គួរចំណាយពេលថ្ងៃឈប់សម្រាកបែបណាខ្លះ ជាមួយកូនរបស់អ្នក?

គួរចំណាយពេលថ្ងៃឈប់សម្រាកបែបណាខ្លះ ជាមួយកូនរបស់អ្នក?

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “គួរចំណាយពេលថ្ងៃឈប់សម្រាកបែបណាខ្លះ ជាមួយកូនរបស់អ្នក?”
អត្ថបទដោយ : ផេង ឧត្តម
#MJQE#AmericanInterconSchool

តើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីចំណាយពេលវេលានោះជាមួយកូនៗរបស់អ្នក? ខាងក្រោមនេះជាគំនិតខ្លះៗដែលលោកអ្នកអាចធ្វើការពិចារណាបាន៖
ការទស្សនាភាពយន្ត ឬកម្មវិធីកម្សាន្តជាមួយគ្នា :
ជ្រើសរើសភាពយន្ត ឬកម្មវិធីកម្សាន្តណាមួយដែលអ្នកគិតថា អ្នកនិងក្រុមគ្រួសារអាចមើលបានជាមួយគ្នាដោយមានការពិភាក្សាគ្នាពីនេះពីនោះ ដើម្បីឱ្យពេលវេលានោះកាន់តែមានគុណភាពបន្ថែមទៀត។ស្របពេលជាមួយគ្នា អ្នកក៏អាចបង្រៀនអំពីមេរៀនជីវិតផ្សេងៗដែលមានបង្ហាញនៅក្នុងភាពយន្ត ឬកម្មវិធីនោះដល់កូនៗរបស់អ្នកថែមទៀតផង ដែលការធ្វើបែបនេះ គឺអាចចំណេញបានទាំងសុភមង្គល និងការអប់រំផងដែរ។

ការប្រកួតប្រជែងសមត្ថភាព :
អាចជាការប្រកួតគូរគំនូរ ផ្គុំរូប ឬសមត្ថភាពផ្សេងៗដែលរឹតតែប្រសើរ បើអ្នកអាចផ្តល់នូវរង្វាន់លើកទឹកចិត្តដល់ពួកគេផងដែរ។ សកម្មភាពមួយនេះក៏នឹងបង្កើននូវភាពច្នៃប្រឌិត ទម្លាប់ក្នុងការគិត និងប្រឹងប្រែងដោយសុចរិតក្នុងការប្រកួតប្រជែង ដែលអាចឱ្យពួកគេត្រៀមខ្លួនសម្រាប់ពេលដែលត្រូវប្រកួតប្រជែងនៅខាងក្រៅទៀតផង។

ការចម្អិនអាហារ :
ប្រសិនបើអាច អ្នកអាចស្នើសុំឱ្យកូនៗរបស់អ្នកចូលរួមក្នុងការរៀបចំ ក៏ដូចជាចម្អិនអាហារសម្រាប់ក្រុមគ្រួសាររបស់អ្នក។ តាមរយៈការធ្វើបែបនេះអ្នកអាចនឹងបង្រៀនពួកគេអំពីស្មារតីក្នុងការជួយគ្នាសម្រេចនូវគោលដៅរួម។ ស្របពេលជាមួយគ្នាអ្នកក៏អាចបង្រៀនពួកគេអំពីបំនិនជីវិតដ៏សំខាន់ គឺការធ្វើម្ហូបនេះតែម្តង ដែលនឹងជាប្រយោជន៍ទៅថ្ងៃអនាគតរបស់គេ។ ម្យ៉ាងទៀត អ្នកអាចឱ្យពួកគេជួយភ្លក្សនូវមុខម្ហូបទាំងនោះ ហើយក៏រួមគ្នាសម្រេចនូវរសជាតិដែលអ្នកប្រាថ្នាព្រមគ្នាតែម្តង។

ការជប់លៀងញ៉ាំសាច់អាំង :
ការអាំងសាច់ ជាសកម្មភាពដ៏ប្រសើរបំផុតក្នុងចំណោមសកម្មភាពនៅខាងក្រៅ (outdoor) ដទៃទៀត ព្រោះថាមិនត្រឹមតែបានញ៉ាំអាហារជុំគ្នាប៉ុណ្ណោះទេ គឺអាចចំណាយពេលក្នុងការអាំងសាច់បណ្តើរ និយាយជជែកគ្នាបណ្តើរទៀតផង។ ពេលវេលាដែលចំណាយក៏រឹតតែមានគុណភាពថែមមួយកម្រិតទៀត ប្រសិនបើមានអ្នកចូលរួមកាន់តែច្រើនដែលអាចជាការជុំគ្នារវាងគ្រួសាររបស់មិត្តភក្តិអ្នកផ្ទាល់ ឬគ្រួសាររបស់មិត្តភក្តិកូនអ្នកផ្ទាល់ផងដែរ។

ការសម្រាកលំហែនៅឆ្នេរសមុទ្រ :
យូរៗម្តង ការទៅកម្សាន្តនៅឆ្នេរសមុទ្រជាលក្ខណៈគ្រួសារពិតជាបង្កើតនូវភាពសប្បាយរីករាយដល់ កូនៗរបស់អ្នកតាមរយៈសកម្មភាពកម្សាន្តសប្បាយជាច្រើនរួមមាន ការសូនរូបជាមួយនឹងដីខ្សាច់ ការមុជទឹកសមុទ្រលេង ការប្រមូលរើសសំបកខ្យងខ្ចៅ ការចាប់ក្តាម ជាដើម។ អ្នកក៏អាចលេងល្បែងជុំគ្រួសារដូចជាការលេងបាល់ ឬការលេងដេញចាប់គ្នាផងដែរ។

ការទស្សនាសួនសត្វ សួនធម្មជាតិ ឬសួនសិប្បនិម្មិត :
មានកន្លែងកម្សាន្តជាច្រើនដែលអ្នកអាចកំដរកូនរបស់អ្នកទៅបាន អាស្រ័យលើចំណង់ចំណូលចិត្តរបស់ពួកគេ។ លោកអ្នកអាចធ្វើការសាកសួរចិត្តរបស់ពួកគេជាមុនសិន ដើម្បីឱ្យប្រាកដក្នុងចិត្តថា គេនឹងសប្បាយចិត្តក្នុងការចូលរួម មិនមែនទៅដោយសារការបង្ខំ ឬរៀបចំរបស់អ្នកឡើយ។ ការចំណាយពេលទៅខាងក្រៅ រីករាយជាមួយនឹងធម្មជាតិក៏នឹងអាចផ្លាស់ប្តូរអារម្មណ៍ និងបរិយាកាសសម្រាប់អ្នក និងជាពិសេសកូនជាទីស្រឡាញ់ផ្ទាល់។

ការបោះតែនតិ៍ ឬជំរំបែបឯកជន :
មិនសំដៅដល់ការបោះតែនតិ៍នៅព្រៃភ្នំ ឬមាត់សមុទ្រអ្វីឡើយ អ្នកអាចប្រើប្រាស់សម្ភារៈផ្សេងជំនួសឱ្យ តែនតិ៍ (អាចជាការក្រាលកម្រាលគេងនៅលើវាលស្មៅ ដោយមានដំបូលស្តើងគ្របពីលើ) ហើយគេងក្បែរកូនរបស់អ្នកដោយជ្រើសរើសយករឿងនិទានណាមួយមកនិយាយជូនពួកគេស្តាប់ (អ្នកគួរជ្រើសរើសយករឿងណាដែលមានគំនិតអប់រំល្អៗ ឬទាក់ទិននឹងបំណិនជីវិត)។ ស្របពេលជាមួយគ្នា អ្នកក៏ អាចរីករាយនឹងខ្យល់អាកាស ព្រមទាំងសំឡេងធម្មជាតិនាពេលរាត្រីដែលប្រាកដណាស់ គឺមានផលវិជ្ជមានចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://healthtime.tips/en/library/article/1515

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង