កំពូលអាហារដែលល្អបំផុតសម្រាប់សុខភាពបេះដូង

កំពូលអាហារដែលល្អបំផុតសម្រាប់សុខភាពបេះដូង

អត្ថបទព័ត៌មានស្តីពីបញ្ហាសុខភាព និងសុខុមាលភាព
ក្រោមប្រធានបទ ”កំពូលអាហារដែលល្អបំផុតសម្រាប់សុខភាពបេះដូង”
អត្ថបទដោយ : ពូន វាសនា
#MJQE #AmericanInterconSchool

បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ ហើយក្រៅពីកត្តាហ្សែន របៀបរបបក្នុងការរស់នៅ និងការធ្វើលំហាត់ប្រាណជាប្រចាំនោះ របបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរទប់ស្កាត់ជំងឺ។

ថ្ងៃនេះខ្ញុំចែករំលែក និងងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតចំពោះបេះដូង អាហារ ទាំងនោះមានដូចជា៖

១. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanin និង polyphenols ដែលជួយការពារសរសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសរសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសរសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឹមជំរុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសរសៃឈាមពីការស្ទះធ្វើឱ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួល ទានផ្លែទទឹម ឬទឹកផ្លែទទឹមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសរសៃឈាម។

២. ត្រី
ក្រៅពីផ្ដល់ឱ្យរាងកាយនូវបរិមាណប្រូតេអ៊ីនចាំបាច់ហើយនោះ ត្រីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺ
បេះដូងផងដែរ។ ដូច្នេះអាចនិយាយបានថាត្រី គឺជាប្រភពប្រូតេអ៊ីនដ៏ប្រសើរបំផុតសម្រាប់បេះដូង។ លើសពីនេះទៅទៀត ត្រីក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលល្អសម្រាប់សុខភាពសរសៃឈាមបេះដូង ខួរក្បាល អារម្មណ៍ និងសន្លាក់គួរឱ្យកត់សម្គាល់។ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរជ្រើសរើសទទួលទានត្រីសម្បូរខ្លាញ់។

៣. សាច់មាន់
ក្រៅពីប្រូតេអ៊ីនហើយនោះ សាច់មានក៏ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម ដែលចាំបាច់សម្រាប់សុខភាពបេះដូងផងដែរ។ ទោះជាយ៉ាងណា ចូរជ្រើសរើសសាច់ទ្រូងមកទទួលទាន ក៏ព្រោះផ្នែកនេះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ប៉ុន្តែជាតិខ្លាញ់មិនល្អ និងកូឡេស្តេរ៉ូលទាប។

៤. ប៉េងប៉ោះ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់សុខភាពបេះដូងគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ប៉េងបោះក៏មានផ្ទុកបរិមាណជាតិសរសៃខ្ពស់ ប៉ូតាស្យូម niacin folate និងវីតាមីនB6 ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងប្រសើររឹងមាំផងដែរ។

៥. គ្រាប់ធញ្ញជាតិ
ក៏ដូចទៅនឹងត្រីសម្បូរខ្លាញ់ដែរ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ក៏ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា៣ និងប្រូតេអ៊ីនដែលប្រសើរចំពោះសុខភាពបេះដូងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

៦. ឪឡឹក
ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។

៧. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀតផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C សារធាតុ carotenoids និងជាតិសរសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ខណៈដែលជាតិសរសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។

៨. ប្រេងអូលីវសុទ្ធ
ប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ។

៩. បន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិដែក វីតាមីន C វីតាមីន A និងជាតិម៉ាញ៉េស្យូមដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ www.thmeythmey.com/m/?page=detail&id=88777

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង