តំបន់ទេសចរណ៍ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា

តំបន់ទេសចរណ៍ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “តំបន់ទេសចរណ៍ដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា”
អត្ថបទដោយ : ឥន សូហ្វីយ៉ា
#MJQE#AmericanInterconSchool

សួស្តីអ្នកទាំងអស់គ្នា! តើអ្នកគ្រប់គ្នាមានគម្រោងក្នុងការធ្វើដំណើរកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខនេះហើយឬនៅ? ប្រសិនបើមិនទាន់មានទេ យើងខ្ញុំសូមណែនាំកន្លែងមួយដែលមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជាយើង ទីនោះមិនត្រឹមតែជារមណីយដ្ឋានប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏ជាកន្លែងបួងសួងដ៏សក្តិសិទ្ធ ដែលប្រជាជនខ្មែរគោរពបូជាតាំងពីបុរាណកាលមក កន្លែងដែលខ្ញុំកំពុងរៀបរាប់នោះគឺ”ប្រាសាទព្រះវិហារ”។

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ និងមានចម្ងាយ១០៨ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះគឺ ជាតំបន់ប្រវត្តិសាស្រ្តមួយដែលមានឈ្មោះថា សេការីស្វារៈ ដែលមានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងកំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ឡើងក្នុង គ.ស១០៨០-១១០៩)។ ប្រាសាទនេះមានទំហំ ៨០០x៤០០ម៉ែត្រការ៉េ ស្ថិតនៅកំពូលភ្នំព្រះវិហារតែម្តងដែលមានកម្ពស់ ៦២៥ម៉ែត្រ នៅតាមជួរភ្នំដងរែក។

ប្រាសាទនេះមានច្រកចូលចំនួន៣៖
ទី១. ច្រកចូលតាមស្វាយជ្រុំ ដែលជាផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់ប្រាសាទកំពូលភ្នំដងរែកនៃប្រាសាទព្រះវិហារ។
ទី២. ច្រកចូលតាមផ្លូវគ១ ដែលជាផ្លូវបេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារតែម្តង។
ទី៣. ច្រកចូលតាមប្រទេសថៃ ដែលមានភ្ញៀវអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។

ប្រាសាទព្រះវិហារនេះ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលផ្តល់ភាពរីករាយ និងស្ញប់ស្ញែងអំពីទឹកដៃនៃបុព្វបុរសប៉ុណ្ណោះទេ វាថែមទាំងផ្តល់ឱ្យលោកអ្នកនូវអារម្មណ៍ស្រស់ថ្លាជាមួយនឹងខ្យល់ធម្មជាតិដ៏ត្រជាក់ និងអាចមើលពីផ្ទៃខេត្តព្រះវិហារបានថែមទៀតផង។ ថ្វីត្បិតតែពេលខ្លះមានភ្លៀងធ្លាក់ក៏ពិតមែនប៉ុន្តែនៅលើប្រាសាទព្រះវិហារនៅតែមានចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកើនឡើងទស្សនា ដដែល ដូចជានៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ ក្នុងមួយថ្ងៃមានភ្ញៀវចាប់ពី ១០០ ទៅ១៥០នាក់។ គេសង្កេតឃើញថា ភ្ញៀវទេសចរណ៍មិនត្រឹមតែទៅកម្សាន្តនោះទេ ពួកគេថែមទាំងឡើងទៅទទួលពិធីបុណ្យទាន នៅវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារថែមទៀតផង។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/តំបន់ទេសចរណ៍នៅកម្ពុជា#ប្រាសាទព្រះវិហារ_(ខេត្តព្រះវិហារ)

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង