គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗ៤យ៉ាងនេះ

គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗ៤យ៉ាងនេះ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗ៤យ៉ាងនេះ”
អត្ថបទដកស្រង់ដោយ : សាត សារឿន
#MJQE#AmericanInterconSchool

ចំពោះមនុស្សមួយចំនួនធំមិនថាយើង ឬអ្នកផ្សេងទេ ពេលយប់គឺជាពេលដែលយើងគ្រប់គ្នាចង់គេងសម្រាកឱ្យបានស្រួលខ្លួន បែរក្លាយជាពេលខួរក្បាលចាប់ផ្ដើមគិតវែងឆ្ងាយដល់ណាដល់ណី ទប់មិនចង់ជាប់។ ការគិតច្រើនបែបនេះ បណ្ដាលឱ្យយើងមានបញ្ហាគេងមិនលក់ ឈឺក្បាល និងមានអារម្មណ៍ថា ល្ហិតល្ហៃក្នុងខ្លួនថែមទៀត។

ហេតុអ្វីបានយើងគិតច្រើននៅពេលយប់?
ការគិតច្រើននៅពេលយប់ ភាគច្រើនបណ្ដាលមកពីដំណើរការខួរក្បាលរម្លឹកដល់ហេតុការណ៍ដែលបានកើតឡើងនៅពេលថ្ងៃ ឬរម្លឹកដល់ហេតុការណ៍ណាមួយកើតឡើងក្នុងជីវិតដែលយើងមិនអាចបំភ្លេចបាន។ ម៉្យាងវិញទៀត នៅពេលថ្ងៃយើងមមាញឹកនឹងការងារ ហេតុនេះហើយខួរក្បាលមិនសូវមានពេលទំនេរគិតដល់ហេតុការណ៍អស់នោះ។ ការគេងមិនលក់ ដោយសារគិតច្រើន ក៏អាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តយើងដែរដូចជា ជំងឺ ថប់បារម្ភជាដើម។ ថ្ងៃនេះខ្ញុំសូមលើកយកតិចនិកសាមញ្ញៗ៤យ៉ាងដែលអាចជួយបញ្ឈប់ការគិតច្រើន និងងាយគេងលក់ស្រួលពេលយប់មានដូចជា៖

១. ឈប់ប្រើទូរសព្ទ ឬកុំព្យូទ័រ :
ការប្រើទូរសព្ទ ឬកុំព្យូទ័រមុនពេលចូលគេង អាចបង្កើនកម្រិតថប់បារម្ភ និងស្ត្រេស ពិសេសពេលដែលយើងបានអាន មើលរឿង ឬព័ត៌មានរន្ធត់ធ្វើឱ្យយើងបារម្ភ ខ្លាចលើសដើម។ លើសពីនេះ ពន្លឺរបស់គ្រឿងអេឡិចត្រូនិកទាំងនេះ ប៉ះពាល់ទៅដល់ផលិតកម្ម melatonin នៅក្នុងរាងកាយ បណ្ដាលឱ្យយើងពិបាកគេងលក់។

២. បន្លប់ខ្លួនឯង :
បន្ទាប់ពីទុកគ្រឿងអេឡិចត្រូនិកអស់នោះចោលហើយ យើងអាចធ្វើសកម្មភាពអ្វីផ្សេងទៀត ដើម្បីបន្លប់ខ្លួនឯងឱ្យឆាប់ងងុយគេង។ យើងអាចបែរទៅអានសៀវភៅប្រលោមលោក សៀវភៅត្លុក ឬអង្គុយសរសេរកំណត់ពីអ្វីដែលបានកើតឡើងពេលថ្ងៃក៏បាន។ ការធ្វើសកម្មភាពបែបនេះអាចជួយបន្លប់ខួរក្បាលយើងមិនឱ្យគិតច្រើន និងជួយឱ្យយើងគេងបានលក់ស្រួល។

៣. ដុតប្រេងក្រអូប :
ការដុតប្រេងក្រអូបនៅក្នុងបន្ទប់ ជួយសម្រួលអារម្មណ៍របស់យើងបាន និងបង្កើតបរិយាកាសស្ងប់ស្ងាត់ធូរស្រាល ពិសេសប្រេងក្រអូបក្លិនផ្កា Lavender។ ប៉ុន្តែ ត្រូវប្រយ័ត្ននៅពេលប្រើប្រេងក្រអូប ព្រោះវាអាចបង្កឱ្យអាលែកហ្ស៊ីបាន។

៤. ដកដង្ហើមវែងៗ :
ការដកដង្ហើមវែងៗ ដើរតួជាតិចនិកបន្លប់អារម្មណ៍ដ៏មានប្រសិទ្ធភាព ពិសេសពេលដកដង្ហើមបណ្ដើរ រាប់លេខបណ្ដើរ។ ឧ. ពេលចាប់ផ្ដើមដកដង្ហើមចូលរាប់ពី ១-៣ យឺតៗ រួចដកដង្ហើមចេញរាប់ពី ១-៥ យឺតៗ ។ ព្យាយាមផ្ដោតអារម្មណ៍ទៅលើការដកដង្ហើមនោះ កុំឱ្យបែកអារម្មណ៍។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖https://hellokrupet.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង