ប្រធានបទមូលហេតុដែលបណ្ដាលឱ្យគេងមិនលក់ និងដំណោះស្រាយ

ប្រធានបទមូលហេតុដែលបណ្ដាលឱ្យគេងមិនលក់ និងដំណោះស្រាយ

អត្ថបទព័ត៌មានស្តីពីសុខភាព និងផាសុកភាព៖
ក្រោមប្រធានបទមូលហេតុដែលបណ្ដាលឱ្យគេងមិនលក់ និងដំណោះស្រាយ
អត្ថបទដោយ : ប៉ែន ពន្លឺ
#MJQE #American Intercon School

តើមូលហេតុអ្វីបានជាមនុស្សភាគច្រើនគេងមិនលក់?

ការគេងមិនលក់ ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ចំពោះសុខភាព នាំឱ្យរាងកាយមិនអាចស្តារឡើងវិញបាន។ រីឯការគេងលង់លក់ គឺជាដំណើរធម្មជាតិ ដើម្បីស្តារកម្លាំង និងស្តារនូវសភាពហត់នឿយឱ្យមកប្រក្រតីវិញ…។

មូលហេតុនៃការគេងមិនលក់៖
១. ជាភាពខុសប្រក្រតីរបស់អ្នកនោះ ដូចជាធ្លាប់គេងមិនលក់មួយរយៈក៏បារម្ភថា យប់បន្ទាប់នឹងគេងមិនលក់ទៀត ឬមានអាការគេងមិនលក់ដោយមិនដឹងមូលហេតុ ឬអាចពាក់ព័ន្ធនឹងការគេងស្រមុកខ្លះ។

២. កើតពីភាពខុសប្រក្រតីពីខាងក្រៅ ដូចជាកើតមានរឿងរ៉ាវធ្វើឱ្យពិបាកចិត្ត ទីកន្លែងគេងមិនល្អ ឬពាក់ព័ន្ធនឹងការញៀនថ្នាំ ញៀនសារធាតុមួយចំនួនដូចជា ស្រា ឬថ្នាំងងុយគេងជាដើម។

៣. ជាអាការមួយនៃជំងឺផ្លូវចិត្ត ឬជំងឺផ្លូវកាយដូចជា ជំងឺវិកលចរិត ជំងឺក្រៀមក្រំ ដែលមានអាការអស់សង្ឃឹម ធុញទ្រាន់នឹងជីវិត ធុញអាហារ ការចងចាំមិនសូវល្អ អស់កម្លាំង ជំងឺសួត ឬជំងឺខ្សោយខួរក្បាលជាដើម។

ប្រភេទនៃជំងឺគេងមិនលក់៖
១. ការគេងមិនលក់បែបបណ្តោះអាសន្ន ជាការគេងមិនលក់យូរថ្ងៃ តែមិនដល់ច្រើនសប្តាហ៍ទេ។ ភាគច្រើនជាការតានតឹងអារម្មណ៍ ឬការខ្វល់ខ្វាយចំពោះហេតុការណ៍ណាមួយដែលបានកើតឡើង។

២. ការគេងមិនលក់រយៈពេលយូរជាប់ៗគ្នា អាចច្រើនសប្តាហ៍ ភាគច្រើនបណ្តាលមកពីការពិបាកចិត្ត ឬហេតុការណ៍ធ្ងន់ធ្ងរដូចជា ភាពអត់ការងារធ្វើ បញ្ហាសេដ្ឋកិច្ច រួមទាំងបញ្ហាគ្រួសារ។

៣. ការគេងមិនលក់រ៉ាំរ៉ៃ អាចច្រើនខែ ឬច្រើនឆ្នាំ។ មូលហេតុដែលកើតមានបែបនេះ មានសភាព ស្មុគស្មាញច្រើន។

ទាក់ទងនឹងបញ្ហាដែលជាមូលហេតុនៃការគេងមិនលក់ខាងលើនេះ យើងក៏អាចមានដំណោះស្រាយចំពោះអាការគេងមិនលក់បានដូចជា៖
១. ត្រូវរកមូលហេតុ និងកែខៃបើឈឺថ្កាត់ដោយជំងឺផ្លូវកាយ ឬជំងឺផ្លូវចិត្ត ត្រូវព្យាបាលជំងឺទាំងនោះឱ្យបានធូរស្រាលសិន ដោយអាចប្រើថ្នាំងងុយគេងជាជំនួយរយៈពេលដំបូង តែមិនគួរប្រើលើសពី២-៦ សប្តាហ៍ឡើយ ព្រោះអាចបណ្តាលឱ្យញៀន ឬអាចត្រូវពឹងឱសថនោះរហូត។

២. រៀបចំកន្លែងគេងឱ្យបានល្អដូចជា រៀបចំបន្ទប់គេងឱ្យសមស្របនឹងការគេង ដោយមិនក្តៅពេក មិនត្រជាក់ពេក មិនឱ្យមានសំឡេងខ្លាំងពេក គួរមានបរិយាកាសស្ងប់ស្ងាត់ ឬអាចមានសំឡេងតន្ត្រីតិចៗកំដរផងជាដើម។

៣. បន្ទប់គេងប្រើសម្រាប់តែការគេង មិនប្រើបន្ទប់គេងធ្វើកិច្ចការផ្សេងៗឡើយដូចជា ពិសាអាហារ លេងហ្គេម ឬធ្វើការងារជាដើម។

៤. ពិសាទឹកដោះគោក្តៅឧណ្ហៗ១កែវ ឬទទួលទានចេក០១ផ្លែ ក៏អាចជួយឱ្យគេងលក់បានដែរ។
ជៀសវាងភេសជ្ជៈជំរុញខួរក្បាលដូចជា តែ កាហ្វេ ទឹកក្រូចហ្គាស ភេសជ្ជៈប៉ូវ ឬស្រា ស្រាបៀរ ឬស្រាផ្លែឈើរាល់ថ្ងៃ ព្រោះមានសារធាតុគីមី ដែលជំរុញឱ្យខួរក្បាលគេងមិនលក់ ឬគេងមិនស្កប់។

៥. គួរហាត់ប្រាណជាប្រចាំនៅពេលព្រឹក មួយសប្តាហ៍០៣-០៤ថ្ងៃ មួយថ្ងៃ២០-៣០នាទី នឹងជួយឱ្យ សុខភាពរាងកាយរឹងមាំ គេងលក់ស្រួលនៅពេលយប់។

៦. គួរភ្ញាក់ពីគេងឱ្យទៀងពេលរាល់ថ្ងៃ ទោះបីថ្ងៃឈប់សម្រាកក្តី នឹងជួយឱ្យដំណើរការនៃការគេងប្រព្រឹត្តទៅជាប្រក្រតី។

៧. ចៀសវាងមើលភាពយន្ត ឬទូរទស្សន៍ ឬលេងហ្គេម ដែលមានភាពរំភើប រំជើបរំជួលខ្លាំង មុនពេលគេង និងកុំពិសាទឹកច្រើននៅពេលល្ងាច ដើម្បីកុំឱ្យពិបាកក្រោកទៅបន្ទប់ទឹកពេលយប់។

៨. អ្នកដែលខឹងនឹងខ្លួនឯងគេងមិនលក់ មិនគួរប្រឹងធ្មេចភ្នែកតទៅទៀតទេ គួរក្រោកឡើងធ្វើអ្វីផ្សេងដូចជា អានសៀវភៅ មិនគួរធ្វើអ្វីដែលនាំឱ្យភ្នែកភ្លឺពេក ហើយបើមានអារម្មណ៍ថាងងុយ សឹមចូលគេងវិញ។ បើចេះតែភ្ញាក់ឡើងមកមើលនាឡិកា គួរយកនាឡិកាទុកនៅកន្លែងផ្សេង។
គួរបព្ជាក់ថា ការគេងលក់ឱ្យបានស្កប់ស្កល់ក៏ជាផ្នែកល្អមួយនៃសុខភាពយើងទាំងអស់គ្នាផងដែរ។

 

ដកស្រង់ចេញពីៈ https://khmerpostasia.com/archives/6859

ហេតុអ្វីគេងមិនលក់ ​?

គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!

No Comments

Sorry, the comment form is closed at this time.

Back to Top