ប្រធានបទតើឈ្មោះខែមានទំនាក់ទំនងអ្វីនឹងផ្កាយរាសីចក្រទាំង១២?

ប្រធានបទតើឈ្មោះខែមានទំនាក់ទំនងអ្វីនឹងផ្កាយរាសីចក្រទាំង១២?

អត្ថបទព័ត៌មានស្តីពីវិទ្យាសាស្រ្ត និងរបកគំហើញ៖
ក្រោមប្រធានបទតើឈ្មោះខែមានទំនាក់ទំនងអ្វីនឹងផ្កាយរាសីចក្រទាំង១២?
អត្ថបទដោយ : ហ៊ិន គឹមហៀក
#MJQE #American Intercon School

អំពីផ្កាយរាសីចក្រ និងឈ្មោះខែទាំង១២ នៅក្នុងប្រតិទិនសុរិយគតិ។ តើផ្កាយរាសីចក្រទាំង១២នេះ ចាប់ផ្តើមពីមករា ឬពីមេសា? ហេតុអ្វីបានជាខ្មែរចូលឆ្នាំថ្មីនៅពាក់កណ្តាលខែមេសា? ក្រៅពីជំនឿលើជោគជតារាសី តើផ្កាយរាសីចក្រទាំង១២ មានលក្ខណៈវិទ្យាសាស្ត្រយ៉ាងណា? តើគេអាចរកមើលផ្កាយទាំងនេះបានដោយរបៀបណា?
ផ្កាយ “រាសីចក្រ” ឬតាមភាសាអង់គ្លេសថា «The Zodiac»។ ជាទូទៅ ត្រូវបានគេនាំគ្នានិយាយសំដៅទៅលើជោគជតារាសីទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត ក៏ប៉ុន្តែបើនិយាយទៅតាមលក្ខណៈវិទ្យាសាស្ត្រវិញគឺសំដៅទៅលើបណ្តុំផ្កាយចំនួន១២ ដែលស្ថិតនៅតាមបណ្តោយគន្លងគោចរនៃព្រះអាទិត្យ ព្រះចន្ទ និងភពនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
ការកំណត់ផ្កាយរាសីចក្រទាំង១២ នេះមានប្រវត្តិដ៏ចំណាស់តាំងពីរាប់ពាន់ឆ្នាំមុន ដោយចាប់ផ្តើមដំបូងចេញពីមេសូប៉ូតាមី មុននឹងរីកសាយភាយទៅដល់ប្រទេសអេហ្ស៊ីប ក្រិក ចក្រភពរ៉ូម និងរហូតមកដល់បណ្តាប្រទេសលោកខាងលិចនាពេលបច្ចុប្បន្ន។ ចំណែកទៅប៉ែកខាងកើត គឺរីកសាយភាយទៅដល់ប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួននៅអាស៊ីបច្ចុប្បន្ន ដែលនៅក្នុងនោះក៏មានប្រទេសកម្ពុជាមួយដែរ ដែលឈ្មោះខែទាំង១២ នៅក្នុងប្រតិទិនសុរិយគតិត្រូវយកតាមឈ្មោះជាភាសាសំស្ក្រឹតរបស់ផ្កាយរាសីចក្រទាំង១២នេះ។
តាមការពិត ក្នុងចំណោមផ្កាយរាសីចក្រទាំង១២ គេមិនចាប់រាប់ពីផ្កាយតំណាងខែមករាជាខែទីមួយនោះទេ ផ្ទុយទៅវិញគេចាប់រាប់ពីផ្កាយអេរីស៍ (Aries/Bélier) ដែលជាផ្កាយមានរូបរាងជាសត្វពពែ ហើយដែលនៅក្នុងតារាសាស្ត្រឥណ្ឌាគេហៅតាមភាសាសំស្ក្រឹតថា “មេសារាសី” ហើយយើងអាចហៅដោយសាមញ្ញថា “ផ្កាយមេសា”។
នៅបណ្តាប្រទេសលោកខាងលិច ថ្ងៃទី១នៃផ្កាយអេរីស៍នេះ គឺត្រូវចំនឹងថ្ងៃសមទិវារាត្រីនៃខែមីនា ដែលត្រូវនឹងថ្ងៃទី២០ ឬទី២១ ខែមីនា។ ចំណែកនៅក្នុងតារាសាស្ត្រឥណ្ឌាវិញ ថ្ងៃទី១នៃផ្កាយអេរីស៍ ឬ “មេសារាសី” គឺត្រូវចំនឹងថ្ងៃទី១៤ ខែមេសា។ ហេតុដូច្នេះហើយបានជានៅប្រទេសឥណ្ឌា ក៏ដូចជានៅប្រទេសមួយចំនួនផ្សេងទៀត ក្នុងនោះក៏មានប្រទេសកម្

ពុជាផងដែរ គេយកថ្ងៃទី១៤ មេសា (ឬ១៣មេសា) ជាថ្ងៃចូលឆ្នាំថ្មី។
ផ្កាយទាំង១២នេះស្ថិតនៅតម្រៀបជួរគ្នាពីមួយទៅមួយ តាមលំដាប់លំដោយដូចគ្នាទៅនឹងឈ្មោះខែទាំង១២។
• ទី១៖ គឺផ្កាយ Aries ហៅតាមភាសាសំស្ក្រឹតថា «មេស» ដែលមានន័យថាសត្វពពែ ឬចៀម ហើយត្រូវនឹងខែមេសា។

• ទី២៖ ផ្កាយ Taurus ជាភាសាសំស្ក្រឹត «ឧសភ» ដែលមានន័យថាសត្វគោ ត្រូវនឹងខែឧសភា។

• ទី៣ ផ្កាយ Gemeni ជាភាសាសំស្ក្រឹត «មិថុន» ដែលមានន័យថាភ្លោះ ឬគូ ហើយត្រូវនឹងខែមិថុនា។

 

• ទី៤៖ ផ្កាយ Cancer ជាភាសាសំស្ក្រឹត «កក្កដា» ដែលមានន័យថាសត្វក្តាម ហើយត្រូវនឹងខែកក្កដា។

• ទី៥៖ ផ្កាយ Leo ជាភាសាសំស្ក្រឹត «សីហ» ដែលមានន័យថាសត្វសិង្ហ ឬតោ ហើយត្រូវនឹងខែសីហា។

• ទី៦៖ ផ្កាយ Virgo ជាភាសាសំស្ក្រឹត «កញ្ញា» ដែលមានន័យថាស្រីក្រមុំ ហើយត្រូវនឹងខែកញ្ញា។

• ទី៧៖ ផ្កាយ Libra ជាភាសាសំស្ក្រឹត «តុលា» ដែលមានន័យថាជញ្ជីង ហើយត្រូវនឹងខែតុលា។

• ទី៨៖ ផ្កាយ Scorpius ជាភាសាសំស្ក្រឹត «វិច្ឆិក» ដែលមានន័យថាសត្វខ្ទួយ ឬខ្យាដំរី ហើយត្រូវនឹងខែវិច្ឆិកា។

• ទី៩៖ ផ្កាយ Sagittarius ដែលនៅក្នុងព្រេងកថាក្រិក គឺជាតួអង្គដែលមានខ្លួនជាសេះ ក្បាលជាមនុស្ស ហើយដៃកាន់ធ្នូ។ នៅក្នុងតារាសាស្ត្រឥណ្ឌា គេហៅផ្កាយនេះជាភាសាសំស្ក្រឹត «ធនុ» ដែលមានន័យថាធ្នូ ហើយត្រូវនឹងខែធ្នូ។

• ទី១០៖ ផ្កាយ Capricornus ដែលមានរូបរាងមួយកំណាត់ខាងក្បាលជាពពែ និងមួយកំណាត់ខាងកន្ទុយជាត្រី ចំណែកក្នុងតារាសាស្ត្រឥណ្ឌាគេហៅថាជាសត្វមករ ហើយត្រូវនឹងខែមករា។

• ទី១១៖ ផ្កាយ Acquarius ដែលមានរូបរាងជាមនុស្សកាន់ក្អមទឹក ចំណែកក្នុងតារាសាស្ត្រឥណ្ឌា គេហៅថាជា «កុម្ភៈ» ដែលមានន័យថាក្អម ហើយដែលត្រូវនឹងខែកុម្ភៈ។

• ទី១២៖ ផ្កាយ Pisces ដែលមានរូបរាងជាត្រីពីរ កន្ទុយត្រូវគេចងជាប់គ្នា ចំណែកក្នុងតារាសាស្ត្រឥណ្ឌាគេហៅថា «មីន» មានន័យថាសត្វត្រី ហើយត្រូវនឹងខែមីនា។

ផ្កាយរាសីចក្រទាំង១២នេះ មិនមែនសុទ្ធតែមានពន្លឺភ្លឺច្បាស់ អាចឱ្យយើងងាយរកមើលទាំងអស់នោះទេ។ ផ្កាយ Capricorn (មករា) Aquarius (កុម្ភៈ) Pisces (មីនា) Aries (មេសា) Cancer (កក្កដា) និង Libra (តុលា) ជាដើម សុទ្ធសឹងជាបណ្តុំផ្កាយ ដែលមិនមានផ្កាយភ្លឺច្បាស់ ហើយដែលយើងពិបាកនឹងរកមើល។ ចំណែកផ្កាយក្រៅពីនោះ មានទីតាំង និងមានផ្កាយភ្លឺៗ ដែលធ្វើឱ្យយើងងាយនឹងស្វែងរក និងស្រួលចំណាំ។

ដកស្រង់ចេញពី៖ http://www.rfi.fr

No Comments

Sorry, the comment form is closed at this time.

Back to Top