
05 ៩ បណ្ណាល័យ ម៉េងលី ជេ. គួច ចុះហត្ថលេខាជាមួយអង្គការស៊ីប៉ា ក្រោមគម្រោង…
នាព្រឹកថ្ងៃចន្ទ ទី៤កញ្ញា នេះ បណ្ណាល័យ ម៉េងលី ជេ. គួច បានចុះហត្ថលេខាជាមួយអង្គការស៊ីប៉ា ក្រោមគម្រោង “យុទ្ធនាការសប្ដាហ៍អំណាន” ក្នុងគោលបំណងសហការគ្នាចូលរួមលើកស្ទួយវិស័យអំណានជាតិ ក៏ដូចជាបណ្ដុះសិស្សានុសិស្ស និងកុមារឱ្យមានទម្លាប់អានសៀវភៅ។
គួរជម្រាបជូនថា សេចក្ដីព្រមព្រៀងក្នុងការចុះហត្ថលេខានោះ គឺបណ្ណាល័យ ម៉េងលី ជេ. គួច និងអង្គការស៊ីប៉ា នឹងសហការគ្នាលើ២ចំណុច។ ក្នុងនោះទី១ អង្គការស៊ីប៉ា នឹងបញ្ជូនបុគ្គលិកចូលរួមសកម្មភាព “យុទ្ធនាការសប្ដាហ៍អំណាន” ជាមួយបណ្ណាល័យចល័ត ម៉េងលី ជេ. គួច រៀងរាល់១ខែម្ដង។ យុទ្ធនាការនេះ នឹងនាំមកជូនកុមារ និងសិស្សានុសិស្សដូចជា កម្មវិធីអំណានសេរី ការនិទានរឿង លេងល្បែងអប់រំ សរសេររឿងអប់រំ និងការសម្ដែងរឿងអប់រំជាដើម។ ទី២ អង្គការស៊ីប៉ា នឹងយកសៀវភៅពុម្ពសម្រាប់កុមារគ្រប់ប្រភេទ មកដាក់លក់ក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច ដោយបញ្ចុះតម្លៃរហូតដល់១០ភាគរយនៃតម្លៃលក់លើទីផ្សារ និងតាមបណ្ណាគារផ្សេងៗ។ នេះជាការឱ្យដឹងពីកញ្ញា ហួត សុជាតា អ្នកគ្រប់គ្រងកម្មវិធីបោះពុម្ពអង្គការស៊ីប៉ា។
ជុំវិញពិធីចុះហត្ថលេខានេះ កញ្ញា ស៊ូ សុជាតា ប្រធានបណ្ណាល័យ ម៉េងលី ជេ. គួច ថ្លែងប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា បានជាបណ្ណាល័យ ម៉េងលី ជេ. គួច និងអង្គការស៊ីប៉ា ចុះហត្ថលេខាកិច្ចព្រមព្រៀងសហការគ្នា គឺដោយសារបណ្ណាល័យនិងអង្គការទាំងពីរនេះ ឈរលើចក្ខុវិស័យស្របគ្នា ពោលគឺចង់បណ្ដុះកុមារនិងសិស្សានុសិស្សឱ្យមានទម្លាប់អានសៀវភៅ ឱ្យស្រឡាញ់សៀវភៅ ម្យ៉ាងមានគំនិតចូលរួមលើកស្ទួយវិស័យអំណានជាតិដូចគ្នា ពិសេសរាល់សកម្មភាពទាំងឡាយរបស់ស្ថាប័នពីរនេះគឺគ្មានការគិតប្រាក់កម្រៃឡើយ។
សូមជម្រាបជូនថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ក្រោមវត្តមានកញ្ញា ស៊ូ សុជាតា ប្រធានបណ្ណាល័យ ម៉េងលី ជេ. គួច, លោក ច័ន្ទ រស្មី ប្រធានផ្នែកលក់នៃក្រុមហ៊ុន ម៉េងលី ជេ. គួច គ្រុប, កញ្ញា ហួត សុជាតា អ្នកគ្រប់គ្រងកម្មវិធីបោះពុម្ពអង្គការស៊ីប៉ា និងលោក ហាក់ លីហៃ អ្នកសម្របសម្រួលផ្នែកលក់និងទីផ្សារនៃអង្គការស៊ីប៉ា៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
No Comments