បើចង់ឱ្យមានសុខភាពល្អ មិនងាយឈឺ គួរធ្វើរឿងទាំង៥យ៉ាងនេះជារៀងរាល់ថ្ងៃ

បើចង់ឱ្យមានសុខភាពល្អ មិនងាយឈឺ គួរធ្វើរឿងទាំង៥យ៉ាងនេះជារៀងរាល់ថ្ងៃ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “បើចង់ឱ្យមានសុខភាពល្អ មិនងាយឈឺ គួរធ្វើរឿងទាំង៥យ៉ាងនេះជារៀងរាល់ថ្ងៃ”
អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារឹទ្ធ
#MJQE#AmericanInterconSchool

ការថែទាំសុខភាព គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ និងមិនងាយឈឺ។ បន្ថែមពីលើនេះដែរ ការថែទាំសុខភាពមិនមែនធ្វើឡើងតែនៅពេលដែលយើងឈឺ ឬកំពុងតែសម្រាកព្យាបាលនោះទេ តែផ្ទុកទៅវិញយើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះជាដំបូន្មាន៥យ៉ាង ដែលងាយស្រួលធ្វើក្នុងការថែទាំសុខភាពប្រចាំថ្ងៃ៖

១. របបអាហារ : សូមទទួលទានអាហារ ៣ពេល (ព្រឹក ថ្ងៃ និងល្ងាច) ឱ្យបានទៀងទាត់ និងអាហារត្រូវមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទើបអាចជួយទ្រទ្រង់ និងបង្កើនថាមពលដល់រាងកាយ។ ជាពិសេសនោះ សូមទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ព្រោះវាជួយបង្កើនថាមពលដល់រាងកាយដើម្បីបំពេញសកម្មភាពពេញមួយថ្ងៃ និងជំនួយដល់ខួរក្បាលឱ្យមានភាពវ័យឆ្លាត និងចងចាំបានល្អ ព្រមទាំងជួយកាត់បន្ថយហានិភ័យជំងឺភ្លេចភ្លាំងនៅពេលចាសជរាផងដែរ។

២. ការផឹកទឹក : សូមផឹកទឹកឱ្យបានគ្រប់៨កែវ ឬស្មើនឹង២លីត្រក្នុងមួយថ្ងៃ។ ជាតិទឹក គឺជាសារធាតុរាវចាំបាច់ដែលជួយទ្រទ្រង់សរីរាង្គរាងកាយទាំងមូល ព្រមទាំងជួយកម្ចាត់ជាតិពុលចេញពីរាងកាយ បង្កើនសំណើមដល់ស្បែក ជំនួយដល់ចរន្តឈាមរត់ទៅកាន់ខួរក្បាល ធ្វើឱ្យរាងកាយស្រូបយកជីវជាតិបានល្អពីអាហារដែលយើងទទួលទាន និងរក្សាតុល្យភាពនៃប្រព័ន្ធទឹករងៃដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាព និងចូលរួមក្នុងការប្រឆាំងជំងឺផ្សេងៗ។ បន្ថែមពីលើនេះដែរ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺអាចជួយដុតជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ សូមបញ្ជាក់ថា ក្នុងករណីដែលអ្នកពុំទម្លាប់ផឹកទឹកច្រើនក្នុងមួយថ្ងៃ សូមព្យាយាមផឹកម្ដងបន្តិចៗរហូតគ្រប់៨កែវក្នុងមួយថ្ងៃ ដោយមិនចាំបាច់ផឹកបង្ខំឡើយ។

៣. ការហាត់ប្រាណ : សូមធ្វើលំហាត់ប្រាណឱ្យបានពី១៥នាទី ទៅ៣០នាទី ឬ១ម៉ោងក្នុងមួយថ្ងៃ ដើម្បីបញ្ចេញជាតិពុលតាមរយៈញើស និងជួយធ្វើឱ្យរាងកាយ និងសាច់ដុំរឹងមាំ ព្រមទាំងធ្វើឱ្យរាងកាយមានភាពសកម្មរហ័សរហួនផងដែរ។ លោកអ្នកអាចជ្រើសរើសយកការធ្វើលំហាត់ប្រាណងាយៗដូចជា ដើរយឺតៗ ឬដើរលឿន (ការដើរលឿនដុតខ្លាញ់បានច្រើនជាការដើរយឺត) ឬអាចឆ្លៀតធ្វើការហាត់ប្រាណដោយខ្លួនឯង ឬអាចជ្រើសរើសការហែលទឹក ឬធ្វើលំហាត់ប្រាណនៅតាមក្លិបហាត់ប្រាណជាដើម។

៤. បន្ថយ និងកម្ចាត់ភាពតានតឹង (ស្រ្តេស) : ជារៀងរាល់ថ្ងៃយើងបានចំណាយថាមពលរាងកាយ និងថាមពលខួរក្បាលទៅលើការសិក្សា ឬការងារ ដែលជាបុព្វហេតុធ្វើឱ្យយើងគ្រប់គ្នាមានភាពតានតឹងក្នុងអារម្មណ៍ (ស្រ្តេស) ដោយសារតែភាពនឿយហត់។ ភាពនឿយហត់ និងភាពតានតឹងក្នុងអារម្មណ៍បានជះឥទ្ធិពលអាក្រក់ទៅលើសុខភាពផ្លូវចិត្តរបស់យើង និងរឹតតែអាក្រក់ចំពោះអ្នកដែលមានជំងឺ (ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍កាន់តែធុញថប់ បណ្ដាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរ)។ ដូច្នេះអ្នកគួរតែរកវិធី ឬមធ្យោបាយណាមួយបន្ថយ និងកម្ចាត់ភាពតានតឹងចេញពីអារម្មណ៍ ដើម្បីធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាធូរស្រាល និងអារម្មណ៍ល្អឡើងវិញ។ អារម្មណ៍ល្អ គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពផ្លូវចិត្ត។

៥. ពិនិត្យសុខភាព : ការតាមដាន និងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងតាមពេលកំណត់ គឺអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើង និងអាចរកវិធីបង្ការខ្លួនឯងពីជំងឺ និងអាចព្យាបាលជំងឺបានទាន់ពេលវេលា។ សូមកុំស្ដាយថវិកាដែលចំណាយទៅលើការពិនិត្យសុខភាព ព្រោះថាបើអ្នកឈឺវិញនោះ អ្នកនឹងត្រូវចំណាយថវិកាច្រើនជាងនេះទៅទៀតដើម្បីព្យាបាលជំងឺ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖https://sokhakrom.com/kh/healthtip/detail/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង