ទំនៀមទម្លាប់នៃពិធីមង្គលការរបស់ជនជាតិភាគតិចព្នង

ទំនៀមទម្លាប់នៃពិធីមង្គលការរបស់ជនជាតិភាគតិចព្នង

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ទំនៀមទម្លាប់នៃពិធីមង្គលការរបស់ជនជាតិភាគតិចព្នង”
អត្ថបទដកស្រង់ដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

ការរៀបចំអាពាហ៍ពិពាហ៍ជាទំនៀមទម្លាប់សំខាន់មួយសម្រាប់ជនជាតិផ្សេងៗនៅលើពិភពលោក។ ពិធីនេះត្រូវបានប្រារព្ធដោយមានលក្ខណៈ ឬបែបបទខុសៗគ្នាទៅតាមតំបន់ ជនជាតិ ប្រពៃណី និងវប្បធម៌នៃប្រទេសនីមួយៗ។ ខាងក្រោមនេះជាទំនៀមទម្លាប់ ឬប្រវត្តិនៃរបៀបរៀបមង្គលការរបស់ជនជាតិភាគតិច (ព្នង)។ តើពិធីនេះមានលក្ខណៈយ៉ាងដូចម្តេច?

ពិធីរៀបការរបស់ជនជាតិព្នងដំណើរការទៅបាន លុះត្រាតែឪពុកម្តាយខាងប្រុសមានអាយុច្រើនជាងឪពុកម្តាយខាងស្រីទើបពិធីមង្គលការអាចរៀបចំទៅបាន។ ចំពោះវប្បធម៌របស់ជនជាតិភាគតិច គឺកូនៗ មានសិទ្ធិសម្រេចដោយខ្លួនឯង។ ប្រសិនបើឪពុកម្តាយរបស់ពួកគេបង្ខំកូនឱ្យរៀបការទាំងពួកគេមិនព្រមនោះ ពួកគាត់នឹងត្រូវមេកុលសម្ព័ន្ធរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ពួកគាត់។ ចំពោះពិធីរៀបការជនជាតិភាគតិចមិនត្រូវបានលួចធ្វើឡើងដោយស្ងាត់ៗនោះទេ គឺគ្រួសារទាំងសងខាងត្រូវស្គាល់គ្នារយៈពេលយ៉ាងហោចក៏ជិត២ឆ្នាំសិនដែរ ទើបអនុញ្ញាតឱ្យនាំចាស់ទុំចូលទៅចែចូវ។

ពិធីចែចូវ និងស្តីដណ្តឹង : ពិធីចែចូវរបស់ជនជាតិភាគតិច គឺតម្រូវឱ្យមានស្ត្រីវ័យចំណាស់ម្នាក់ចូលទៅសាកសួរសុំការអនុញ្ញាតពីគ្រួសារខាងស្រី ដោយនាំយកទៅជាមួយនូវស្រាសមួយលីត្រ។ បន្ទាប់ពីធ្វើការចែចូវ ព្រមទាំងមានការយល់ព្រមគ្នាហើយនោះ ពួកគេនឹងចាប់ផ្តើមពិធីចូលស្តីដណ្តឹង។ ពិធីនេះ តម្រូវឱ្យសាមីខ្លួនខាងប្រុសនាំយកនូវគ្រាប់អង្កាំ ខ្សែកទំហ៊ូ សម្លៀកបំពាក់ល្អៗ ក្រាស់ កញ្ចក់ និងក្រមាផងដែរ ។ ចំណែកឪពុកម្តាយខាងប្រុសត្រូវនាំមកជាមួយនូវមេជ្រូកមួយក្បាល ក្រឡ លំពែង កូនកាំបិត និងស្រាបីឪទឹន។ រាល់បណ្ណាការទាំងនោះត្រូវមេកុលសម្ព័ន្ធយកទៅជូនខាងស្រីជួសមុខឱ្យខាងប្រុស។

ពិធីរៀបមង្គលការ : ការរៀបការរបស់ជនជាតិភាគតិច គឺមិនបាច់រកថ្ងៃខែឆ្នាំល្អនោះទេ សំខាន់ឱ្យតែពិភាក្សាត្រូវគ្នា នោះគេនឹងរៀបចំការភ្លាមតែម្តង។ ពិធីមង្គលនេះមានរយៈពេលពី៣ ទៅ៤ថ្ងៃ។ នៅថ្ងៃដំបូង មានការរៀបចំពិធីចូលរោងដោយរៀបគ្រឿងរណ្តាប់ដើម្បីសែនព្រេនដល់ជីដូនជីតា។

នៅពីមុខផ្ទះពួកគេមានដាំដើមរកាមួយដើម ទុកសម្រាប់ចងគោក្របី មាន់ និងជ្រូក។ ល្ងាចនោះភ្ញៀវនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ ហើយពិភាក្សារឿងពិធីថ្ងៃស្អែក។ នៅថ្ងៃបន្ទាប់ មុនដំបូងគេត្រូវសម្លាប់សត្វទាំងអស់នោះដើម្បីយកទៅចងនៅនឹងគល់ដើមរកា។ នៅពេលព្រឹកភ្ញៀវនឹងមកដល់ជាបណ្តើរៗ កូន កំលោះ កូនក្រមុំត្រូវឈរនៅរង់ចាំទទួលស្វាគមន៍ភ្ញៀវ។ អ្វីដែលចម្លែកនោះ គឺនៅពេលដែលភ្ញៀវមកដល់ គូស្វាមីភរិយាត្រូវស្តោះទឹកមាត់ចូលទៅក្នុងត្រឡោកដូង ដែលមានដាក់ឈាមសត្វដែលត្រូវបានសម្លាប់នោះ ហើយពួកគេត្រូវយកត្រឡោកដូងនោះទៅខោកក្បាលភ្ញៀវដែលចូលមកគ្រប់ៗគ្នា។ នេះមិនមែនជាការមើលងាយទៅដល់ភ្ញៀវរបស់ពួកគេនោះទេ តែវាជានិមិត្តសញ្ញានៃអំណោយ និងការជូនពរដល់ភ្ញៀវ ចំណែកពួកគេក៏មិនត្រូវការអ្វីពីភ្ញៀវទាំងនោះដែរ។

នៅថ្ងៃទីបីជាការរៀបចំពិធីបិតស្រា ដែលពិធីនេះគឺកូនកំលោះក្រមុំ លោកមេបាទាំងសងខាង និងមេកន្ទ្រាញអង្គុយក្រឡឹងជុំវិញថាសដាក់សាច់ និងស្រាមួយឪទឹនដើម្បីប្រសិទ្ធិពរដល់សាមីខ្លួនកូនប្រុសស្រីទាំងពីរ។ ក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ពីរបីថ្ងៃរួចមក ស្វាមីត្រូវនាំភរិយារបស់គេទៅលេងផ្ទះឪពុកម្តាយ ដើម្បីឱ្យស្គាល់សាច់ញាតិ។ បន្ទាប់ពីត្រឡប់មកវិញ កូនកំលោះត្រូវរស់នៅផ្ទះខាងស្រីរហូតអស់មួយជីវិត ដោយមិនអាចទៅលេងផ្ទះរបស់ខ្លួនទៀតបានឡើយ លុះត្រាតែឪពុកម្តាយខ្លួនមានជំងឺ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.postkhmer.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង