
25 ១២ ដំណើរទស្សនកិច្ចសិក្សាលើកទី១២៧ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៧
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ទី៧ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋាន កសិករគំរូ រស់ ម៉ៅ ស្ថិតនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. សិក្សាពីការដាំដំណាំកសិកម្មរបស់ប្រជាកសិករ ដែលជាដំណាំធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
២. យល់ដឹងបន្ថែមពីលក្ខណៈនៃការលូតលាស់របស់បន្លែបង្ការដូចជា សាឡាត់ តាំងឱ ស្ពៃជាច្រើនប្រភេទ ប៉េងប៉ោះ ម្ទេស ត្រប់ ម្រះព្រៅ ខ្ទឹម ជាដើម។
៣. ស្វែងយល់ពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ ទា និងការដាំដុះប្រភេទបន្លែបង្ការខ្មែរ តាំងពីពេលសាបព្រោះ រហូតដល់ពេលប្រមូលផល។
៤. គយគន់ទេសភាពភូមិឋាន និងយល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករខ្មែរនៅក្នុងខេត្តតាកែវ។
៥. ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមស្ដីពីកសិកម្មដាំដុះពីប្រជាកសិករអាជីព។
៦. មានស្មារតីលើកស្ទួយ និងចូលរួមគាំទ្រវិស័យកសិកម្ម របស់ប្រជាកសិករខ្មែរយើង។
៧. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
៨. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
No Comments