ការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព

ការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព

អត្ថបទព័ត៌មានស្តីពីការធ្វើដំណើរកម្សាន្ត
ក្រោមប្រធានបទ “ការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព”
អត្ថបទដោយ : ពៅ ភក្តី
#MJQE#AmericanInterconSchool

គ្រប់គ្នាសុទ្ធតែចង់លំហែ ចង់ទទួលបានភាពសប្បាយ បូករួមនឹងសុវត្ថិភាពផងដែរ ហេតុនេះការប្រុងប្រយ័ត្នជារឿងចាំបាច់ដែលអ្នកទេសចរត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនានាដែលកើតមានឡើងជាយថាហេតុក្នុងពេលធ្វើដំណើរ និងលេងកម្សាន្ត។ ខាងក្រោមនេះជាតិចនិកត្រៀមសម្រាប់ការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពដែលគ្រប់គ្នាគួរដឹង៖

១. ទិសដៅធ្វើដំណើរ
នៅពេលទៅលេងទីណាក៏ដោយ ត្រូវស្រាវជ្រាវទិសដៅកម្សាន្តនីមួយៗថាត្រូវទៅណាខ្លះ ចម្ងាយប៉ុណ្ណា និងស្ទង់ពីការថ្លៃចំណាយពីមួយកន្លែងទៅមួយកន្លែង។ ត្រូវដឹងព័ត៌មានទាំងនេះមុនខ្លះៗ ដើម្បីចៀសវាងវង្វេងដំណើរ និងចំណាយលើសគម្រោង។ល។

២. ប្រយ័ត្នកាបូបស្ពាយ
យួរ ឬស្ពាយកាបូបមកខាងមុខ ឬយកដៃប៉ះជារឿយៗ ព្រោះពួកចោររមែងស្គាល់អ្នកទេសចរច្បាស់ ដូច្នេះពួកគេនឹងឆ្លៀតឱកាសតាមដែលអាចធ្វើបាន។

៣. ត្រៀមកាបូបមិនជ្រាបទឹក
អ្នកមិនដឹងទេថា ពេលណានឹងមានភ្លៀងនៅពេលដើរលេងនោះទេ ហើយអ្នកប្រហែលជាជាប់ឯកសារ និងលុយមួយចំនួននៅតាមខ្លួន។ ដូច្នេះសូមព្យាយាមប្រើកាបូបការពារជ្រាបទឹកសម្រាប់ទុកដាក់របស់របរ ប្រសិនបើមានទឹកភ្លៀងមិនបានរំពឹងទុក។

៤. ចៀសវាងយកសម្ភារៈថ្លៃៗតាមខ្លួន
របស់របរថ្លៃៗ គួរតែទុកនៅក្នុងបន្ទប់សណ្ឋាគារ ឬកន្លែងសម្រាកដែលមានសុវត្ថិភាព។ ការដែលប្រមូលសម្ភារៈមានតម្លៃតាមខ្លួនអាចប្រថុយនឹងការប្លន់ ឆក់ លួចបន្លំ ឬភ្លេចនៅកន្លែងណាមួយ។

៥. ថតចម្លងឯកសារសំខាន់ៗ
នៅពេលស្នាក់នៅកន្លែងនានា ឬចូលកម្សាន្តទីណាមួយ គេរមែងតម្រូវឱ្យមានឯកសារមួយចំនួន ឬអត្តសញ្ញាណប័ណ្ណ។ល។ ដូច្នេះសូមប្រាកដថា អ្នកបានថតចម្លងវាទុកប្រើជំនួសច្បាប់ដើម។

៦. ប្រយ័ត្នបង្កាន់ដៃ ATM
យើងប្រហែលជាមិនបានកត់សម្គាល់អំពីបញ្ហានេះទេ ប៉ុន្តែពេលខ្លះវិក្កយបត្រ ATM ផ្ដល់ព័ត៌មានជាច្រើនដូចជា ទីតាំងរបស់យើង ប្រតិបត្តិការគណនីថ្មីៗ សមតុល្យសាច់ប្រាក់ដែលនៅសល់ ក៏ដូចជាលេខពាក់ព័ន្ធនឹងកាតរបស់យើងជាដើម។ ដូច្នេះត្រូវប្រយ័ត្ន កុំបោះចោលផ្ដេសផ្ដាស ឬអាចទុកវាជាមួយយើងរហូតដល់ពេលត្រឡប់ទៅផ្ទះវិញ។

៧. ការទុកដាក់សោ
សោបន្ទប់ ឬសោផ្ទះ គួរតែផ្ញើនៅនឹងម្ចាស់កន្លែង ជាជាងយកតាមខ្លួនពេលចេញទៅក្រៅ។ ធ្វើបែបនេះដើម្បីចៀសវាងការជ្រុះបាត់ ឬការលួចបន្លំយកទៅប្រើខណៈអ្នកមិននៅ។

៨. ការភ្ជាប់អ៊ិនធើណេត
ប្រសិនបើចង់ប្រើអ៊ិនធើណេត សូមប្រាកដថា ប្រើគេហទំព័រ និងភ្ជាប់ Wifi ដែលមានសុវត្ថិភាព។ យើងប្រហែលមិនសូវចាប់អារម្មណ៍ពីរឿងនេះ ប៉ុន្តែក្រុម Hacker ពូកែៗអាចលួចយកទិន្នន័យរបស់យើងទៅប្រើបាន បើធ្វេសប្រហែស។

ក្រៅពីចំណុចមួយចំនួនខាងលើក៏នៅមានចំណុចផ្សេងៗជាច្រើនទៀត ដែលយើងមិនគួរភ្លេច ឬ មើលរំលងនៅក្នុងបរិបទនេះផងដែរមានដូចជា ម៉ាស់ អាកុល កញ្ចប់សង្គ្រោះបឋម (ប្រេងខ្យល់ ប្រេងកូឡា ប្រេងរឹតនី អូទីកាបាំ ថ្នាំឈឺក្បាល គ្រុនក្តៅ រាគ ចុកពោះ ក្រពះ ថ្នាំសម្លាប់មេរោគ បេតាឌីន សំឡី បង់រុំរបួស…)។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.kampucheathmey.com/kpt-plus/15879

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង