កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា
ក្រោមប្រធានបទ “កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣”
អត្ថបទដកស្រង់ដោយ : ហេង សុវណ្ណារិទ្ធ
#MJQE#AmericanInterconSchool

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) អនុញ្ញាតជាផ្លូវការ។

យោងតាមសេចក្ដីជូនដំណឹងរបស់ CAMSOC ចុះថ្ងៃទី២៦ សីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអនុញ្ញាតជាផ្លូវការឱ្យសហព័ន្ធកីឡាវ៉ូវីណាម រៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ CAMSOC បានឱ្យសហព័ន្ធសាមីរៀបចំបទបញ្ជាការប្រកួតជាភាសាអង់គ្លេស ដោយសហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់គម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកូត។

បើយោងតាមប្រសាសន៍ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់បានបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេសជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីត្រៀមឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ។ ចំពោះវិញ្ញាសាដែលត្រូវដាក់ឱ្យប្រកួតមានទាំងអស់ចំនួន៣០។

គួររំឭកផងដែរថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ (លើកមកធ្វើនាឆ្នាំ២០២២)នៅប្រទេសវៀតណាម ដែលទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ប្រភេទកីឡាវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងនោះមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង និងមេដាយសំរឹទ្ធចំនួន៩គ្រឿង សរុប១៤គ្រឿង៕

ដកស្រង់ចេញពីគេហទំព័រ៖https://kohsantepheapdaily.com.kh/article/1589680.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង