កន្លែងស្រស់ស្អាតទាំង១០លើពិភពលោក ដែលគ្មានវត្តមានរថយន្

កន្លែងស្រស់ស្អាតទាំង១០លើពិភពលោក ដែលគ្មានវត្តមានរថយន្

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “កន្លែងស្រស់ស្អាតទាំង១០លើពិភពលោក ដែលគ្មានវត្តមានរថយន្ត”
អត្ថបទដោយ : តាប់ សោភ័ណ្ឌ
#MJQE#AmericanInterconSchool

ប្រសិនបើលោកមានការរំខានដោយសារការស្ទះចរាចរណ៍ ការស្វែងរកចំណតរថយន្ត និងការចំណាយប្រាក់ទៅលើប្រេងឥន្ទនៈ ឬឧស្ម័ននោះ អ្នកអាចរីករាយជាមួយនឹងដំណើរកម្សាន្តនៅទីតាំងទាំង១០លើពិភពលោក ដែលមិនអនុញ្ញាតឱ្យមានរថយន្ត។ អ្នកអាចជ្រើសរើសការធ្វើដំណើរដោយកង់ និងរីករាយជាមួយដំណើរកម្សាន្តដ៏ស្រស់ថ្លាដោយគ្មានផ្សែងបំពុល និងសំឡេងរំខានជាមួយនឹងទីតាំងទាំង១០ដូចខាងក្រោម៖

១. កោះ Mackinac រដ្ឋ Michigan សហរដ្ឋអាមេរិក :
កោះនេះ ស្ថិតនៅក្នុងបឹង Huron ដែលបានហាមឃាត់រាល់យាន្តជំនិះផ្សេងៗ តាំងពីឆ្នាំ១៨៩៨មក ម្ល៉េះ។ បច្ចុប្បន្នរមនីយដ្ឋានសម្រាប់រដូវក្តៅមួយនេះ បានទាក់ទាញក្រុមគ្រួសារជាច្រើនដែលស្រឡាញ់ធម្មជាតិ និងប្រវត្តិសាស្ត្រ។ នៅទីនោះមានតែកង់ និងរទេះសេះប៉ុណ្ណោះសម្រាប់ធ្វើដំណើរ។

២. កោះ Sark ចក្រភពអង់គ្លេស :
កោះនេះស្ថិតនៅក្បែរតំបន់ Normandy ប្រទេសបារាំង និងជាផ្នែកមួយនៃកោះនៅចក្រភពអង់គ្លេស។ កោះនេះតូចពិតមែន តែសម្បូរទៅដោយទេសភាពដ៏ស្រស់ស្អាត និងពិតជាសាកសមសម្រាប់ដំណើរកម្សាន្តដោយថ្មើរជើង ឬដោយការជិះកង់ឡើងភ្នំ។ នៅទីនេះមានតែត្រាក់ទ័រតែប៉ុណ្ណោះជាយាន្តជំនិះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។ ក្រៅពីនោះគឺមានរទេះសេះ កង់ និងការដើរដោយថ្មើរជើង។

៣. ទីក្រុង Venice ប្រទេសអ៊ីតាលី :
ដងផ្លូវនានានៅទីនេះ អាចនឹងមិនមានស្ថានភាពស្រស់ស្អាតបែបនេះទេ ប្រសិនបើរថយន្តត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់។ នៅទីនោះអាចមានតែរថយន្តទេចរណ៍ប្រភេទបណ្តែតលើទឹកប៉ុណ្ណោះសម្រាប់ដឹកប្រជាពលរដ្ឋ Venetians និងអ្នកទេសចរណ៍ជុំវិញកោះ Venice និងកោះដែលនៅក្បែរៗនោះ។

៤. តំបន់ Fes el-Bali ប្រទេសម៉ារ៉ុក :
Fes el-Bali ជាតំបន់ដែលមានដងផ្លូវកើតឡើងតាំងពីយុគសម័យកណ្តាលមកម្ល៉េះ ហើយមិនសូវសម្បូររថយន្តបើកកាត់ទីនេះឡើយ ធ្វើឱ្យវាក្លាយជាទីក្រុងដែលគ្មានរថយន្ត និងជាកន្លែងដ៏អស្ចារ្យមួយ។ អ្នកអាចរីករាយក្នុងការចូលហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រះវិហារឥស្លាមដោយការធ្វើដំណើរដោយថ្មើរជើង។

៥. ក្រុង La Cumbrecita ប្រទេសអាហ្សង់ទីន :
ជាទីក្រុងដ៏ស្រស់ស្អាតតូចមួយនៅក្បែរជ្រលងភ្នំ Calamuchita។ ភូមិនេះលំអដោយដើមឈើខៀវស្រងាត់ មានគោលនយោបាយមួយគឺអនុញ្ញាតឱ្យមានតែកង់តែប៉ុណ្ណោះសម្រាប់ជាមធ្យោយបានធ្វើដំណើរ ដែលវាជាការចូលរួមចំណែកក្នុងការផ្តល់ភាពស្រស់ស្អាតដល់ក្រុងមួយនេះ។ អ្នកនិយមអេកូទេសចរណ៍ភាគច្រើនចូលចិត្តមកកម្សាន្តនៅទីនេះ ដោយការដើរឡើងលើភ្នំ ព្រៃឈើ និងទស្សនាទឹកធ្លាក់ ឬការបោះជំរំមើលមេឃ និងផ្កាយក្នុងពេលរាត្រី។

៦. ក្រុង Hydra ប្រទេសក្រិច :
ជាមួយទីតាំងដែលមានទិដ្ឋភាពដ៏អស្ចារ្យក្បែរសមុទ្រ Aegean ធ្វើឱ្យ Hydra ក្លាយជាឋានសួគ៌លើផែនដី។ គ្មានរថយន្តណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅទីនេះឡើយ ធ្វើឱ្យដងផ្លូវនានាស្ងប់ស្ងាត់គឺមានតែការធ្វើដំណើរដោយថ្មើរជើង និងសត្វលាតែប៉ុណ្ណោះ។ ដោយវាជាផ្នែកមួយនៃកោះ Saronic ធ្វើឱ្យ Hydra មានភាពល្បីល្បាញ ដោយសារស្ថាបត្យកម្មដ៏ល្អឥតខ្ជោះ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរសមុទ្រ និងផ្លូវដើរដោយថ្មើរជើងក្បែរមាត់សមុទ្រយ៉ាងស្រស់ស្អាត។

៧. កោះ Bald Head រដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក :
អ្នកគួរតែបោះបង់ទុក្ខព្រួយ និងរថយន្តរបស់អ្នកចោលសិន នៅពេលដែលអ្នកបានទៅកម្សាន្តនៅទីនេះ។ កោះដែលមានទេសភាពស្រស់ស្អាតមួយនេះ ជាទីតាំងដ៏សាកសមសម្រាប់ថ្ងៃវិស្សមកាល ជាមួយនឹងឆ្នេរខ្សាច់ ទីលានវាយកូនហ្គោលជាដើម។ មធ្យោបាយធ្វើដំណើរនៅទីនេះមានតែរទេះសម្រាប់អ្នកវាយកូនហ្គោល កង់ និងការធ្វើដំណើរដោយថ្មើរជើងប៉ុណ្ណោះ។

៨. ភូមិ Gienthoorn ប្រទេសហូឡង់ :
Gienthoorn មានទីតាំងស្ថិតនៅចម្ងាយប្រមាណ៥៥ម៉ាល៍ ភាគឦសាននៃទីក្រុងអាស្ទ័រដាម។ នៅទីនោះមានរហូតដល់១៨០ស្ពានពីលើប្រឡាយទឹកដែលមើលទៅហាក់ដូចជាគំនូរ។ អ្នកអាចធ្វើដំណើរតាមប្រឡាយទឹកជាមួយនឹងទេសភាពស្រស់ស្អាតបែបធម្មជាតិ ដោយទូក និងមើលទីតាំងផ្សេងៗទៀតដោយការដើរដោយថ្មើរជើង។

៩. កោះភ្លើង ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក :
កោះភ្លើង គឺជាកោះមួយដែលពេញនិយមសម្រាប់រដូវក្តៅ មានទីតាំងស្ថិតនៅក្បែរឆ្នេរខាងត្បូង។ កោះនេះបានផ្តល់នូវឆ្នេរ សួនច្បារ និងសហគមន៍ដ៏បុរាណមួយដែលមានមនុស្សមកកម្សាន្តភាគច្រើននៅរដូវក្តៅ។ អ្នកនៅក្នុងតំបន់ និងអ្នកទេសចរណ៍មកទីនេះដោយការជិះកង់ ជុំវិញកោះ ឬដើរកម្សាន្តជាមួយនឹងបរិយាកាសយ៉ាងទាក់ទាញ។

១០. ទីក្រុង Zermatt ប្រទេសស្វីស :
ទីក្រុង Zermatt ស្ថិតនៅផ្នែកខាងក្រោមក្បែរកំពូលភ្នំខ្ពស់ក្នុងនោះរួមទាំងភ្នំដ៏ល្បីល្បាញមួយ គឺភ្នំ Matterhorn។ ទីក្រុងដែលមានភ្នំខ្ពស់ៗនេះមានភាពទាក់ទាញ និងល្បីល្បាញជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលនិយមការជិះស្គី និងលេងកីឡានារដូវរងា ដោយសារទីនេះគ្មានវត្តមានរថយន្តទេ ធ្វើឱ្យទីក្រុងនេះគ្មានខ្យល់បំពុលឡើយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ http://camnews.com.kh/news/detail/13313/top-10-no-cars-tourist-sites-in-the-world

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង