ដំណើរកម្សាន្ត និងជីវិតប្រចាំថ្ងៃ

ដំណើរកម្សាន្ត និងជីវិតប្រចាំថ្ងៃ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ដំណើរកម្សាន្ត និងជីវិតប្រចាំថ្ងៃ”
អត្ថបទដោយ : សាត សារឿន
#MJQE#AmericanInterconSchool

ពិភពលោកបច្ចុប្បន្នបានបើកបង្ហាញឱ្យមនុស្សក្នុងសង្គមឃើញតាមរយៈបច្ចេកវិទ្យានូវទិដ្ឋភាពជាក់ស្តែងជាអាទិ៍ដូចជា ទំនៀមទម្លាប់នៃការរស់នៅ សម្ភារៈទំនើបៗ ទេសភាពប្លែកៗ រមណីយដ្ឋានកែច្នៃប្លែកៗ ភាពរីកចម្រើននៃបណ្តាប្រទេសស្ទើរពាសពេញសកលលោក និងបានទាក់ទាញមនុស្សគ្រប់ជាតិសាសន៍ ស្របពេលជាមួយធនធានមនុស្សដ៏សម្បូរបែបកំពុងប្រកួតប្រជែងសមត្ថភាពគ្នា ពង្រឹង និងអភិវឌ្ឍន៍ការងារគ្រប់វិស័យ។ ជារៀងរាល់ថ្ងៃមនុស្សម្នាក់ៗបំពេញការងារស្ទើរគ្មានពេលទំនេរ ជាការពិតណាស់រាល់ការងារមិនសុទ្ធតែរលូនទាំងអស់ទេ ដំណើរជីវិតក្នុងក្រុមគ្រួសារក៏មិនជួបសុខសប្បាយរហូតដែរ ដូចនេះត្រូវចេះច្នៃជីវិតរស់នៅ និងក្រុមគ្រួសារឱ្យមានរស់ជាតិតាមរបៀបនៃការរស់នៅ ហេតុនេះត្រូវមានដំណើរកម្សាន្តទៅតាមរបៀបនៃការរស់នៅ ចុះប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានទំនោរបែបណាដែរទៅលើជីវិតប្រចាំថ្ងៃ និងដំណើរកម្សាន្ត។

សង្គមខ្មែរបច្ចុប្បន្នមានសន្តិភាពពេញលេញ និងបានផ្តល់ឱកាសឱ្យមនុស្សមានការងារធ្វើសម្បូរបែបនៅ ទីប្រជុំជនគ្រប់រាជធានីខេត្ត ឯការប្រកួតប្រជែងទីផ្សារក៏មិននឹកស្មានដល់ ដូចនេះអ្នកមានសមត្ថភាពបំពេញការងារមានជីវភាពធូរធារ ហើយមានមោទនភាពជាមួយនឹងភាពមានបាន ក្នុងនោះមានអ្នកមួយចំនួនភ្លេចគិតពីសុខភាព។ យើងមិនត្រូវភ្លេចខ្លួនយកចិត្តទុកដាក់តែការងារៗ សឹងគ្មានពេលសម្រាកទាំងនេះជាការយល់ខុស ការពិតការចេញដើរកម្សាន្តតាមទីកន្លែងដែលពេញចិត្ត ដាក់អារម្មណ៍ទៅតាមបរិយាកាសពិតជាស្រស់ថ្លា ភ្លេចទុក្ខកង្វល់ ភ្លេចភាពនឿយហត់ ដូចនេះយើងមិនគួរគិតរំលង ដើម្បីឱ្យជីវិតរស់មានគ្រប់រសជាតិ យើងត្រូវបង្កើតបរិយាកាសក្រៅពីលំនៅដ្ឋាន ឬទីកន្លែងបំពេញកាងារតាម រយៈដំណើរកម្សាន្តនានា អ្នកដើរកម្សាន្តត្រូវ៖
1- បានរៀបចំផែនការគ្រួសារ ឬក្រុមការងារសម្រាប់ការជួបជុំសប្បាយៗ ដោយកំណត់ពេលឱ្យបានសមគួរ។
2- ជ្រើសរើសទីកន្លែងកម្សាន្ត រមណីយដ្ឋានដែលចូលចិត្ត តាមរដូវកាលនៃអាកាសធាតុ។
3- ត្រូវប្រាកដថាបានពិនិត្យមើលនូវទីតាំងដំណើរកម្សាន្តរួចរាល់ និងមានសុវត្ថិភាពនៅពេលធ្វើដំណើរ។
4- ត្រូវរៀបចំសម្ភារៈ ម្ហូប ចំណីអាហារ ជាលក្ខណៈគ្រួសារតាមការចូលចិត្ត (សុវត្ថិភាពចំណីអាហារ)។
5- ត្រូវប្រាកដថាមានកន្លែងសម្រាក ឬស្នាក់នៅត្រឹមត្រូវសមរម្យ។
6- ត្រូវដាក់ចិត្តសម្របខ្លួនទៅបរិយាកាស និងទីកន្លែងក្នុងដំណើរកម្សាន្ត ទើបអារម្មណ៍ស្រស់ថ្លាល្អ។

យើងត្រូវយល់ថាការធ្វើដំណើរកម្សាន្ត គឺដើម្បីសុខភាព មិនមែនដើម្បីគេចពីអ្វីមួយ ឬគ្រាន់តែជាអារម្មណ៍នៃការធុញធប់។ ពេលខ្លះយើងមិនដឹងថាយើងកំពុងធ្វើដំណើរដើម្បីគេចពីភាពតានតឹងនោះទេ ប៉ុន្តែរាល់ពេលដែលមានវិស្សមកាលខ្លីមួយ យើងតែងតែទៅកាន់ទីកម្សាន្ត កន្លែងដែលស្ងប់ស្ងាត់ដើម្បីរំសាយអារម្មណ៏ ឬទីក្រុងដែលមិនធ្លាប់ស្គាល់ក៏អាចបម្រើឱ្យការសម្រាកខួរក្បាលបានដែរ ដែលជាការរត់គេចពីការងារ ភាពតានតឹង និងទំនួលខុសត្រូវដែលយើងមានបន្ទុកនៅផ្ទះ ឬកន្លែងការងារផ្សេងៗ។ ការធ្វើដំណើរគួរតែជាជម្រើសនៃរបៀបរស់នៅ ហើយវិធីដែលយើងធ្វើដំណើរគឺឆ្លុះបញ្ចាំងពីអាទិភាពជីវិតរបស់យើង ការលំហែមិនមាននិយមន័យអ្វីទាំងអស់ វាអាស្រ័យលើរបៀបដែលយើងមានអារម្មណ៍រីករាយ និងពេញចិត្ត នាំឱ្យស្រស់ស្រាយ។ ដូចគ្នានេះជម្រើសនៃការធ្វើដំណើររបស់យើងត្រូវបានជះ ឥទ្ធិពលយ៉ាងខ្លាំងដោយជម្រើសរបៀបរស់នៅយ៉ាងជាក់លាក់ ប្រសិនបើយើងស្រលាញ់ធម្មជាតិ និងភាពឯកោនោះជាកន្លែងបិទផ្លូវនឹងទាក់ទាញយើងឱ្យស្ថិតនៅសភាពបែបហ្នឹង ហើយប្រសិនបើយើងចូលចិត្តពន្លឺ តន្ត្រី និងការរាំរ៉ែក នោះប្រហែលជាយើងជ្រើសរើសធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ គេតែងនិយាយថា” យើងធ្វើដំណើរមិនអាចគេចពីជីវិតបានទេ ឯជីវិតក៏មិនគេចពីយើងបានដែរ” ហេតុនេះការធ្វើរដំណើរកម្សាន្តគឺជាចំណីអារម្មណ៍យ៉ាងពិតប្រាកដ និងបានបំពេញនូវសេចក្តីសុខសម្រាប់ខ្លួនយើងផ្ទាល់ ក៏បានរំសាយទុក្ខកង្វល់បានច្រើនផងដែរ។

អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://www.dangerous-business.com/what-is-travel-and-why-do-we-do-it/
https://www.worldfootprints.com/?taxonomy=travel_by_design&term=lifestyle

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង