បដិសណ្ឋារកិច្ចល្អរបស់ការិយាល័យរដ្ឋបាល

បដិសណ្ឋារកិច្ចល្អរបស់ការិយាល័យរដ្ឋបាល

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “បដិសណ្ឋារកិច្ចល្អរបស់ការិយាល័យរដ្ឋបាល”
អត្ថបទដកស្រង់ដោយ : សួស ស៊ុនឌី
#MJQE#AmericanInterconSchool

ការធ្វើបដិសណ្ឋារកិច្ចរបស់បុគ្គលិកការិយាល័យរដ្ឋបាលជាមួយអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន លើការស្នើសុំធ្វើលិខិតបញ្ជាក់ការសិក្សា និងសេវាផ្សេងៗក្នុងគោលបំណង៖
– បង្កើនទំនុកចិត្ត ទំនាក់ទំនងល្អរវាងរដ្ឋបាល និងអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន
– បង្កើនការចូលរួមរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សក្នុងការស្នើសុំសេវាតាមការិយាល័យរដ្ឋបាល
– ផ្លាស់ប្តូរឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវា
– ទទួលបានយោបល់ត្រលប់ពីអ្នកស្នើសុំសេវាលើសេវាកម្មរបស់ការិយាល័យរដ្ឋបាល។

អ្វីទៅជាបដិសណ្ឋារកិច្ច?
បដិសណ្ឋារកិច្ច គឺជាអាកប្បកិរិយានៃការទទួលស្វាគមន៍អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជនដោយប្រើកាយវិការ ទឹកមុខ និងពាក្យសំដីទន់ភ្លន់ រួសរាយរាក់ទាក់ប្រកបដោយសីលធម៌ សុជីវធម៌ និងផ្តល់សេវាកម្មប្រកបដោយ គុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតមតាមត្រូវការជាក់ស្តែងរបស់អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន។

លទ្ធផលនៃការធ្វើបដិសណ្ឋារកិច្ចល្អ៖
– ការសរសើរ កេរ្តិ៍ឈ្មោះល្បី
– ការគាំទ្រ ការពេញចិត្ត និងការចូលរួម
– អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជនបន្តមកទទួលសេវាកាន់តែច្រើន
– ទទួលបានចំណូលកាន់តែច្រើន។

លទ្ធផលនៃការធ្វើបដិសណ្ឋារកិច្ចមិនល្អ៖
– ការត្អូញត្អែរ មិនពេញចិត្ត
– ការផ្សព្វផ្សាយមិនល្អ
– អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន បាត់ជំនឿ ឈប់មកទទួលសេវា
– បុគ្គលិករដ្ឋបាលឃ្លាតឆ្ងាយពីអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន។

របៀបនៃការធ្វើបដិសណ្ឋារកិច្ចរបស់ការិយាល័យរដ្ឋបាល៖
ការរៀបទីកន្លែង និងបង្កភាពងាយស្រួលដល់អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន
– កន្លែងផ្តល់សេវាកម្មមានអនាម័យ មានផាសុកភាព និងសោភ័ណភាព
– មានកន្លែងអង្គុយរងចាំដែលមានផាសុកភាព
– មានផ្លាកសញ្ញា និងអ្នកង្ហាញទីតាំងច្បាស់លាស់
– កន្លែងសម្រាប់ផ្តល់ព័ត៌មាន និងឃ្យូអកូដ (QR Code) សម្រាប់ការមិនពេញចិត្ត ឬការត្អូញត្អែររបស់អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន។

លក្ខណសម្បត្តិ និងឥរិយាបថរបស់បុគ្គលិក
ក. សមត្ថភាពក្នុងការបំពេញការងារ
– ត្រូវមានចំណេះដឹងលើកិច្ចការបស់ខ្លួន មានបទពិសោធក្នុងការងារ និងមានភាពស្មោះត្រង់
– បំពេញការងារដោយមានការទទួលខុសត្រូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ
– ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព
– គោរពពេលវេលា និងក្រមសីលធម៌វិជា្ជជីវៈ។
ខ. ឥរិយាបថរបស់បុគ្គលិក
ការរៀបចំរាងកាយ និងសម្លៀកបំពាក់៖ រូបរាងកាយ និងសម្លៀកបំពាក់ គឺជាចំណុចចាប់អារម្មណ៍ និងទាក់ទាញពីអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន។ ហេតុដូច្នេះយើងគួររៀបចំរាងកាយឱ្យបានសមសួន និងសម្លៀកបំពាក់ឱ្យបានសមរម្យ។
ការញញឹម៖ បង្ហាញការយកចិត្តទុកដាក់ ការចាប់អារម្មណ៍ ភាពរស់រាយ និងទំនាក់ទំនងល្អចំពោះអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន។
ការជម្រាបសួរ៖ គឺជាសុជីវធម៌របស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែជម្រាបសួរដោយធ្វើការសំពះ និងនិយាយពាក្យថា “ខ្ញុំ ឬនាងខ្ញុំសូមជម្រាបសួរ” នៅរាល់ពេលដែលយើងបានជួបគ្នា។

ការជម្រាបសួរអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន មានន័យថា៖
– បុគ្គលិករដ្ឋបាលយកចិត្តទុកដាក់ចំពោះអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន
– អ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន ទទួលបាននូវការគោរព។
ការប្រើប្រាស់ក្រសែភ្នែក៖ មើលមុខអ្នកអាណាព្យាបាល សិស្សានុសិស្ស និងអតិថិជន ដោយភាពស្និទស្នាល រាក់ទាក់ និងស្វាគមន៍ក្នុងរយៈពេល៥វិនាទីមុននឹងងាកមុខចេញ និងរក្សាក្រសែភ្នែកឱ្យមានលំនឹង ឬមិនក្រឡឺតក្រឡាប់ពេលសន្ទនា។ ចៀសវាងការសម្លឹងផ្តោតមើលមុខគាត់យូរពេក និងព្រិចភ្នែកយូរពេកក្នុងពេលនិយាយ ឬសន្ទនា។
ការរៀបចំកាយវិការ និងទឹកមុខ៖ កាយវិការ និងទឹកមុខ គឺជាសញ្ញាដ៏សំខាន់ក្នុងការធ្វើបដិសណ្ឋារកិច្ច និងក្នុងការទំនាក់ទំនងរាល់កិច្ចការងារផ្សេងៗ។ ការរៀបចំកាយវិការ និងទឹកមុខឱ្យបានសមសួន ចៀសវៀងកាយវិការអវិជ្ជមានពេលសន្ទនាដូចជា ច្រត់ចង្កេះ គងអន្ទាក់ខ្លា អង្រួនជើង កេះនេះកេះនោះ មិននៅស្ងៀម ធ្វើមុខក្រញ៉ូវ ឬក្រេវក្រោធ។ល។

ការផ្តល់សេវាកម្មរហ័ស និងឆ្លើយតបតាមតម្រូវការ៖
o ផ្តល់សេវាតាមគោលការណ៍កំណត់
o ផ្តល់សេវាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងច្បាស់លាស់
o បង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មាន
o បង្កើតឱ្យមានយន្តការពិនិត្យ និងកែលំអ និងធ្វើបច្ចុប្បន្នភាពលើដំណើរការ លក្ខខណ្ឌ និងនិតិវិធីនៃការផ្តល់សេវា៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង