កម្មវិធីបុណ្យភូមិឆ្នាំ២០២២ បានវិលមកវិញហើយ

កម្មវិធីបុណ្យភូមិឆ្នាំ២០២២ បានវិលមកវិញហើយ

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “កម្មវិធីបុណ្យភូមិឆ្នាំ២០២២ បានវិលមកវិញហើយ”
អត្ថបទដោយ : ហុកសេង ប៊ុនឈឿន
#MJQE#AmericanInterconSchool

តាមការកត់សម្គាល់ ជារៀងរាល់ឆ្នាំកម្មវិធី «បុណ្យភូមិ» តែងតែត្រូវបានរៀបចំឡើងនៅដើមខែមេសា ដើម្បីស្វាគមន៍ និងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពាក់កណ្ដាលខែ។ កម្មវិធីបែបប្រពៃណីមួយនេះ ត្រូវបានធ្វើឡើងនៅតាមទីវត្តអារាមដែលជាការរៀបចំដោយក្រុមស្ថាបនិកលើកស្ទួយសិល្បៈវប្បធម៌មួយឈ្មោះថាភ្លើងគប់។

កម្មវិធី «បុណ្យភូមិ» ជាកម្មវិធីបែបប្រពៃណីមួយដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ដជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មានការបង្ហាញ និងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ តែដោយឡែកនៅអំឡុងឆ្នាំ២០២១ កម្មវិធីបុណ្យមួយនេះត្រូវបានប្រព្រឹត្តិឡើងតាមបែបឌីជីថលវិញម្ដង ដើម្បីរួមចំណែកការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យកាត់បន្ថយការជួបជុំ និងការប្រមូលផ្ដុំគ្នា។

យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២នេះ កម្មវិធី «បុណ្យភូមិ» បានវិលត្រឡប់មកវិញហើយ និងកំពុងប្រកាសរកសមាជិកឡេឡេបុណ្យភូមិជំនាន់ទី៩ ដើម្បីរួមចំណែកក្នុងការរៀបចំកម្មវិធី។ បើតាមសេចក្ដីប្រកាសរបស់គណៈកម្មការរៀបចំកម្មវិធី «បុណ្យភូមិ» បានប្រកាសឱ្យដឹងថា ពិធីបុណ្យនេះនឹងរៀបចំក្នុងពេលឆាប់ៗនេះ ហើយចំពោះយុវជនដែលមានបំណងចង់ចូលរួមជាសមាជិក “ឡេឡេបុណ្យភូមិ” ជំនាន់ថ្មីទី៩ ឆ្នាំ២០២២នេះ គឺតម្រូវឱ្យមានលក្ខខណ្ឌដូចជា៖ ចូលចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ស្រលាញ់ការច្នៃប្រឌិត ចង់យកជំនាញដែលខ្លួនចេះមកប្រើប្រាស់ មានពេលវេលា តស៊ូ និងអំណត់។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះដែរ គេនៅមិនទាន់ដឹងពីទីតាំងកំណត់របស់កម្មវិធីបុណ្យភូមិនៅក្នុងឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅទីវត្តអារាមណាមួយនោះទេ។ ក៏ប៉ុន្ដែមានមហាជនជាច្រើននាក់បានសំណូមពរឱ្យគណៈកម្មការរៀបចំកម្មវិធី ជ្រើសរើសទីតាំងវត្តកៀនស្វាយ ឬវត្តទួលទំពូង ជាទីតាំងសម្រាប់ក្នុងឆ្នាំនេះផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://troryorng.com/54427/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង