ការបង្កើតតុល្យភាពរវាងការងារ និងជីវិត

ការបង្កើតតុល្យភាពរវាងការងារ និងជីវិត

អត្ថបទព័ត៌មានស្តីពីការងារ និងការអប់រំ
ក្រោមប្រធានបទ “ការបង្កើតតុល្យភាពរវាងការងារ និងជីវិត”
អត្ថបទដកស្រង់ដោយ: ហ៊ាង បុប្ផារិទ្ធ
#MJQE#AmericanInterconSchool

ដើម្បីសម្រេចឱ្យបាននូវតុល្យភាពរវាងជីវិត និងការងារគឺជាការប្រឈមដ៏ធំមួយ។ ជាគ្រូបង្រៀន ឬ នាយកសាលា វាគឺអាជីពមួយដែលបង្កើតការផ្លាស់ប្តូរជីវិត និងអនាគតរបស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ។ ប៉ុន្តែជាទូទៅ វាតែងតែមានឧបសគ្គជាច្រើនមករារាំងការរំពឹងទុកនេះ។ ដូច្នេះហើយ ការចេះកំណត់តុល្យភាពរវាងការងារ និងជីវិតឱ្យបានត្រឹមត្រូវអាចជួយឱ្យគ្រូបង្រៀន ឬនាយកសាលាសម្រេចបាននូវប្រសិទ្ធភាពការងារដ៏យូរអង្វែង និងមានភាពរីករាយក្នុងជីវិតផ្ទាល់ខ្លួន។ ខាងក្រោមនេះគឺជាគន្លឹះ៤យ៉ាងអំពីរបៀបសម្រេចបានតុល្យភាពរវាងការងារ និងជីវិតរបស់គ្រូបង្រៀន ឬនាយកសាលា៖

១. គ្រប់គ្រងពេលវេលាការងាររបស់អ្នក :
ការគ្រប់គ្រងពេលវេលា និងផ្តោតអារម្មណ៍របស់អ្នកឱ្យមានប្រសិទ្ធភាពនៅពេលធ្វើការ គឺពិតជាសំខាន់ណាស់ ព្រោះវាអាចជួយសម្រួលដល់ការសម្រេចការងាររបស់អ្នកប្រកបដោយភាពរលូន។ អ្នកគួរកំណត់ពេលឱ្យបានជាក់លាក់ក្នុងការធ្វើការងារផ្សេងៗក្នុងនោះមានដូចជា ការឆែកមើល ឬឆ្លើយតបអ៊ីម៉ែលទៅកាន់ដៃគូការងាររបស់អ្នក ឬរៀបចំកាលវិភាគប្រជុំ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកបង្កើនចំនួនការងារដែលសម្រេចបានក្នុងអំឡុងពេលម៉ោងធ្វើការងារកាន់តែច្រើនឡើងៗ។ ពេលខ្លះ ការដែលអ្នកព្យាយាមបញ្ចប់ការងារច្រើនមុខក្នុងពេលតែមួយ វាមិនបានជួយឱ្យអ្នកសម្រេចការងារទាំងនោះអស់ និងបានល្អនោះទេ។

២. ជម្រុះចោលកិច្ចការដែលមិនចាំបាច់ :
វាត្រូវបានគេនិយាយថា៨០% នៃលទ្ធផលការងារដែលសម្រេចបានមកគឺកើតចេញពី២០% នៃសកម្មភាពការងារប្រចាំថ្ងៃរបស់អ្នក។ អ្នកត្រូវកំណត់អាទិភាពការងារឡើងវិញថា តើការងារទាំងអស់ដែលអ្នកកំពុងធ្វើនោះវាសុទ្ធតែចាំបាច់ដែរឬទេ? ប្រសិនបើវាមិនចាំបាច់ និងមិនបន្ទាន់នោះទេ អ្នកគួរគប្បីទុកវាធ្វើនៅពេលក្រោយ។ នេះមិនមែនមានន័យថាការងារនោះមិនសំខាន់ទេ ប៉ុន្តែវាអាចជួយសម្រួលបន្ទុកខ្លួនអ្នកជាមួយនឹងកិច្ចការដែលមិនចាំបាច់។

៣. បង្កើនការសហការ :
ការបង្កើនការសហការគ្នានៅកន្លែងធ្វើការអាចជួយសម្រាលបន្ទុកការងារ និងជួយក្នុងការគ្រប់គ្រងភាពតានតឹងខ្លះដល់អ្នកបាន។ ការសម្របខ្លួនទៅនឹងការងារជាក្រុមអាចជួយរក្សាតុល្យភាពការងារ និងជីវិតកាន់តែប្រសើរឡើង ជាពិសេសនៅពេលដែលអ្នកមានគោលដៅការងាររយៈពេលវែង។ អ្នកអាចធ្វើវាបានតាមរយៈការចេះផ្ទេរភារកិច្ចមួយចំនួនទៅឱ្យក្រុមការងារដៃគូរបស់អ្នក។

៤. រកពេលវេលាសម្រាប់ខ្លួនអ្នក :
អ្នកគួរតែមានការរៀបចំកាលវិភាគផ្ទាល់ខ្លួនដែលអ្នកចូលចិត្តធ្វើក្នុងពេលចុងសប្តាហ៍របស់អ្នក។ វាអាចជាការអានសៀវភៅ ការដើរកម្សាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសារទៅតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ។ អ្វីដែលជាចំណូលចិត្ត ហើយអ្នកជ្រើសរើសធ្វើ គឺអាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នកបានផងដែរ។

សរុបយ៉ាងខ្លីមក មានតែការមានផែនការការងារជាក់ស្តែង និងច្បាស់លាស់ទើបជួយអ្នកឱ្យបំពេញ ការងារទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានតុល្យភាពរវាងការងារ និងជីវិតរបស់គ្រូបង្រៀន ឬនាយកសាលាបាន។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖

5 Work Principles for a Successful Work-Life Balance


https://www.edweek.org/leadership/a-principals-guide-to-work-life-balance/2018/10

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង