
27 ៥ ក្រុមប្រឹក្សា AIS student council ចាប់ដំណើរការជាលើកដំបូងក្នុងបរិបទកូវីដ១៩
អត្ថបទដោយ៖ ផល ភូមិវិបុល អ៊ុង ខេមរាបូណ៌មីច័ន្ទ និង ហេង ហេវីន
ក្រុមប្រឹក្សាសិស្ស (AIS Student Council) ជាក្រុមប្រឹក្សាមួយដែលបង្កើតឡើងនៅក្នុងឆ្នាំសិក្សា ២០២០ – ២០២១ ដែលបានរួមបញ្ចូលគ្នារវាងក្រុមស្ម័គ្រចិត្តចង្កឹះចម្រុះ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងមានក្រុមក្លិបចំណុះចំនួន៥ ផ្សេងទៀតមានដូចជា ក្លិបគុណភាព និងវិន័យ ក្លិបអ្នករៀបចំផែនការ ក្លិបអ្នកសារព័ត៌មាន ក្លិបមិត្តជួយមិត្ត និងក្លិប STEAM។
កាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាសិស្ស AIS បានបង្កើតសិក្ខាសាលាពីចម្ងាយមួយស្ដីអំពី ព័ត៌មាននៃក្លិបចំណុះក្នុង AIS Student Council ក៏ដូចជាបែបបទនៃការចុះឈ្មោះនូវសមាជិកថ្មី ដោយមានការចូលរួមពីសំណាក់ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ការបង្កើតក្រុមប្រឹក្សានេះឡើង ដើម្បីលើកទឹកចិត្តសិស្សានុសិស្ស ក៏ដូចជាយុវជនឱ្យចេះចូលរួមការងារស្ម័គ្រចិត្តនៅក្នុងសង្គម បង្កើននូវបទពិសោធ ចំណេះដឹង និងចំណេះធ្វើ សម្រាប់ធ្វើកិច្ចការងារជាក្រុម ជាពិសេស បានចូលរួម និងអនុវត្តជាក់ស្ដែង។ លើសពីនេះ សមាជិកនៅក្នុងក្រុមម្នាក់ៗថែមទាំងក្លាហាន និងបណ្ដុះនូវវប្បធម៌ចែករំលែក។ នេះបើតាមក្រុមប្រឹក្សាសិស្ស AIS Student Council។
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមលោកស្រី សាឯម កម្រង នាយិកាចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកកាំង សាខាទួលគោក និងជាគណៈអធិបតីភាពនៅក្នុងសិក្ខាសាលាពីចម្ងាយនេះ បានកោតសរសើរយ៉ាងខ្លាំងដល់សមាជិកក្រុមនីមួយៗដូច្នេះថា “ការរៀបចំក្រុមប្រឹក្សាសិស្សនេះគឺល្អមែនទែន ព្រោះក្រុមរបស់កូនៗបានបែងចែកតួនាទី ព្រមទាំងបានរៀបចំរចនាសម្ពន្ធបានយ៉ាងល្អ”។
នាយិកាចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកកាំង សាខាទួលគោក ដដែលបន្ថែមថា ក្នុងការបង្កើតក្រុមប្រឹក្សាសិស្សនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសឱ្យសិស្សមានការចូលរួមជាក្រុម និងមានឯករាជ្យភាព។ តាមរយៈសិក្ខាសាលាពីចម្ងាយនេះ លោកស្រីបានបន្តលើកទឹកចិត្តដល់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង ចុះឈ្មោះធ្វើការងារក្រុមប្រឹក្សាសិស្សទាំងអស់គ្នា។
យុវសិស្ស កូយ ស៊ីវហ្វុង សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង និងជាអ្នកចូលរួមនៅក្នុងសិក្ខាសាលានេះ បានសម្ដែងក្ដីរីករាយ និងមានជំនឿយ៉ាងមុតមាំក្នុងការចូលរួមធ្វើកិច្ចការក្នុងក្រុមប្រឹក្សាសិស្ស AISSC សម្រាប់រួមចំណែកនៅក្នុងកិច្ចការសង្គម។ ស៊ីវហ្វុង បានបន្តលើកឡើងដូច្នេះថា ការចូលរួមនេះ អាចមានប្រយោជន៍ជាច្រើនចំពោះខ្លួនផ្ទាល់ ជាពិសេស ផ្ដល់នូវឱកាសឲ្យបានស្គាល់នូវតថភាពសង្គម និងពិភពលោកបានច្រើនជាងមុន។
គួរជម្រាបជូនថា ក្រុមប្រឹក្សាសិស្ស AIS នឹងចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ជាកំហិត។ ប្រសិនបើសិស្សានុសិស្ស ឬមិត្តភក្ដិទាំងអស់មានចំណាប់អារម្មណ៍ចូលជាសមាជិក នៃក្រុមប្រឹក្សាសិស្ស AISSC និងក្លិបណាមួយខាងលើ អាចចុះឈ្មោះតាមរយ:លីងដែលបានផ្ញើជូន រួចបំពេញព័ត៌មានតាមការណែនាំ ឬក៏អាចទាក់ទងមកកាន់ ទំព័រហ្វេសបុកផ្លូវការ “ក្រុមប្រឹក្សាសិស្ស Student Council ” ដើម្បីសាកសួរព័ត៌មានបន្ថែមទៀត៕
Sorry, the comment form is closed at this time.