គុណប្រយោជន៍នៃការច្រៀងចម្រៀង

គុណប្រយោជន៍នៃការច្រៀងចម្រៀង

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “គុណប្រយោជន៍នៃការច្រៀងចម្រៀង”
អត្ថបទដកស្រង់ដោយ : ផេង ឧត្តម
#MJQE#AmericanInterconSchool

តន្ត្រីអាចនិយាយបានថាជាផ្នែកមួយនៃជីវិត ហើយការច្រៀង គឺមានគុណសម្បត្តិធំៗចំនួន៣ គ្រប់គ្រាន់ឱ្យយើងរស់នៅដោយសប្បាយចិត្តបាន។ ថ្ងៃនេះខ្ញុំសូមលើកយកគុណប្រយោជន៍នៃការច្រៀងចម្រៀងមកចែករំលែកជូនអ្នកទាំងអស់គ្នា ដែលមានដូចខាងក្រោម៖

១. គុណប្រយោជន៍ពីការច្រៀងមកលើរាងកាយ :
• ច្រៀងជួយពង្រឹងប្រព័ន្ធភាពស៊ាំ
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt នៅអាល្លឺម៉ង់ បានបង្ហាញថា ការច្រៀងអាចជួយជំរុញសកម្មភាពប្រព័ន្ធភាពស៊ាំ។ ការសិក្សាបានធ្វើតេស្តទៅលើការហាត់សមរបស់អ្នកចម្រៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែងដោយលទ្ធផលបង្ហាញថា ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំងនោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគឈ្មោះថា Immunoglobulin A។
• ច្រៀងដូចជាការហាត់ប្រាណ
សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ។ នៅពេលច្រៀង សុខភាពយើង សួតយើង នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍សុខភាពផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឱ្យរឹងមាំ និងចលនាឈាមរត់បានល្អ។
• ច្រៀងអាចជួយពង្រឹងលក្ខណៈសម្បត្តិរបស់យើង
ក្រោកឈរជាមួយភាពក្លាហាន តែងតែជាផ្នែកមួយនៃតិចនិកច្រៀងរបស់មនុស្សភាគច្រើន មានន័យថាវាជាទម្លាប់ល្អមួយដើម្បីភាពក្លាយហានរបស់យើង ហើយនៅពេលយើងពើងទ្រូងទៅមុខបើកទ្រូងឱ្យរីកធំ និងចំហរស្មា គឺសុទ្ធតែជួយបង្ហាញពីរូបសម្រស់ និងលក្ខណៈសម្បត្តិនៃរាងកាយយើងកាន់តែល្អឡើង។
• ច្រៀងជួយឱ្យគេងលក់ស្រួល
យោងតាមអត្ថបទសុខភាពរបស់កាសែត Daily Mail Online អ្នកជំនាញជឿថា ការច្រៀងអាចជួយពង្រឹងសាច់ដុំបំពង់ក និងក្រអូមមាត់ ជួយដោះស្រាយបញ្ហាស្រមុក និងគេងមិនដកដង្ហើមបានដែរ។

២. គុណសម្បត្តិលើផ្លូវចិត្ត និងផ្លូវអារម្មណ៍៖
• ច្រៀងជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តដ៏មានប្រសិទ្ធភាព
ការច្រៀងត្រូវគេរកឃើញថាអាចជួយបញ្ចេញអ័រម៉ូនអង់ដូហ្វីនកាន់តែច្រើន នាំឱ្យយើងមានអារម្មណ៍ល្អ និងរីករាយ។ លើសពីនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងពាក់ព័ន្ធនឹងជាលិកាតូចមួយក្នុងត្រចៀក ដែលគេស្គាល់ថា Sacculus ដែលឆ្លើយតបហ្វ្រេកង់បង្កើតជាចង្វាក់ភ្លេងឱ្យយើងបានឮ។ ការឆ្លើយតបពីជាលិកា Sacculus នឹងធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងមិនគិតអ្វីក្រៅពីចម្រៀងយើងកំពុងស្តាប់នោះឡើយ ហើយភ្លេចអស់បញ្ហាដែលកើតមានក្នុងអារម្មណ៍បាន។
• ច្រៀងជួយឱ្យកម្រិតស្ត្រេសធ្លាក់ចុះ
ទោះជាយើងច្រៀងពិរោះ ឬមិនពិរោះក៏ដោយ សុទ្ធតែអាចធ្វើឱ្យអារម្មណ៍ធូរស្រាល ព្រោះវាជួយបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មានមកក្រៅ អាចកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសចេញពីក្នុងឈាមទៀតផង។
• ច្រៀងឱ្យយើងបានត្រៀមខ្លួនតទល់បញ្ហាផ្លូវចិត្ត
ការពង្រឹងចលនាអុកស៊ីសែនក្នុងចរន្តឈាម សុទ្ធតែជួយឱ្យអុកស៊ីសែន កាន់តែងាយបញ្ជូនទៅដល់ខួរក្បាល ជាកត្តាអាចជួយពង្រឹងឱ្យយើងបានត្រៀមខ្លួនពីបញ្ហាផ្លូវចិត្ត ផ្តោតអារម្មណ៍បានល្អ និងពង្រឹងការចងចាំ។ នៅក្នុងសហគមន៍សម្រាប់អ្នកជំងឺវង្វេងវង្វាន់ អ្នកជំនាញបានបង្កើតវេទិកាច្រៀងសម្រាប់ពង្រឹងសមត្ថភាពខួរក្បាល (Singing for the Brain) ដើម្បីជួយឱ្យអ្នកជំងឺវង្វេងទាំងអស់ អាចពង្រឹងការចងចាំបានល្អឡើងវិញ។

៣. គុណប្រយោជន៍ទំនាក់ទំនងក្នុងសង្គម៖
• ការច្រៀងអាចជួយឱ្យយើងមានមិត្តភក្តិកាន់តែច្រើន
ទោះបីយើងជាអ្នកចម្រៀងអាជីព ឬគ្រាន់តែច្រៀងខារ៉ាអូខេបង្កើតបរិយាកាសសប្បាយជាមួយមិត្តភក្តិក្តី ទាំងមិនរំពឹងគុណប្រយោជន៍សុខភាពខាងលើ យើងនៅតែអាចពង្រឹងគុណភាពជីវិតក្នុងសង្គមយើងកំពុងរស់នៅបានដូចគ្នា។ ការច្រៀងលេងជាមួយមិត្តភក្តិ ឬអ្នកដទៃ គឺវាមានន័យជ្រាលជ្រៅ និងស្និទ្ធស្នាលជាងត្រឹមតែការនិយាយរកគ្នា។
• ច្រៀងជួយពង្រឹងភាពជឿជាក់លើខ្លួនឯង
ដំណាក់កាលភ័យខ្លាចនៅលើឆាក គឺជាអារម្មណ៍ធម្មតារបស់អ្នកចម្រៀងថ្មីថ្មោង។ ទោះជាយ៉ាងណា ការសម្តែងបានល្អ និងទទួលបានការសរសើរពីមិត្តភក្តិ ក្រុមគ្រួសារ អាចជាគន្លឹះចម្បងជួយពង្រឹងសេចក្តីក្លាហាន និងភាពជឿជាក់សម្រាប់យើង។ ពេលខ្លះ ការច្រៀងជួយឱ្យយើងកាន់តែហ៊ានប្រឈមមុខជាមួយមនុស្សជាក្រុម ជួយយើងក្លាហានក្នុងការឡើងធ្វើបទបង្ហាញទៀតផង។
• ច្រៀងជួយជំនាញទំនាក់ទំនងកាន់តែខ្លាំង
យោងតាមអត្ថបទចុះផ្សាយដោយកាសែត The Guardian ច្រៀងឱ្យទារកស្តាប់ អាចជួយរៀបចំខួរក្បាលរបស់ពួកគេសម្រាប់ទទួលយកភាសាផ្សេងៗ។ ចម្រៀងជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យក្មេងៗទទួលយកជំនាញអាន និងសរសេរ អាចបង្ការបញ្ហាផ្នែកភាសានៅពេលធំឡើងបាន។ បើយើងកាន់តែរីករាយជាមួយការតាក់តែងនិពន្ធទំនុកច្រៀងទៀត ច្បាស់ជាជួយឱ្យជំនាញទំនាក់ទំនងយើងឈានដល់កម្រិតមួយផ្សេងទៀត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖https://hellokrupet.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង