គ្រូ​បង្រៀន ​AIS ​៦០រូប ​ទស្សនកិច្ចសិក្សា​នៅ​ព្រះ​បរមរាជ​វាំង

គ្រូ​បង្រៀន ​AIS ​៦០រូប ​ទស្សនកិច្ចសិក្សា​នៅ​ព្រះ​បរមរាជ​វាំង

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ ចាងហ្វាងរងក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រី លុក វណ្ណារុណ បានដឹកនាំលោកគ្រូ អ្នកគ្រូនៃមុខវិជ្ជាពាក់ព័ន្ធនឹងការបង្រៀនផ្នែកប្រវត្តិសាស្ត្រ អក្សរសាស្រ្ត និងមុខវិជ្ជាមួយចំនួនទៀត ប្រមាណ​ជាង​៦០​នាក់ ចុះកម្មសិក្សា​នៅព្រះ​បរមរាជវាំង ដើម្បីសិក្សាស្រាវជ្រាវ និងឈ្វេងយល់ពីប្រវត្តិសាស្ត្រខ្មែរ។

បើតាម​លោកស្រី លុក វណ្ណារុណ បានលើកឡើងថា ការចុះកម្មសិក្សានេះ ពិតជាមានសារៈសំខាន់ដល់លោកគ្រូ អ្នកគ្រូ ​យ៉ាងធំធេង​ ដើម្បី​ក្រេប​ជញ្ជក់​ចំណេះដឹង​ទូលំទូលាយក្នុងការបង្ហាត់បង្ហាញទៅកាន់សិស្ស។ មួយទៀតសោត កម្មសិក្សានេះនឹងជួយឱ្យលោកគ្រូ អ្នកគ្រូ​ បានយល់ដឹងកាន់តែ​ច្បាស់​ពី​ប្រវត្តិ​របស់រាជវាំងខ្មែរ ​និង​ព្រះនាមព្រះមហាក្សត្រខ្មែរមួយចំនួនទៀតផង។​ ចាង​ហ្វាងរង​ដដែល​រូបនេះ​បន្ថែម​ថា អ្វីដែល​ពិសេស​នោះ គឺ​បាន​ទស្សនា ព្រមទាំង​សិក្សា​ពីវត្ថុ​មានតម្លៃ និង​សម្បត្តិ​បេតិកភណ្ឌ​ ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ។ លោកស្រី ​បញ្ជាក់​បន្ថែមថា ​ក្រោយពី​បញ្ចប់កម្មសិក្សា លោកគ្រូ អ្នកគ្រូ មិនត្រឹមតែ​បានជ្រាបពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណឹងទេ​ គឺ​ថែម​ទាំង​ដឹង​ពីសិល្បៈ សាសនា និងវប្បធម៌ អរិយធម៌ កាន់តែស៊ីជម្រៅមួយអន្លើទៀត ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្នាដៃ​ស្ថាបត្យ​កម្ម​ដ៏​វិចិត្រ​នៃ​ព្រះបរម​រាជរាំង។

សូម​ជម្រាបថា លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង តែង​មានកម្មវិធី​ចុះកម្មសិក្សា ទស្សនកិច្ច​សិក្សា ​សិក្ខា​សាលា​ និង​វគ្គបណ្ដុះបណ្ដាល​ចំណេះដឹង​យ៉ាងសម្បូរបែប ​ដើម្បី​ផ្ដល់ជូនពួកគាត់នូវ​ពុទ្ធិទូលំទូលាយ​ដើម្បីបង្រៀន​សិស្ស​ប្រកប​ដោយ​គុណភាព ​ប្រសិទ្ធភាព​ និង​ក្លាយ​ជា​ធនធាន​មនុស្ស​ពិតប្រាកដ៕​

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top