ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព”
អត្ថបទដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool

មនុស្សគ្រប់គ្នាធ្លាប់បានដឹងរួចមកហើយពីផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលនៃពន្លឺព្រះអាទិត្យ ដែលអាចធ្វើឱ្យមនុស្សមានជំងឺមហារីកស្បែក ឬបង្កឱ្យស្បែកស្រអាប់ នៅពេលពន្លឺនៃព្រះអាទិត្យប៉ះពាល់ដល់រាងកាយច្រើនពេក។ ប៉ុន្តែ ប្រសិនបើមនុស្សស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ នោះវានឹងជួយឱ្យមនុស្សមានអារម្មណ៍ល្អ បង្កើនវីតាមីនដេ (D) ជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយសម្ពាធឈាមជាដើម ។ នេះបើតាមការចុះផ្សាយរបស់ Tri-City Medical Center ស្តីពីអត្ថប្រយោជន៍នៃការស្រូបយកពន្លឺព្រះអាទិត្យដែលអាចជួយទៅដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកបាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍០៥យ៉ាង ដែលបានមកពីពន្លឺព្រះអាទិត្យ៖

១. បង្កើនវីតាមីន D : វីតាមីន D មានមុខងារសំខាន់ៗមួយចំនួននៅក្នុងរាងកាយរបស់មនុស្ស។ វាជួយបន្ថយការរលាក និងកែប្រែការលូតលាស់កោសិកាបានល្អ។ ព្រះអាទិត្យជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D បើអ្នកចំណាយពេលត្រឹមតែ៥ ទៅ១៥នាទី ស្រូបយកពន្លឺព្រះអាទិត្យពីរ ទៅបីដងក្នុងមួយ
សប្តាហ៍នោះ អ្នកនឹងកត់សម្គាល់ពីភាពខុសគ្នា។ អ្នកគួរចេញទៅខាងក្រៅ ដើម្បីស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់នៅលើដៃ និងមុខរបស់អ្នក នោះនឹងទទួលបានវីតាមីនចាំបាច់មួយនេះ។ គ្រាន់តែចាំថាត្រូវប្រើឡេការពារកម្តៅថ្ងៃ ប្រសិនបើអ្នកនៅខាងក្រៅលើសពី១៥នាទី។

២. អារម្មណ៍ប្រសើរឡើង : វានឹងធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្ត និងរីករាយកាន់តែច្រើន។ ការស្រាវជ្រាវរបស់ BYU បានរកឃើញថា មនុស្សមានបញ្ហាសុខភាពផ្លូវចិត្តមានច្រើន ចំពោះមនុស្សដែលទទួលពន្លឺព្រះអាទិត្យតិចតួចបំផុត។ ផ្ទុយទៅវិញ មនុស្សដែលតែងតែប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យក្នុងកម្រិតត្រឹមត្រូវអាចជួយឱ្យសុខភាពផ្លូវចិត្តពួកគេមានភាពល្អប្រសើរច្រើន។

៣. ពន្លឺព្រះអាទិត្យជួយឱ្យមនុស្សគេងលង់លក់ស្រួល : សារធាតុ Serotonin ដែលអ្នកស្រូបពីកាំរស្មីព្រះអាទិត្យបានបង្កើនអារម្មណ៍របស់អ្នក ហើយវាក៏អាចជួយអ្នកឱ្យសម្រាកបានច្រើននៅពេលយប់។ ការធ្វើការរួមគ្នាជាមួយនឹងសារធាតុ Serotonin និងសារធាតុ Melatonin ជាសារធាតុគីមីនៅក្នុងខួរក្បាល ហើយនឹងធ្វើឱ្យអ្នកគេងលក់បានយូរ។

៤. ឆ្អឹងរឹងមាំ : អត្ថប្រយោជន៍ជាក់លាក់បំផុតមួយនៃវីតាមីន D គឺធ្វើឱ្យឆ្អឹង និងធ្មេញរឹងមាំ។ ហេតុនេះ
អ្នកត្រូវស្រូបយកកាំរស្មីព្រះអាទិត្យក្នុងកម្រិតសមស្របដើម្បីបង្កើនវីតាមីន D ជួយឆ្អឹងរបស់អ្នកឱ្យកាន់ តែរឹងមាំឡើង។ លើសពីនេះ ការទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏ជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមបានល្អផងដែរ។

៥. រក្សាសម្ពាធឈាមល្អ : នៅពេលដែលពន្លឺព្រះអាទិត្យប៉ះស្បែក និងរាងកាយរបស់អ្នក វានឹងបញ្ចេញសារធាតុម្យ៉ាងហៅថា nitric oxide ចូលទៅក្នុងឈាមរបស់អ្នក។ សមាសធាតុនេះនឹងកាត់បន្ថយសម្ពាធឈាម នឹងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ ការរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មួយវិញទៀត អារម្មណ៍ល្អនៃការសម្រាកបានគ្រប់គ្រាន់ ក៏អាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដោយធម្មជាតិបានផងដែរ។ ដូច្នេះ ការបង្កើនសុភមង្គលរបស់អ្នកដោយការស្រូបកាំរស្មី ក៏ជួយក្នុងការរក្សាសម្ពាធឈាមរបស់អ្នកបានដូចគ្នា។

សរុបជារួមមក ព្រះអាទិត្យអាចជាមិត្តដ៏ល្អបំផុតរបស់រាងកាយមនុស្ស បើសិនជាអ្នកស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ វាមិនត្រឹមតែជួយបង្កើនអារម្មណ៍ល្អ តែក៏ជាផ្នែកមួយដ៏មានប្រសិទ្ធភាពនៃការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្តផងដែរ ហើយកាំរស្មីព្រះអាទិត្យមានអត្ថប្រយោជន៍សំខាន់សម្រាប់សុខុមាលភាពរាងកាយរបស់មនុស្សគ្រប់គ្នា។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://education.ams.com.kh/life-education/news/getting-the-right-amount-of-sunlight-provides-many-health-benefits/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង