ដំណើរការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម

ដំណើរការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ដំណើរការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម”
អត្ថបទដោយ : ពៅ ភក្តី
#MJQE#AmericanInterconSchool

បើយើងក្រឡេកមកមើលពីការវិវត្តរបស់ពិភពលោកតាំងពីចុងសតវត្សទី១៨ ដល់សតវត្សទី២១នេះ យើងឃើញថា បន្ទាប់ពីការរីករាលដាលនៃបដិវត្តន៍ឧស្សាហកម្មមក ពិភពលោកមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាងពេលណាៗទាំងអស់ ដោយសារតែបច្ចេកវិទ្យាបានជំរុញឱ្យមានភាពងាយស្រួលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា នៅក្នុងការធ្វើទំនាក់ទំនង ការដឹកជញ្ជូន ការធ្វើការងារ និងការផ្តល់សេវាកម្មផ្សេងៗទៀតជាដើម។ មកទល់នឹងសព្វថ្ងៃនេះ បដិវត្តន៍ឧស្សាហកម្មបានធ្វើការវិវត្តនដល់៤ដំណាក់កាល គឺចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម១.០ រហូតដល់បដិវត្តន៍ឧស្សាហកម្ម៤.០ ដែលធ្វើឱ្យការរស់នៅកាន់តែមានភាពទំនើបមានដូចខាងក្រោម៖

១. បដិវត្តន៍ឧស្សាហកម្ម១.០ :
ការផលិតម៉ាស៊ីនដំណើរការដោយចំហាយទឹក ក្នុងដំណាក់កាលនេះម៉ាស៊ីន ដើរដោយចំហាយទឹកបានកើតឡើង ដោយមានការដុតធ្យូងថ្ម ដើម្បីឱ្យម៉ាស៊ីនដើរដោយចំះហាយទឹក ហើយធ្វើការ អភិវឌ្ឍដោយលោក James Watt ដោយម៉ាស៊ីនទាំងអស់នោះអាចដំណើរការលើផ្លូវដែក និងផ្លូវទឹកបាន។

២. បដិវត្តន៍ឧស្សាហកម្ម២.០ :
សង្វាក់ការងារ និងផលិតកម្មដើរដោយថាមពលអគ្គិសនី បដិវត្តន៍ទី២នេះ កើតឡើងនៅចុងសតវត្សទី១៩ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងបដិវត្តន៍ឧស្សាហកម្មនេះគឺ ការផលិតទំនិញដោយការបំបែកដំណើរការជាដំណាក់កាល (Assembly Line)។ លើសពីនេះផងដែរ ម៉ាស៊ីនអង្គុលីលេខក៏ត្រូវបានបង្កើតឡើងក្នុងសម័យនោះផងដែរ ហើយអ្វីដែលគួរតែដឹងផងដែរនោះ ឧស្សាហកម្ម២.០នេះ បានធ្វើឱ្យប្រទេស អាល្លឺម៉ង់ ក្លាយជាមហាអំណាចឧស្សាហកម្មធំបំផុតមួយនៅលើពិភពលោក និងជាជំហានដំបូងឆ្ពោះទៅរកសកលភាវូបនីយកម្ម ដែលជាផ្នែកមួយសំខាន់ក្នុងបរិបទពិភពលោកបច្ចុប្បន្ន។

៣. បដិវត្តន៍ឧស្សាហកម្ម៣.០ :
ផលិតកម្មស្វ័យប្រវត្តិ ជាមួយនឹងការរកឃើញកុំព្យួទ័រ និងប្រព័ន្ធព័ត៌មានវិទ្យា ឧស្សាហកម្ម៣.០ នេះកើតឡើងក្នុងកំឡុងឆ្នាំ១៩៧០ ដោយផ្តោតទៅលើការធ្វើការងារដោយប្រព័ន្ធស្វ័យប្រវត្តិ និងបច្ចេកវិទ្យាព័ត៌មាន ដោយមានការអភិវឌ្ឍជាលំដាប់នូវឧបករណ៍បច្ចេកវិទ្យា ដោយមានការចូលរួមពីក្រុមហ៊ុនយក្សចំនួនពីរគឺ Microsoft និង Apple។

៤. បដិវត្តន៍ឧស្សាហកម្ម៤.០ :
បច្ចេកវិទ្យាឆ្លាតវៃតាមរយៈប្រព័ន្ធឌីជីថល និងបណ្តាញអ៊ីនធឺណែតនៅក្នុងបដិវត្តន៍ឧស្សាហកម្មចុងក្រោយនេះហៅថា “យុគសម័យឌីជីថល”។ ជាក់ស្តែងការងារ ការសិក្សា ការកម្សាន្តបានគ្របដណ្តប់ដោយការតភ្ជាប់អ៊ីនធឺណែតជាមួយកុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត មានដូចជា Smart Phon Tablet Ipad Smart TV… ជាដើម។ ឧបករណ៍ទាំងអស់នេះនឹងដំណើរការដោយស្វ័យប្រវត្តិនៅពេលយើងបានកំណត់ពីរបៀបប្រើប្រាស់ និងចូលទៅកំណត់កម្មវិធីវាបានច្បាស់លាស់។

សរុបសេចក្តីមកយើងអាចសន្និដ្ឋានបានថា បដិវត្តន៍ឧស្សាហកម្មត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយវាបានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងគ្រប់ផ្នែកនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋយើងក្លាយទៅជាពលរដ្ឋ៤.០ ឬពលរដ្ឋយុគសម័យឌីជីថលប្រកបដោយសុវត្ថិភាព យើងត្រូវមានគោលការណ៍គ្រឹះដូចតទៅ រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ Ecosystem នៃសេដ្ឋកិច្ចឌីជីថល រួមគ្នាកសាងធនធានមនុស្ស និងកម្លាំងពលកម្មលើផ្នែកឌីជីថល រួមគ្នាជំរុញអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល រួមគ្នាជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងរួមគ្នាពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://www.bosch.com.kh/news-and-stories/%E1%9E%A7%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%A0%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98-4-0/
https://theseedcambodia.com/article/7895/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង