ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន(MJQE) ត្រៀមខ្លួនចូលទីផ្សារមូលបត្រកម្ពុជា (CSX) នៅដើមឆ្នាំ២០២៣

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន(MJQE) ត្រៀមខ្លួនចូលទីផ្សារមូលបត្រកម្ពុជា (CSX) នៅដើមឆ្នាំ២០២៣

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii), សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS), ស្ថាប័ន SOGO (Study Overseas Go Overseas) និង i-Learn មានកិត្តិយសសូមជម្រាបជូន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

នៅថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) និងក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក – RHB Securities (Cambodia) Plc. ដែលត្រូវបានតែងតាំងជាភ្នាក់ងារធានាមូលបត្រ បានចូលជួប ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ដើម្បីបង្ហាញឆន្ទៈក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុន MJQE យើងខ្ញុំបានត្រៀមខ្លូនរួចជាស្រេច និងកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវតាមបទបញ្ញត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (SERC) និងផ្សារមូលបត្រកម្ពុជា (CSX) ហើយរំពឹងទុកថាដំណើរការចុះបញ្ជីនៅផ្សារមូលបត្រនេះនឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ដោយសារវិស័យអប់រំគឺជាវិស័យអាទិភាព និងជាគន្លឹះនៃការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ស្របពេលដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាពល្អផងនោះ យើងខ្ញុំមានក្តីសង្ឃឹមជឿជាក់ថា យើងនឹងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសាធារណជនដែលនឹងជួយឱ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែមានសន្ទុះខ្លាំងឡើង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជម្រុញឱ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានភាពរឹងមាំ និងគុណភាពអប់រំប្រកបដោយស្តង់ដាខ្ពស់បំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រជាមួយយើងខ្ញុំទាំងអស់គ្នា ហើយយើងខ្ញុំប្តេជ្ញាថានឹងបន្តផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីជាតិ តាមរយៈការបង្រៀនប្រកបដោយគុណភាព ទំនើបកម្មសម្ភារបរិក្ខារ និងសកម្មភាពច្នៃប្រឌិត ដើម្បីបង្កើនបទពិសោធន៍សិក្សាដល់សិស្សានុសិស្សរបស់យើង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២0២២

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង