ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងព្រះវិហារធំ

ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋាន ភ្នំឈើកាច់ និងព្រះវិហារធំ

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បាននាំសិស្សថ្នាក់ទី១០ ទាំងអស់ចុះទស្សនកិច្ចសិក្សាលើកទី១៤៧ ទៅកាន់រមណីដ្ឋាន ភ្នំឈើកាច់ និងវត្តវិហារធំ ស្ថិតនៅ​ក្នុង​ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ កម្មវិធីនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្តសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដែលទាក់ទងនឹងដើមកំណើត អាណាចក្រខ្មែរ ផ្សារភ្ជាប់កម្មវិធីសិក្សាប្រវត្តិសាស្រ្ត។ បន្ថែមពីនេះ ពួកគេបានយល់ដឹងអំពីទីតាំងប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងភ្នំឈើកាច់ ដែល​មាន​ប្រវត្តិ​ល្បី​ល្បាញ​តាំង​ពី​បុរាណ​កាល​មក ស្វែងយល់ពីទីវត្តអារាម​​ ដែល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ទី​កន្លែង​របស់​​តួ​អង្គ​ទុំ ​ក្នុង​រឿងទុំទាវ។ លើសពីនេះ វាក៏មានការផ្សារភ្ជាប់នឹងកម្មវិធីសិក្សាអប់រំអក្សរសិល្ប៍ យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់​ប្រជាកសិករ​នៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងវិថីក្នុងខេត្ដកណ្ដាល និងនៅ​ជុំវិញ​កំពូលភ្នំឈើកាច់ ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំ ល្វឹងល្វើយក្នុងខេត្ដព្រៃវែង។ សិស្សានុសិស្សបានយល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍​ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​ជាក់​ស្ដែង​​នៃតំបន់​​ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេស​​ចរណ៍។ ជារួម​ សិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតពីការចូលរួមកម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ​និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ទស្សន​កិច្ចនៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។​

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង