ការប្រកួតប្រជែងចំណេះដឹង

ការប្រកួត​ចំណេះដឹង​វប្បធម៌​-អរិយធម៌​ខ្មែរ​ ម៉េ​ងលី​ ជេ​. គួច​ (The​ Mengly​ J. Quach​ Khmer​ Civilization​ &​; Culture​ Contest​)៖ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០១៤​។ កម្មវិធី​នេះ​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ បង្កើន​ការ​ចងចាំ​នូវ​មេរៀន​ប្រវត្តិ​សាស្រ្ត​ សីលធម៌​-ពលរដ្ឋ​វិជ្ជា​ និង​មានចំណេះ​ដឹង​ផ្នែក​វប្បធម៌​ទូទៅ​បាន​កាន់តែ​ទូលំទូលាយ​ និង​ពង្រឹង​សមត្ថភាព​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​។ កន្លងមក​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​រៀបចំ​នូវ​ការប្រកួត​ជាច្រើន​បន្ថែម​ពីលើ​ការ​រៀន​នៅក្នុង​ថ្នាក់​ដោយ​ផ្តោត​លើ​មុខវិជ្ជា​សិក្សា​ផ្សេង​ៗពីគ្នា​ ដើម្បី​ឱ្យ​សិស្សានុសិស្ស​មានឱកាស​ប្រកួតប្រជែង​សមត្ថភាព​ទៅតាម​ចំណូលចិត្ត​ និង​តាម​កម្រិត​ថ្នាក់​ ដើម្បី​ជា​គន្លឹះ​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះ​ និង​ជំនាញ​ពី​ការប្រកួត​ប្រជែង​ និង​លើកទឹកចិត្ត​ដល់​ពួកគេ​ឱ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការសិក្សា​រៀនសូត្រ​លើ​គ្រប់មុខ​វិជ្ជា​ប្រកបដោយ​សមធម៌​ ហើយ​តាមរយៈ​ការប្រកួត​មួយ​នេះ​ សិស្សានុសិស្ស​មិនគ្រាន់​តែ​ចេះ​នូវ​មុខវិជ្ជា​មេរៀន​ស្របតាម​កម្មវិធី​សិក្សា​តាម​កម្រិត​ថ្នាក់​របស់​ខ្លួន​ប៉ុណ្ណោះទេ​ ហើយ​ថែមទាំង​បាន​ចង់​ចាំ​បាន​យ៉ាង​ល្អ​នូវ​ចំណេះដឹង​វប្បធម៌​-អរិយធម៌​ខ្មែរ​ និង​ជា​ឧត្តម​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត​ពួកគេ​ ឱ្យ​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​វប្បធម៌​ជាតិ​នា​ពេល​អនាគត​។

Back to Top