គ្រូនិងបុគ្គលិកមកពីគ្រឹះស្ថានសិក្សា AII-AIS ពួតដៃគ្នាជាមួយសិស្សានុសិស្សដើររើសសំរាមនៅតំបន់សំខាន់ៗលើទឹកដីខេត្តសៀមរាប

គ្រូនិងបុគ្គលិកមកពីគ្រឹះស្ថានសិក្សា AII-AIS ពួតដៃគ្នាជាមួយសិស្សានុសិស្សដើររើសសំរាមនៅតំបន់សំខាន់ៗលើទឹកដីខេត្តសៀមរាប

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សិស្សានុសិស្ស រួមទាំងបុគ្គលិកសិក្សាប្រមាណ៣០០នាក់ មកពីគ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ាគួច ម៉េងលី បានរៀបចំទិវាបរិស្ថាន ដោយនាំគ្នាដើររើសសំរាមនៅតាមទីតាំងសំខាន់ៗចំនួន៨ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ស្ដីពីបរិស្ថានរស់នៅអនាម័យ សុខុមាលភាព សោភ័ណភាព និងចូលរួមយុទ្ធនាការលើកកម្ពស់បរិស្ថានបៃតងដល់សាធារណជន ជាពិសេសផ្ដល់គំរូល្អក្នុងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។
លោក រឿង សុភាព នាយកចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ទីតាំងដែលត្រូវយុទ្ធនាការសម្អាតនោះចាប់ពីអគារមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយក្រុមទី១ និងទី២ ចាប់ពីស្តុបផ្សារលើកាត់តាមបណ្តោយផ្លូវលោកតាណឺយ បត់តាមផ្លូវ៧មករាទៅរង្វង់មូលវត្តដំណាក់។ ក្រុមទី៣ និងទី៤ ពីផ្លូវលំលូទឹកស្អុយក្រោយផ្សារទំនើបអង្គរ បត់ឡើងតាមផ្លូវបាក់ខែង ហើយបត់តាមផ្លូវតាភុល រួចបត់តាមផ្លូវ សម្តេច ទេព វង្ស ទៅកាន់មន្ទីរពេទ្យខេត្ត។
ដោយឡែក ក្រុមទី៥ និងទី៦ ពីស្តុបផ្សារញ៉ែតាមផ្លូវជាតិលេខ៦ បត់ចូលផ្លូវស៊ីវុត្ថា តាមស្តុបសុខា រួចបត់ឡើងតាមផ្លូវសម្តេច ទេព វង្ស ឆ្ពោះទៅស្ពានវត្តបូព៌ បត់ស្តាំទៅកាន់ស្ថានីយប្រេងឥន្ទនៈតូលតាល់។ ខណៈក្រុមទី៧ និងទី៨ ពីស្តុបផ្សារលើតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់សាលារៀន អន្តរទ្វីប អាមេរិកកាំង (ទល់មុខផ្សារទំនើបអង្គរ)។
នាយកចាងហ្វាងរូបនេះ បានបញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំ ចំណេះដឹងស្ដីពីបរិស្ថានរស់នៅ អនាម័យ សុខភាព សោភ័ណភាព នៃក្រុងសៀមរាបឱ្យកាន់តែប្រសើរ។
លោក បាននិយាយថា៖ «សកម្មភាពនេះយើងធ្វើឡើងដើម្បីចូលរួមបំផុសគំនិត លើកកម្ពស់ស្មារតីមហាជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សឱ្យគាត់ជួយចូលរួមថែរក្សាសោភ័ណភាពបរិស្ថាននៅក្នុងសហគមន៍របស់សាលា ក៏ដូចជានៅក្នុងក្រុងនៃខេត្តសៀមរាបតែម្តង។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតងដល់សង្គម លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងខេត្តសៀបរាមឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក។»
លោកបន្ថែមថា «បរិស្ថានរស់នៅមានសារៈសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នាក៏ដូចជាសុខុមាលភាពសាធារណៈ កាលណាយើងមានបរិស្ថានល្អចឹងវានឹងបង្កភាពងាយស្រួលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដូចយើងបានដឹងហើយថា ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍ ចឹងបរិស្ថានគឺពិតជាសំខាន់ណាស់ ហើយជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូលផងដែរ អ៊ីចឹងក្រៅពីបរិស្ថានល្អ សម្រាប់វិស័យទេសចរណ៍ សុខុមាលភាព វិស័យសុខាភិបាល សេដ្ឋកិច្ច និងសង្គមក៏ជាសារៈសំខាន់ដែលយើងមិនគួរមើលរំលងដែរ។»

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង