តំបន់ទេសចរណ៍ ៩កន្លែងលើពិភពលោកដែលគ្រោះថ្នាក់បំផុត មិនគួរប្រថុយជីវិតទៅលេង

តំបន់ទេសចរណ៍ ៩កន្លែងលើពិភពលោកដែលគ្រោះថ្នាក់បំផុត មិនគួរប្រថុយជីវិតទៅលេង

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “តំបន់ទេសចរណ៍ ៩កន្លែងលើពិភពលោកដែលគ្រោះថ្នាក់បំផុត មិនគួរប្រថុយជីវិតទៅលេង”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE#AmericanInterconSchool

ដំណើរកម្សាន្ត ពិតណាស់គឺជាចំណុចសំខាន់មួយក្នុងជីវិតមនុស្សម្នាក់ៗដែលមិនអាចខ្វះបាននាពេលបច្ចុប្បន្ននេះ។ មនុស្សជាច្រើនបានចាប់ផ្ដើមយល់ដឹងច្រើនអំពីអត្ថប្រយោជន៍នៃការចំណាយពេលដើរកម្សាន្ត និងតែងតែចំណាយពេលឆ្លៀតយ៉ាងហោចណាស់ឱ្យបានមួយដងក្នុងមួយខែ មិនថាទៅទីជិត ឬ ឆ្ងាយ ដើម្បីជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។

ទោះជាយ៉ាងណា កន្លែងកម្សាន្តមួយចំនួនមិនប្រាកដថា អាចជាកន្លែងដែលផ្ដល់ផាសុកភាព និងសុវត្ថិភាពដល់អ្នកទេសចរគ្រប់គ្នានោះទេ។ ជាក់ស្ដែង តំបន់ទេសចរណ៍ទាំង៩ខាងក្រោមនេះ គឺជាកន្លែងដ៏គ្រោះថ្នាក់បំផុត ដែលគ្រប់គ្នាមិនគួរប្រថុយជីវិតទៅលេងនោះឡើយ៖

១. វាលខ្សាច់ Danakil ប្រទេស Eritrea :
តំបន់វាលខ្សាច់នេះ ជាធម្មតាមានអាកាសធាតុក្ដៅរហូតដល់៥០អង្សាសេ និងសម្បូរដោយភ្នំភ្លើងសកម្ម មានពពួកថ្លុកទឹកពុះ ដែលបញ្ចេញឧស្ម័នពុលផ្សេងៗ។ និយាយជារួមតំបន់វាលខ្សាច់នេះ គឺមិនមែនជាជម្រើសល្អសម្រាប់ដំណើរកម្សាន្តនោះទេ។

២. ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី :
ភ្នំភ្លើងសកម្មមួយនេះមានទីតាំងលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ភ្នំភ្លើងនេះ គឺជាភ្នំភ្លើងមួយដែលឧស្សាហ៍ផ្ទុះជាងគេ ដែលពលរដ្ឋរស់នៅក្បែរនោះ ផ្ទះសម្បែងត្រូវគ្របដណ្ដប់ដោយផេះ ហើយជាញឹកញាប់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។

៣. ឧទ្យានជាតិ Madidi ប្រទេសបូលីវី :
ឧទ្យានជាតិមួយនេះ មានទិដ្ឋភាពស្រស់ស្អាតក៏ពិតមែន ប៉ុន្តែពពួករុក្ខជាតិនៅទីនោះ គឺគ្រោះថ្នាក់ បំផុត។ រុក្ខជាតិដែលដុះលូតលាស់ក្នុងឧទ្យានមួយនេះអាចបង្កជាបញ្ហាសុខភាពជាច្រើន ដូចជាបណ្តាលឱ្យកើតជាកន្ទួលរមាស់ និងវិលមុខជាដើម។ សូម្បីតែដាច់រលាត់បន្តិចបន្តួច ក៏អាចឆ្លងមេរោគប៉ារ៉ាស៊ីតដែរ។

៤. Death Valley សហរដ្ឋអាមេរិក :
Death Valley អាចនិយាយបានថា ជាតំបន់ដែលមានអាកាសធាតុក្ដៅបំផុតមួយលើពិភពលោក។ តំបន់វាលខ្សាច់មួយនេះ ធ្លាប់បំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងបំផុតរហូតដល់ ៥៦.៧អង្សាសេ។

៥. Mount Washington សហរដ្ឋអាមេរិក :
តំបន់ភ្នំទឹកកកមួយនេះ ក៏ចាត់ទុកជាតំបន់ដ៏គ្រោះថ្នាក់បំផុតមួយផងដែរ។ លើកំពូលភ្នំ Washington ធ្លាប់បំបែកកំណត់ត្រាពិភពលោក មានខ្យល់បោកបក់លឿនជាងគេបំផុតលើពិភពលោក។ ល្បឿនដែលខ្លាំងបំផុតនៅទីនោះ គឺ៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ងាកមកអាកាសធាតុវិញ នៅទីនោះគឺត្រជាក់ខ្លាំងរហូតដល់ -៤០អង្សាសេ។

៦. កោះពស់ Iha da Queimada Grande ប្រទេសប្រ៊េស៊ីល :
កោះដ៏គ្រោះថ្នាក់មួយនេះ ល្បីល្បាញបំផុតថាសម្បូរទៅដោយពពួកសត្វពស់ដែលមានពិសសាហាវៗបំផុត។ បើតាមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ត្រឹមរង្វង់ផ្ទៃដីមួយម៉ែត្រការ៉េ គឺមានពស់ប្រមាណជា ៥ក្បាលទៅហើយ ។

៧. Bikini Atoll កោះ Marshall :
បើក្រឡេកមួយភ្លែតឆ្នេរសមុទ្រនៃកោះមួយនេះ គឺស្រស់ស្អាត និងគួរជាទីទាក់ទាញបំផុត ប៉ុន្តែបញ្ហានោះគឺថាកោះមួយនេះបានប្រែក្លាយជាជម្រកនៃការធ្វើតេស្តនុយក្លេអ៊ែរ ដែលពោរពេញដោយសារធាតុវិទ្យុសកម្មគ្រប់កន្លែង។ សូម្បីតែពេលបច្ចុប្បន្ន កន្លែងមួយនេះនៅតែគ្រោះថ្នាក់ខ្លាំងដដែល។

៨. អាណាចក្រដំរី នៅឈុនបុរី ប្រទេសថៃ :
កន្លែងកម្សាន្តអាណាចក្រដំរី «Elephant Kingdom» ក្នុងប្រទេសថៃនេះ មានកសិដ្ឋានចិញ្ចឹមក្រពើមួយ ដែលម្ចាស់កសិដ្ឋានបានបង្កើតជាកញ្ចុះបណ្ដែតតូចៗ ដែលអាចដាក់ភ្ញៀវទេសចរអណ្ដែតលើផ្ទៃទឹក ផ្ដល់ចំណីដល់សត្វក្រពើដែលកំពុងហែលមកជុំវិញខ្លួនរបស់ពួកគេបាន។ មើលទៅដូចទាក់ទាញណាស់ ប៉ុន្តែស្រមៃថា បើកញ្ចុះនោះមានការបែកបាក់ ឬលិចជាយថាហេតុវិញនោះ ពិតជាស្រមៃហេតុការណ៍បន្ទាប់មិនចេញនោះទេ ។

៩. Erta ale, Afar Depression ប្រទេស អេត្យូពី :
កន្លែងនេះជាតំបន់ភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុត មានហេតុការណ៍រញ្ជួយដីតូចៗ តែងកើតមានឥតឈប់ឈរក្នុងតំបន់នោះ។ ហេតុការណ៍ទាំងនេះ កើតមានឡើងដោយសារតែភ្នំភ្លើង Erta Ale មានបឹងកម្អែលឡាវាចំនួន២ នៅចុងនៃមាត់ភ្នំភ្លើង។ និយាយជារួម កន្លែងនេះមិនមែនជាកន្លែងគួរមកកម្សាន្តនោះឡើយ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖https://www.popular.com.kh/social/348862.html/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង