ប្រធានបទការសិក្សារបស់កូនៗលោកអ្នក!

ប្រធានបទការសិក្សារបស់កូនៗលោកអ្នក!

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ៖
ក្រោមប្រធានបទការសិក្សារបស់កូនៗលោកអ្នក!
អត្ថបទដោយ : សែម ពេជ្រ
#MJQE #American Intercon School

ឪពុកម្តាយគ្រប់រូបគួរតែបង្រៀនកូនៗរបស់ខ្លួនឱ្យមានទម្លាប់ល្អចំពោះសុខភាពរបស់ពួកគាត់ឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះវិធីនេះអាចជួយឱ្យកូនរបស់លោកអ្នករស់នៅមានសុខភាពល្អ ឆ្លាតវាងវៃ ពូកែ និងមានការគិតយ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ឪពុកម្តាយគ្រប់រូបត្រូវចងចាំថាកូនៗរបស់លោកអ្នកទោះមានភាពឆ្លាតវៃ ពូកែយ៉ាងណា ក៏មិនអាចខ្វះសុខភាពបានដែរ ដូចនេះឪពុកម្តាយគ្រប់រូបត្រូវតែបង្កើតទម្លាប់ល្អដើម្បីថែរក្សាសុខភាព និងការសិក្សារបស់កូនៗលោកអ្នកតាមវិធីសាស្រ្តដូចខាងក្រោម៖

១. ឪពុកម្តាយត្រូវធ្វើជាគំរូល្អដល់កូនៗ៖
ឪពុកម្តាយគឺជាជម្រើសទីមួយ និងជាជម្រើសដ៏ល្អបំផុតសម្រាប់កូនអស់លោកអ្នកក្នុងការធ្វើត្រាប់តាម តាមរយៈការហាត់ប្រាណ ឬលេងកីឡា ព្រោះក្មេងៗភាគច្រើនគឺមើលឃើញ និងធ្វើត្រាប់តាមឪពុកម្តាយរបស់គេ។ ប្រសិនបើកូនក្មេងឃើញឪពុកម្តាយរបស់គាត់ហាត់ប្រាណ ឬលេងកីឡា នោះគាត់នឹងធ្វើតាមដែរ ប៉ុន្តែឪពុកម្តាយគ្រប់រូបត្រូវមានការអត់ធ្មត់ ហើយព្យាយាម ព្រោះមិនអាចបង្ខំក្មេងៗបានទេ ត្រូវធ្វើសកម្មភាពបន្តិចម្ដងៗ និងការផ្លាស់ប្ដូរយឺតៗទៅតាមការលូតលាស់របស់កូនក្មេង និងមានការលើកទឹកចិត្ត ហើយលើកសរសើរឱ្យបានច្រើនតាមដែលអាចធ្វើបាន។

២. ការសរសើរ និងលើកទឹកចិត្ត៖
កូនក្មេងភាគច្រើនចង់ឮពាក្យផ្អែម សរសើរ និងលើកទឹកចិត្ត ហើយនិយាយទៅកាន់ពួកគេថាកូនធ្វើបានល្អណាស់ គួរឱ្យស្រលាញ់ មានសមត្ថភាពខ្ពស់ និងខុសប្លែកពីក្មេងដទៃ ការលើកទឹកចិត្ត និងអបអរភាព ជោគជ័យរបស់ក្មេងៗអាចជួយឱ្យពួកគេចាប់ផ្ដើមមានភាពជឿជាក់ និងមានគំនិតវិជ្ជមានក្នុងការហាត់ ប្រាណ។

៣. លំហាត់ប្រាណ៖
ការធ្វើលំហាត់ប្រាណ ឬការចូលរួមលេងប្រភេទកីឡាណាមួយអាចជួយដល់ការលូតលាស់របស់ក្មេងៗ ទាំងរាងកាយ និងចិត្តគំនិតរបស់ពួកគេ។ ឪពុកម្តាយគ្រប់រូបគួរតែអនុញ្ញាតឱ្យកូនៗចូលរួមសកម្មភាព ផ្សេងៗ ឬការលេងកីឡាប្រភេទណាមួយរហូតដល់ពួកគេបានជួបប្រភេទកីឡាដែលចូលចិត្ត និងសក្តិសមជាមួយពួកគេ។ ក្មេងម្នាក់ៗគឺមានទម្លាប់ខុសៗគ្នា ហើយពួកគេនឹងលេងយ៉ាងសប្បាយ ប្រសិនបើគេចូលចិត្តកីឡាណាមួយហើយនោះ។

៤. ការចំណាយពេលវេលាសម្រាប់កូនៗ៖
នៅក្នុងសង្គមគ្រួសារបច្ចុប្បន្នគ្រួសារនីមួយៗ គឺពិតជាមានភាពមមាញញឹកខ្លាំងណាស់ សូម្បីតែរកពេលញ៉ាំអាហារជុំគ្នាស្ទើរតែពុំមាន ប៉ុន្តែវាជារឿងចាំបាច់ ប្រសិនបើឪពុកម្តាយគ្រប់រូបចង់បានសុភមង្គល និងមានភាពស្និទស្នាលជាមួយកូនៗគួរតែចំណាយពេលវេលាសម្រាប់ការតាមដានការសិក្សា និងនាំកូនហាត់ប្រាណជាប្រចាំ។ ឪពុកម្តាយភាគច្រើនរវល់ណាស់ក្នុងការរកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររហូតភ្លេចតាមដានការសិក្សា និងខ្វល់ពីសុខភាពកូនៗ។ ចុះបើកូនៗមានបញ្ហាក្នុងការសិស្សា និងបញ្ហាសុខភាព តើលោកអ្នកគិតយ៉ាងដូចម្តេច? ដូចនេះឪពុកម្តាយគ្រប់រូបត្រូវតែចំណាយពេលវេលាដើម្បីធ្វើរឿងទាំងនេះ សម្រាប់កូនៗ។

៥. ការកណត់ពេលវេលាសម្រាប់មើលទូរទស្សន៍ និងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗ៖
ក្មេងភាគច្រើនឱ្យតែទំនេរ គឺមើលទូរទស្សន៍ ឬក៏លេងទូរសព្ទ និងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗ តែទោះជាយ៉ាងណាក៏ដោយឪពុកម្តាយគ្រប់រូបមិនត្រូវឱ្យកូនៗលេងទូរសព្ទ ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗក្នុងមួយថ្ងៃលើសពីពីរម៉ោងទេ។ ឪពុកម្តាយខ្លះទម្រន់តាមកូន គឺហាក់បីដូចជាធ្វើឱ្យកូន លោកអ្នកខ្ជិល ខ្ជីខ្ជារ ភ្លេចការហាត់ប្រាណ ភ្លេចការសិក្សា។ ដូចនេះត្រូវតែបែងចែកពេលវេលាឱ្យពួកគេឱ្យបានច្បាស់លាស់។ ឧទាហរណ៍ ប្រសិនបើក្នុងករណីកូនៗរបស់លោកអ្នកធ្វើការងារផ្សេងៗ ឬក៏ការងារ សាលារបស់ពួកគេបានរួចរាល់ហើយ ចាំឱ្យគាត់មើលទូរទស្សន៍ ឬអាចប្រើប្រាស់ឧបករណ៍ទាំងនោះ ហើយលោកអ្នកត្រូវធ្វើវាជាប្រចាំ លើកលែងតែថ្ងៃសម្រាករបស់ពួកគេ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង