ទីតាំងជិះខ្សែរ៉ក៣កន្លែង ស្ថិតនៅតំបន់សមុទ្រដែលមានភាពទាក់ទាញ

ទីតាំងជិះខ្សែរ៉ក៣កន្លែង ស្ថិតនៅតំបន់សមុទ្រដែលមានភាពទាក់ទាញ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ទីតាំងជិះខ្សែរ៉ក៣កន្លែង ស្ថិតនៅតំបន់សមុទ្រដែលមានភាពទាក់ទាញ”
អត្ថបទដកស្រង់ដោយ : លីម រតនៈ
#MJQE#AmericanInterconSchool

តំបន់សមុទ្រស្ថិតនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពត មានកន្លែងកម្សាន្តជិះខ្សែរ៉កចំនួន៣កន្លែងដែលទាក់ទាញភ្ញៀវច្រើនទៅកម្សាន្ត ក្រៅពីទៅលេងទឹកសមុទ្រ។ ថ្ងៃនេះខ្ញុំសូមណែនាំទីតាំង៣កន្លែងសម្រាប់អ្នកចូលចិត្តជិះខ្សែរ៉កកម្សាន្តដូចខាងក្រោម៖

១. ជិះខ្សែរ៉កនៅកោះរ៉ុង ខេត្តព្រះសីហនុ :
ក្រៅពីការកម្សាន្តតាមឆ្នេរដែលមានខ្សាច់សវែងអន្លាយទាក់ចិត្តភ្ញៀវទេសចរគ្រប់គ្នា ការជិះខ្សែរ៉កដ៏រំភើបកាត់ព្រៃ នឹងនាំបទពិសោធដ៏ព្រឺព្រួចសម្រាប់ភ្ញៀវទេសចរទាំងឡាយមកកម្សាន្តកោះរ៉ុង ជាពិសេសបាន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃកោះឋានសួគ៌យ៉ាងច្បាស់លើកំពូលភ្នំ។

២. ជិះខ្សែរ៉កនៅក្បែរឆ្នេរអូរត្រេះ-ពយម៉ាចូវ ខេត្តព្រះសីហនុ :
ល្បែងផ្សងព្រេងមួយកន្លែងទៀត កំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្ត នោះគឺកន្លែងដើរលើខ្សែពួរ និងជិះខ្សែរ៉កពីដើមឈើមួយទៅដើមឈើមួយ ដែលលោកអ្នកចំណាយពេលប្រហែល១៣នាទី ជិះពីវត្តអូរត្រេះ មកដល់កន្លែងកម្សាន្តមួយនេះ។ កន្លែងកម្សាន្តមួយនេះមានឈ្មោះថា «ល្អផាក» ស្ថិតនៅក្បែរឆ្នេរអូរត្រេះ-ពយម៉ាចូវ ខេត្តព្រះសីហនុ ដែលទើបបង្កើតឡើង អំឡុងខែឧសភា ឆ្នាំ២០១៧ ហើយកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅលេងកម្សាន្ត។

៣. ជិះខ្សែរ៉ក ឆ្លងព្រែកកំពតនៅ River Park :
មានអ្នកទេសចរជាច្រើនប្រហែលជាធ្លាប់ជិះខ្សែរ៉ករួចមកហើយ តែប្រហែលជារ៉កដែលនៅលើគោក តែសម្រាប់រ៉កដែលបង្កើតនៅឧទ្យានដងទន្លេ គឺជាខ្សែរ៉កឆ្លងកាត់ព្រែកកំពត ដែលមានទឹកនៅពីក្រោម គួរឱ្យស្ញើបទៅវិញ។ តើអ្នកទាំងអស់គ្នាហ៊ានជិះទេ?
River Park ឬឧទ្យានដងទន្លេ បានបង្កើតឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ ឧទ្យាននេះមានទីតាំងនៅភូមិបាត់ដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណជា៩គីឡូម៉ែត្រពីក្រុងកំពត។ អ្នកទេសចរអាចទៅដល់ឧទ្យាននេះបានដោយចេញពីក្រុងកំពត បត់ទៅទិសខាងជើងតាមផ្លូវទៅរមណីយដ្ឋានទឹកឈូ (៧គីឡូម៉ែត្រ) រហូតដល់ស្លាកមួយដែលដាក់ថា Green House (ចម្ងាយ១០០ម៉ែត្រពីខាងជើងខ្លោងទ្វារវត្តស្នំប្រាំពីរ) សូមចូលតាមផ្លូវដែលជាប់នឹងស្លាកនោះ ប្រមាណជា១គីឡូម៉ែត្រទៀតនឹងទៅដល់ឧទ្យានដងទន្លេនេះ។ ផ្លូវចូលទៅឧទ្យាននេះ គឺជាផ្លូវលំដីក្រហមតូចមួយ ដែលមិនអាចឱ្យរថយន្តចៀសគ្នាបានទេត្រង់កន្លែងខ្លះ ដែលមានលក្ខណៈរលាក់តិចៗ តែរថយន្តទាបៗ ក៏អាចចូលបានដែរ។ ខ្សែរ៉កដែលអាចនាំអ្នកទេសចរឆ្លងកាត់ព្រែកចម្ងាយ២០០ម៉ែត្រនេះ អាចទ្រាំទ្រទម្ងន់ដល់ទៅ១១០គីឡូក្រាម ដោយអ្នកទេសចរត្រូវឡើងតាមកាំជណ្ដើរធ្វើពីឫស្សីតាមបែបធម្មជាតិ ពិតៗព័ទ្ធជុំវិញដើមឈើដល់កម្ពស់ជាង១០ម៉ែត្រ។ ចំពោះតម្លៃនៃការជិះរ៉កនេះ លោកអ្នកត្រូវចំណាយប្រាក់ចំនួន៥ដុល្លារ ដែលរួមបញ្ជូលទាំងការត្រឡប់មកវិញដោយទូកផងដែរ។ ម្យ៉ាងទៀតខាងឧទ្យានមានកាមេរ៉ាភ្ជាប់ជាមួយនឹងមួយសុវត្ថិភាព ចំពោះភ្ញៀវទេសចរដែលចង់ថតវីដេអូពេលជិះខ្សែរ៉កត្រូវចំណាយប្រាក់៥ដុល្លារបន្ថែមទៀត។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង