ការងារផ្នែកសុវត្ថិភាពសាលា និងសាធារណៈ (SPSD)

ការងារផ្នែកសុវត្ថិភាពសាលា និងសាធារណៈ (SPSD)

អត្ថបទព័ត៌មានស្តីពីការងារ
ក្រោមប្រធានបទ “ការងារផ្នែកសុវត្ថិភាពសាលា និងសាធារណៈ (SPSD)”
អត្ថបទដោយ : នេត សាវុធ
#MJQE#AmericanInterconSchool

ខ្ញុំបាទឈ្មោះ នេត សាវុធ មានមុខងារជា អនុប្រធានផ្នែកសុវត្ថិភាពសាលា និងសាធារណៈ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ខ្ញុំបាទបានចូលបម្រើការងារនៅក្រុមហ៊ុននេះបានចំនួន២ខែ ១៥ថ្ងៃមកហើយ។

ក្នុងកំឡុងពេលដែលពិភពលោកជួបវិបត្តិសាកលគឺ កូវីដ-១៩ ធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅដល់មនុស្សជាច្រើន ក្នុងនោះក៏មានរូបខ្ញុំម្នាក់ផងដែរ ដែលបានឆ្លងកាត់ជាច្រើនក្រុមហ៊ុនក្នុរយៈពេលខ្លី។
ក្នុងរយៈពេលស្វែងរកការងារថ្មី ខ្ញុំក៏បានទទួលឱកាសការងារជាច្រើនព្រោះតែបទពិសោធនៅក្រុមហ៊ុនធំៗជាយូរឆ្នាំ អ្វីដែលធ្វើឱ្យខ្ញុំរំភើបរីករាយជាខ្លាំងនោះ គឺខ្ញុំមានឱកាសចូលរួមជីវភាពការងារជាមួយក្រុម-ហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលជាក្រុមហ៊ុនរបស់អ្នកឧកញ៉ាចិត្តធម៌ក្នុងដួងចិត្តរបស់ខ្ញុំតែម្តង។
នៅក្នុងសកម្មភាពសង្គម អ្នកឧកញ៉ាតែងតែមានការជួយដល់មនុស្សដែលទន់ខ្សោយ និងផ្តល់ឱកាសឱ្យមនុស្សដែលមិនអាចស្វែងរកឱកាសដែលជាកិច្ចការដ៏សខាន់ក្នុងសង្គម។

សម្រាប់រយៈពេល២ខែ ១៥ថ្ងៃដែលខ្ញុំបានចាប់ផ្តើមការងារជាមួយផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ខ្ញុំបានសិក្សាស្វែងយល់អំពីររបៀបធ្វើការរបស់បុគ្គលិក និងវប្បធម៌ការងាររបស់ក្រុមហ៊ុនដែលជាទូទៅតែងតែមានការលើកទឹកចិត្ត ជ្រោមជ្រែង និងផ្តល់ឱកាសដើម្បីអភិវឌ្ឍខ្លួនឱ្យមានការរីកចម្រើនព្រមទាំងមានការជួយឧបត្ថម្ភគំាទ្រដល់បុគ្គលិកដែលខ្វះខាតខ្សត់ខ្សោយតាមរយៈអ្នកឧកញ៉ាផ្ទាល់ ក៏ដូចជាតាមរយៈ មូលនិធិ ម៉េងលី ជេ. គួច ផងដែរ សកម្មភាពទាំងនោះវាបានដក់ជាប់ដួងចិត្តរបស់ខ្ញុំជារៀងរហូតមកនូវទឹកចិត្តដ៏ថ្លៃថ្លាទាំងនេះ។

ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានចូលបម្រើរការងារជាចំណែកមួយនៅក្នុងក្រុមហ៊ុនមួយនេះទោះក្នុងតួនាទីអ្វីក៏ដោយ។ ខ្ញុំសុំនិយាយបន្តិចអំពីផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ដែលយើងប្រកាន់ភ្ជាប់នូវពាក្យថា សុវត្ថិភាពជាចម្បង ផ្នែកមួយនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុន ព្រមទាំងបានរក្សាស្ថេរភាព សន្តិសុខ សុវត្ថិភាព ជូនក្រុមហ៊ុន ក៏ដូចជាបុគ្គលិក និងសិស្សានុសិស្សទាំងអស់បើទោះជាមនុស្សមួយចំនួនមិនសូវឱ្យតម្លៃដល់ពួកយើងក៏ដោយ។ ជាការពិតណាស់ក្រុមរបស់យើង គឺជាមនុស្សដំបូងគេ គឺជាសេវាដំបូងគេ គឺជាផ្ទាំងទស្សនីយភាពដំបូងគេបង្ហាញទៅអតិថិជនគ្រប់ស្រទាប់ឱ្យមានការកត់សម្គាល់ដល់សេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនយើង។ បើទោះពួកគាត់មិនសូវគិតដល់យើង ប៉ុន្តែពួកយើងតែងតែគិតដល់ពួកគាត់ ការពារពួកគាត់ និងគិតពីសុវត្ថិភាពដល់ពួកគាត់គ្រប់ពេលវេលា (សុវត្ថិភាពជាចម្បង)។


ទោះជាយ៉ាងណាក៏ដោយពួកយើងមានសេចក្តីរីករាយណាស់ដោយអ្នកឧកញ៉ា តែងតែបានលើកស្ទួយ និងឱ្យតម្លៃពួកយើងគ្រប់កាលៈទេសៈ ហើយបានបង្កើតពាក្យមួយឃ្លាថា ទាបបំផុត ខ្ពស់បំផុត ជាការលើកទឹកចិត្តដល់ពួកយើងឱ្យមានការខិតខំបន្ថែម វាដូចជា លេខ១០០០០ (មួយម៉ឺន) មិនអាចខ្វះលេខ ១បាន ព្រោះបើគ្មានលេខ១ នៅឈរពីមុខទេ តួលេខទាំងអស់ទៅជាគ្មានន័យ ដូចនេះយើងនឹងធ្វើឱ្យផ្នែករបស់យើងដើរតួជាលេខ១ ដែលមិនអាចខ្វះបានជារៀងតទៅ។

សង្ឃឹមថាបងប្អូន លោកគ្រូ អ្នកគ្រូទាំងអស់គ្នានៅក្នុងក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន មានការ អធ្យាស្រ័យយោគយល់ សហការការងារល្អ ដោយក្រមសីលធម៌ខ្ពស់ក្នុងនាមជាបងប្អូនរួមការងារ និងធ្វើជាគំរូល្អដល់សង្គមជាតិ និងជាឬស្សីគំរូដែលការពារ និងបង្ហាញផ្លូវដល់ទំពាំងជំនាន់ក្រោយឱ្យមានការលូតលាស់ប្រកបដោយសក្តានុពលជាប្រយោជន៍សម្រាប់ការប្រើប្រាស់នៅក្នុងសង្គម។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង