ដំណើរទស្សនកិច្ចសិក្សាលើកទី១១៩ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី១២ ទៅកាន់ខេត្តសៀមរាប

ដំណើរទស្សនកិច្ចសិក្សាលើកទី១១៩ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី១២ ទៅកាន់ខេត្តសៀមរាប

កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ​និង​ក្រុមការងារ​មួយ​ចំនួន​ទៀត​ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចនៅខេត្តសៀមរាប គឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ទន្ទឹមនោះ ​ពួក​គេបាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្រ្ត​នៃ​ការកសាង​ប្រាសាទ​បុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ ​និងរឿងរ៉ាវនឹក​ស្មានមិន​ដល់​មួយ​ចំនួន​ទៀតសុទ្ធ​សឹង​ជា​ចំណេះដឹង​ដែល​ទទួល​បាន​ពី​មគ្គុទេសក៍​ជំនាញ​ៗ​ក្នុង​ការ​បកស្រាយ​ពន្យល់​លម្អិតរឿង​រ៉ាវ​ទាំង​នោះ។ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ​និងពី​របៀប​របប​នៃការ​រស់នៅ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​ទាំង​នោះបាន​យ៉ាង​ប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។

ម្យ៉ាង​ទៀតដើម្បី​បង្កើនភា​ពក្លាហានដល់សិស្សតាមរយៈការសហការ ទំនាក់ទំនងល្អជាមួយ​មហាជន​ ជាពិសេស​រួតរឹត​ចំណង​មិត្ដភាព​ពួកគេ​កាន់តែ​មានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពី​នោះ ​សិស្ស​ក៏បាន​ចុះទៅ​សិក្សាពីសិប្បករ​អង្គរ សិប្បកម្មសូត្រ​ ​ដើ​ម្បី​ឈ្វេងយល់​ពី​របៀប​ឆ្លាក់​រូប​លើ​ឈើ ​លើថ្ម និង​ការ​ចិញ្ចឹម​ដង្កូវនាង​យក​សូត្រ​ទៅ​ត្បាញ​ចេញ​ជា​សម្លៀក​បំពាក់​ ហើយ​ក៏មាន​ដែរ​ការ​ដើរ​ទស្សនា​ពីរបៀប​របប​លក់​ដូរ​របស់​អាជីវករ​នៅ​ផ្សារ​រាត្រី​នា​ពេល​រសៀល។​ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សានោះឆ្លងកាត់ខេត្តកំពង់ធំ​ ក្រុម​សិស្ស​ទាំង​នោះបាន​ឆ្លៀត​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​បុរាណ​សម្បូរ​ព្រៃគុក ​ព្រម​ទាំង​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ដល់​សិស្សានុសិស្ស នៃ​សាលា​បឋម​សិក្សា​មហរ​ផង​ដែរ។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​ដំណើរ​ទស្សន​កិច្ច​សិក្សា​រយៈពេល៤ថ្ងៃនោះ ​សិស្ស​ក៏បាន​ចូល​ទស្សនា​សារមន្ទីរ Angkor Panorama ព្រម​ទាំង​ទៅអុជ​ធូប​បន់​ស្រន់​សុំសេចក្តីសុខនៅអាស្រមព្រះអង្គចេក ព្រះអង្គចម​ និង​លោក​យាយ​ទេព ហើយពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ​ក៏មានពិធី Pool Party ឬជំនួបភាព ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។

No Comments

Post A Comment

Back to Top