ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០១៧-២០១៨ លើកទី១២

ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០១៧-២០១៨ លើកទី១២

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១២ នៅបរិវេណអគារ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។នៅក្នុងកម្មវិធីនេះ សិស្សានុសិស្ស​បានដាក់តាំងស្នាដៃ​ផ្សេងៗទៅតាមក្រុមនីមួយៗ ដែលមាន​ស្នាដៃ​ជាច្រើនសន្ធឹកសន្ធាប់បង្ហាញជូនដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នក​អា​ណា​ព្យា​​បាលសិស្ស និងសាធារណជនដែល​អញ្ជើញ​ចូ​លរួមទស្សនា និងសិក្សាស្វែងយល់យ៉ាងច្រើនកុះករ។

មានក្រុមខ្លះបានរៀប​ចំ​ដាក់​តាំង​ជា​ប្រភេទ​ស្នាដៃមានទាក់ទងនឹងការធ្វើម្ហូបអាហារបែបជាលក្ខណៈខ្មែរ ហើយខ្លះទៀតក៏មានដាក់តាំងជា​កម្រងស្នា​ដៃដែលបានស្រាវជ្រាវផ្សេងៗជាដើម។ ទន្ទឹមនឹងនេះដែរ សាលាក៏មានរៀបចំកម្មវិធីមួយ​ទៀត​គឺ​ការប្រកួត​គូរគំនូរក្រោមប្រធានបទស្តីពី “ការសិក្សា និងក្តីសង្ឃឹមរបស់កុមារនៅថ្ងៃអនាគត” ហើយក្នុងដំណើរការនៃការប្រកួតប្រជែងគូរគំនូរនេះ បានប្រព្រឹត្តទៅដោយ​គណៈ​គ្រប់គ្រង​សាលា​បានបែងចែកសិស្សជាក្រុមៗ ហើយឱ្យក្រុមនីមួយៗជ្រើសរើសរូបភាពសម្រាប់​យកគូរដោយខ្លួនឯង​ដោយគោរពតាមប្រធានបទដែលបានកំណត់។

ពេលកំពុងចាប់ផ្តើមការប្រឡងប្រកួតប្រជែង សិស្សានុសិស្សគ្រប់ក្រុមនីមួយៗ បានសហការគ្នា យ៉ាងសកម្ម ហើយតាមក្រុមនីមួយៗមានសិស្សខ្លះជាអ្នកគូររូបភាព រីឯសិស្សខ្លះទៀតជាអ្នកផាត់ពណ៌ លើរូបគំនូរ។ នៅពេលដែលសិស្សានុសិស្សចាប់ផ្តើមគូរគំនូរមានលោកគ្រូ អ្នកគ្រូជាអ្នកដើរត្រួតពិនិត្យ និងធ្វើការណែនាំតាមក្រុមនីមួយៗដើម្បីឱ្យសិស្សាមានស្មារតីប្រុងប្រយ័ត្នកាន់តែខ្ពស់។ បន្ទាប់មកទៀត គណៈកម្មការបានវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹតទៅលើស្នាដៃនីមួយៗ ហើយក្រោយពីរកឃើញ ជើងឯកគូរគំនូរលើកទី១២ ឆ្នាំ២០១៨ គណៈកម្មការនឹងបិទផ្សាយពីលទ្ធផល ហើយនឹងប្រគល់​បណ្ណ​សរសើរ និងកាដូអនុស្សាវរីយ៍ជូនដល់សិស្សានុសិស្សដែលបានជាប់ជ័យលាភីក្នុងការប្រកួត។ សកម្មភា​​ព​នេះបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព សហការ ដឹកនាំ និងឯករាជ្យក្នុងការធ្វើការងារជាក្រុម ជាពិសេសវាជាពេលវេលាមួយដែលធ្វើឱ្យពួកគេអាចរឹតបន្តឹងចំណងមិត្តភាពរបស់ពួកគេបានកាន់តែល្អប្រសើរជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តរួមជំនាន់។

No Comments

Post A Comment

Back to Top