ការធ្វើដំណើរកម្សាន្តតាមអយស្ម័យយានកម្ពុជា

ការធ្វើដំណើរកម្សាន្តតាមអយស្ម័យយានកម្ពុជា

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ការធ្វើដំណើរកម្សាន្តតាមអយស្ម័យយានកម្ពុជា”
អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ
តើលោកអ្នកធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ? ហើយចង់សាកល្បងដែរឬទេ? វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចជារឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។
នៅពេលដែលយើងមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់គឺមធ្យោបាយធ្វើដំណើរ។ យើងប្រាកដជាគិតថា តើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? តើគួរប្រើយានជំនិះផ្ទាល់ខ្លួន ឬរថយន្តឈ្នួល? បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើកបរ?
លោក អ្នកអាចសាកល្បងធ្វើដំណើរតាមរថភ្លើងដែលមានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ អ្វីដែលសំខាន់ គឺការទទួលអារម្មណ៍ប្លែកតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក និងការរំសាយអារម្មណ៍តាមដងផ្លូវរថភ្លើងដែលមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៅទៀតនោះគឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីបើកបរ អាចយកពេលវេលាធ្វើអ្វីផ្សេងដូចជា អានសៀវភៅ និងសម្រាកតាមដងផ្លូវបានយ៉ាងរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់លោកអ្នកទៅជាមួយ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរពេលទៅដល់គោលដៅ ដោយមិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ ម្យ៉ាងទៀតយើងមិនចាំបាច់ខ្លាចថា ជិះចូលព្រៃ ហើយគ្មានសេវា Internet សម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងក៏មានភ្ជាប់ប្រព័ន្ធ Wi-Fi ផងដែរ។ ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។ លើសពីនេះទៅទៀត ក៏មានលក់អាហារភេសជ្ជៈនៅលើរថភ្លើងផងដែរ ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ៖
• ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត មានរយៈពេល៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។
• ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង២ដុល្លារសម្រាប់កង់។
គួរបញ្ជាក់ផងដែរថា ថ្ងៃចេញដំណើរ គឺមានតែថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។
អត្របទដកស្រង់ចេញពីគេហទំព័រ៖ https://healthtime.tips/km/library/article/902
No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង