ការប្រៀបធៀបបុគ្គលិកលក្ខណៈរបស់មនុស្សបីប្រភេទ

ការប្រៀបធៀបបុគ្គលិកលក្ខណៈរបស់មនុស្សបីប្រភេទ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការប្រៀបធៀបបុគ្គលិកលក្ខណៈរបស់មនុស្សបីប្រភេទ”
អត្ថបទដោយ : អ៊ិន ចាន់ដេត
#MJQE#AmericanInterconSchool

នៅក្នុងសង្គមរស់នៅរបស់យើងបច្ចុប្បន្ន មានមនុស្សជាច្រើនដែលមានបុគ្គលិកលក្ខណៈផ្សេងៗពីគ្នា ហើយក៏មានការបែងចែកប្រភេទបុគ្គលិកលក្ខណៈរបស់មនុស្សប្លែកៗពីគ្នាផងដែរ។ ពេលខ្លះយើងអាចធ្វើការកត់សម្គាល់ពីប្រភេទលក្ខណៈរបស់មនុស្សម្នាក់ៗតាមរយៈភាសា កាយវិការ ការទំនាក់ទំនង ចំណង់ចំណូលចិត្ត…។ល។ ថ្ងៃនេះខ្ញុំសូមចែករំលែក និងធ្វើការប្រៀបធៀបពីបុគ្គលិកលក្ខណៈរបស់មនុស្សបីប្រភេទ ដែលនិយាយអំពីអត្តចរិតរបស់មនុស្សម្នាក់ៗដែលត្រូវប្រឈមជាមួយបញ្ហានៃជីវិត ដែលមានដូចជា មនុស្សការ៉ុត ស៊ុត និងកាហ្វេ។ មុនខ្ញុំចាប់ផ្តើមចែករំលែកអំពីរឿងនេះ ខ្ញុំសូមឱ្យលោកអ្នកធ្វើការជ្រើសរើសសាកល្បងថាតើអ្នកជាមនុស្សបែបណា ជាមនុស្សការ៉ុត មនុស្សស៊ុត ឬជាមនុស្សកាហ្វេ។

ជាការពិតជីវិតគឺជាការតស៊ូ ទោះអ្នករស់នៅទីណានៃផែនដីនេះក៍ដោយ នៅក្នុងជីវិតរស់នៅរបស់អ្នក មិនអាចចៀសផុតពីបញ្ហានោះទេ។ បញ្ហាជាផ្នែកមួយនៃជីវិត បញ្ហាចូលមកក្នុងជីវិតរបស់អ្នកក៏ដើម្បីវាស់ស្ទង់សមត្ថភាពរបស់អ្នកថាតើអ្នកអាចប្រឈមជាមួយបញ្ហាទាំងនោះបានតាមរបៀបណា។ ខាងក្រោមនេះជាបុគ្គលិកលក្ខណៈរបស់មនុស្សបីប្រភេទដែលត្រូវប្រឈមជាមួយបញ្ហានៃជីវិត ដោយមនុស្សម្នាក់ៗមិនអាចគេចផុតពីបញ្ហា។ ដូចនេះខ្ញុំសូមតាងបញ្ហាជីវិតដោយទឹកក្តៅកំពុងពុះ១០០អង្សា ហើយនេះជាលក្ខណៈ ឬរបៀបដែលមនុស្សទាំងបីប្រភេទត្រូវប្រឈមជាមួយបញ្ហា តើលក្ខណៈនីមួយៗមានភាពខុសគ្នាយ៉ាងដូចម្តេច? ខ្ញុំសូមចែករំលែកដូចខាងក្រោម៖

១. មនុស្សប្រភេទការ៉ុត :
ការ៉ុតជាធម្មតាមានពណ៌លឿងទុំ ហើយមានសភាពរឹង ពេលនេះអ្នកអាចស្រម៉ៃបានថា បើខ្ញុំដាក់ការ៉ុតនេះក្នុងទឹកក្តៅកំពង់ពុះ១០០អង្សា តើអ្នកសង្កេតឃើញអ្វីខ្លះ? ជាការពិត នោះអ្នកនឹងពិនិត្យឃើញថា ការ៉ុតនឹងប្រែក្លាយពីភាពរឹងមាំរបស់ខ្លួនទៅជាទន់ជ្រាយល្វិល្វក់។ ក្នុងន័យនេះ ខ្ញុំចង់បញ្ជាក់ថា មនុស្សប្រភេទការ៉ុតមុនបញ្ហាចូលមកដល់ គាត់ជាមនុស្សរឹងមាំ ក្លាហាន តែពេលបញ្ហាចូលក្នុងជីវិត (ទឹកពុះ១០០អង្សា) គាត់បានក្លាយជាមនុស្សទន់ជ្រាយ គ្មានភាពក្លាហាន បាក់លោងចំពោះមុខបញ្ហា មិនតែប៉ុណ្ណោះគាត់មិនបានធ្វើឱ្យបញ្ហាប្រែប្រួលដោយសារគាត់ទេ (ពេលដាក់ចូលទឹកពុះ ទឹកមិនបានប្រែប្រួលទេ បញ្ហានៅតែជាបញ្ហា) តែគាត់ទេជាអ្នកប្រែប្រួលចំពោះបញ្ហា គឺគាត់ក្លាយជាទន់ជ្រាយ។

២. មនុស្សប្រភេទស៊ុត (ពងទា) :
ចំពោះមនុស្សប្រភេទស៊ុតវិញ អ្នកអាចសង្កេតឃើញថា ជាធម្មតាស៊ុតមានសំបករឹង តែខាងក្នុងមានសភាពរាវ រីឯពណ៌ក៍ក្រហមស្រស់ថ្លាគួរឱ្យចាប់ចិត្ត តែនៅពេលដែលយើងដាក់ចូលក្នុងទឹកក្តៅ១០០អង្សា (បញ្ហាបានចូលមកដល់) ស៊ុតបានឆ្អិន។ មនុស្សប្រភេទស៊ុតនេះបានប្រែក្លាយខ្លួនជាមនុស្សរឹងស្តូក បាត់បង់ភាពទន់ភ្លន់របស់ខ្លួន បេះដូងដែលមានពណ៌ស្រស់ស្អាត ក៍បានបាត់បង់ តែបានក្លាយខ្លួនជាមនុស្សរឹងកញ្រ្ជឹស តែក៍នៅមិនបានធ្វើឱ្យបញ្ហាប្រែប្រួលដែរ ដោយអ្នកអាចសង្កេតឃើញថា ទឹកពុះនៅតែពុះ ពណ៌ទឹកក៍មិនបានផ្លាស់ប្តូរ។ មនុស្សប្រភេទនេះ បានប្រែប្រួលខ្លួនឯងទៅជាមនុស្សថ្មី ដែលគ្មានទឹកចិត្ត តែនៅមិនអាចដោះស្រាយបញ្ហាខ្លួនបាន។

៣. មនុស្សប្រភេទកាហ្វេ :
ជាធម្មតាកាហ្វេមានពណ៌ខ្មៅ ដែលជាពណ៌អ្នកផងមួយចំនួនមិនសូវនិយមចូលចិត្ត។ តែបើយើងដាក់កាហ្វេចូលក្នុងទឹកក្តៅ១០០អង្សា នោះយើងសង្កេតឃើញថាពណ៌ទឹកត្រូវបានប្រែប្រួល ហើយវាក៍បានបញ្ចេញក្លិនដ៍ឈ្ងុយឈ្ងុប គួរឱ្យចង់ពិសា តែបើបានពិសាវិញនោះរស់ជាតិក៍រឹតតែឆ្ងាញ់ពិសា ដែលធ្វើឱ្យមនុស្សមួយចំនួនធំញៀនមិនអាចខ្វះបាន។ មនុស្សប្រភេទនេះ គាត់មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយបញ្ហាចំពោះមុខបាន គាត់បានធ្វើឱ្យបញ្ហាប្រែប្រួលដោយសារគាត់ ហើយដោយសារតែសមត្ថភាពបែបនេះ គាត់បានបង្វែរបញ្ហាឱ្យទៅជាមធ្យោបាយធ្វើឱ្យខ្លួនគាត់ក្លាយជាមនុស្សមានតម្លៃ គួរជាទីរាប់អាននៃអ្នកផង។

បន្ទាប់ពីបានរៀបរាប់ខាងលើមកនេះ តើលោកអ្នកចង់ធ្វើការជ្រើសរើសម្តងទៀតទេ ថាតើចង់បានជាមនុស្សប្រភេទណា? នេះគ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ សូមអធ្យាស្រ័យចំពោះការលើសលួស ឬខ្វះចន្លោះណាមួយ តែគ្រាន់តែសូមផ្តាំថា ទោះជាមនុស្សប្រភេទណាក៍ដោយ វាជាជម្រើសរបស់អ្នក អ្នកជាអ្នកជ្រើសរើសមិនមែនជាលក្ខណៈមកពីធម្មជាតិនោះទេ។ បញ្ហាជាផ្នែកមួយនៃជីវិត អ្នកមិនអាចចៀសផុតបានទេ អ្នកត្រូវតែប្រឈម អ្នកត្រូវតែជាអ្នកដោះស្រាយបញ្ហាទាំងនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
– https://www.youtube.com/watch?v=UJ0l2ABn3XM
– https://www.alanwongs.com/blog/are-you-carrot-egg-or-coffee-bean
– http://sites.edb.utexas.edu/resilienceeducation/inspiring-stories/a-carrot-an-egg-and-a-cup-of-coffee/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង