្រាប់កូនក្មេងលេង និងវិធីជួយឱ្យរីកលូតលាស់បានល្អ

អត្ថបទព័ត៌មានស្តីពីការអប់រំ និងការកម្សាន្ត៖
ក្រោមប្រធានបទល្បែងប្រាជ្ញាសម្រាប់កូនក្មេងលេង និងវិធីជួយឱ្យរីកលូតលាស់បានល្អ
អត្ថបទដោយ : ទ្រី ណូរី
#MJQE #American Intercon School

តើល្បែងកូនក្មេងលេងប្រភេទណាដែលកូនអ្នកចូលចិត្ត? ជាតុក្កតាទន់ៗ សៀវភៅតុក្កតា (សៀវភៅផាត់ពណ៌) ការលេងរបស់លេងដាក់តម្រៀបលើគ្នា ឬតុក្កតាល្បែងប្រាជ្ញាផ្សេងៗ?

ការគិតជាធម្មតា បើគ្រាន់តែឮថាកូនក្មេងលេងក៏ចាប់ផ្តើមធុញនឹងការរៀបចំទុកដាក់របស់លេងតាមពីក្រោយការលេងរបស់ពួកគេបាត់ទៅហើយ។ ទេ! …ដល់ពេលដែលកូនក្មេងៗលេងល្បែងកម្សាន្តក្មេងដែលពួកគេចូលចិត្តហើយ ទោះជាល្បែងលេង ឬតុក្កតាប្រភេទអ្វីក៏ដោយឱ្យតែមានសុវត្ថិភាពដល់ពួកគេ វាសុទ្ធតែមានសារៈសំខាន់សម្រាប់ក្មេងៗ។ ការលេងរបស់ក្មេងៗ មិនត្រឹមតែជំរុញដល់ការវិវឌ្ឍផ្នែកខួរក្បាលឱ្យមានសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងបង្កើនការចងចាំ ការធ្វើតេស្តសាកល្បង ការបង្កើតឱ្យមានគំនិតច្នៃប្រឌិត ការគិត និងជំរុញដល់ការយល់ឃើញរបស់កូនក្មេងនៅជុំវិញខ្លួនទៀតផង។ សូម្បីតែគណៈកម្មាធិការជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានទទួលស្គាល់ថា “ការលេងរបស់ក្មេង គឺជាសិទ្ធិរបស់ក្មេងគ្រប់រូប”។

ការលេងល្បែងប្រាជ្ញារបស់កូនក្មេង ត្រូវបានអ្នកជំនាញកំណត់និយមន័យថា “ជាសកម្មភាពមួយដែលជំរុញ និងចូលរួមដោយវិញ្ញាណទាំងប្រាំរបស់ក្មេងរួមមាន “ការមើល ការស្ដាប់/ការបញ្ចេញសំឡេង ការប៉ះ ការហិតក្លិន និងការដឹងរសជាតិ”។ ការលេងល្បែងប្រាជ្ញា ក៏អាចមានការចូលរួមពីអារម្មណ៍របស់កូនក្មេងផងដែរដូចជា ការធ្វើចលនា និងតុល្យភាពនៃវិញ្ញាណ។

តើការលេងល្បែងប្រាជ្ញាអាចជួយកូនក្មេងដោយរបៀបណា? “កុំធ្វើឱ្យរញ៉េរញ៉ៃនៅពេលលេង!” នេះគឺជាពាក្យដែលអ្នកមិនត្រូវនិយាយនៅពេលកូនរបស់អ្នកកំពុងលេងល្បែងប្រាជ្ញានោះទេ។ គំនិតត្រង់ចំណុចនេះចង់មានន័យថា ឱ្យកូនក្មេងសប្បាយរីករាយនឹងការលេងរបស់ពួកគេ ពោលគឺពួកគេត្រូវប្រើវិញ្ញាណទាំងអស់របស់ខ្លួន ទោះជាភាពរញ៉េរញ៉ៃរបស់ពួកគេ តែជាលទ្ធផលដ៏រីករាយមួយសម្រាប់ពួកគេក្នុងពេលលេង និងក្រោយពេលលេង។ ការលេងល្បែងប្រាជ្ញា អាចបង្កើនទំនាក់ទំនងផ្នែកសរសៃប្រសាទនៅក្នុងខួរក្បាល និងជួយអភិវឌ្ឍការយល់ដឹង និងជួយអភិវឌ្ឍជំនាញធ្វើចលនាឱ្យបានល្អ។ ការលេង គឺជាជំនាញក្នុងការធ្វើចលនាឱ្យបានល្អដោយមានការចូលរួមតាមរយៈការប្រើប្រាស់សាច់ដុំតូចៗនៅដៃ ម្រាមដៃ និងកដៃ។ ស្ថិតក្នុងវ័យក្មេងតូចៗ ក្មេងនឹងរៀនពីជំនាញគោលក្នុងការធ្វើចលនាដូចជា ការទះដៃ និងជំនាញធ្វើចលនាពេញមួយតួខ្លួនជាដើម។

ជាមួយនឹងការលេងល្បែងប្រាជ្ញានេះ ពួកគេអាចកំណត់ និងពង្រឹងជំនាញធ្វើចលនារបស់ខ្លួនឱ្យបានល្អ រួមទាំងសកម្មភាពដែលពាក់ព័ន្ធនឹងសាច់ដុំតូចៗ និងការសហការរវាងដៃ និងភ្នែកដូចជា ការក្ដិចថ្ពាល់ ការចាក់ទឹក ឬការចងខ្សែស្បែកជើង ការលេងដីខ្សាច់ ដីឥដ្ឋ ឬដីមានជាតិប្រេង ដុំតូចមូលៗដូចឃ្លី ពពុះទឹក ឬការលេងផ្តិតបាតដៃ… ទាំងនេះសុទ្ធតែអាចធ្វើឱ្យកូនក្មេងដឹងពីធាតុខុសៗគ្នា ដែលនាំឱ្យចេះពីការស្វែងយល់ និងរៀនពីពិភពលោកបានច្រើន។

 

តើអ្នកដឹងទេថា ហេតុអ្វីបានជាក្មេងតូចមិនទាន់អាចសរសេរបានល្អ? មូលហេតុព្រោះដៃរបស់ក្មេងកំពុងលូតលាស់ ហេតុដូច្នេះហើយការលេងរបស់កូនក្មេងគឺមានសំខាន់ណាស់ ព្រោះវាជួយជំរុញការលូតលាស់របស់ពួកគេឱ្យបានល្អដូចជា លេងដីឥដ្ឋ លេងផាត់ពណ៌ លេងបាល់ លេងកាត់ក្រដាស លេងរូបផ្គុំ និងលេងផ្សេងៗទៀតសុទ្ធតែជួយជំរុញដល់ការលូតលាស់របស់កូនក្មេង។ កុំបង្ខំក្មេង ទុកឱ្យគេលូតលាស់តាមដំណើរធម្មជាតិរបស់កុមារ ព្រោះគេនឹងរៀននៅពេលដែលគេលូតលាស់ពេញលេញ។

ទោះបីជាស្ដាប់ទៅដូចជា កូនក្មេងទាំងអស់កំពុងធ្វើឱ្យរញ៉េរញ៉ៃក្ដី តែក្នុងនាមជាអ្នកមើលថែពួកគេត្រូវតែយកចិត្តទុកដាក់ និងត្រូវធ្វើជាគំរូដ៏ល្អដល់ពួកគេ ត្រូវរៀបចំតាមក្រោយពេលពួកគេលេងរួចដោយបំផុសឱ្យពួកគេចូលរួមការសម្អាតតាមអ្នក ដើម្បីជាទម្លាប់ដ៏ល្អដូចពាក្យស្លោកមួយថា “ព្រួញមួយបាញ់បានសត្វពីរ”។ ប៉ុន្តែមិនត្រូវស្តីបន្ទោស ឬរំខានដល់ការលេងរបស់ពួកគេនោះទេ៕

ដកស្រង់ចេញពី៖
– https://www.aia.com.kh
-https://www.facebook.com/KaknikaMommyDocto

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង