កន្លែងកម្សាន្តទាំង៧នៅខេត្តកោះកុង សម្រស់ធម្មជាតិពិតៗ សម្រាប់ថ្ងៃឈប់សម្រាក

កន្លែងកម្សាន្តទាំង៧នៅខេត្តកោះកុង សម្រស់ធម្មជាតិពិតៗ សម្រាប់ថ្ងៃឈប់សម្រាក

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត៖
ក្រោមប្រធានបទ : “កន្លែងកម្សាន្តទាំង៧នៅខេត្តកោះកុង សម្រស់ធម្មជាតិពិតៗ សម្រាប់ថ្ងៃឈប់សម្រាក”
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
#MJQE#AmericanInterconSchool

ខេត្តកោះកុង ត្រូវបានគេស្គាល់ថា ជាខេត្តនៃតំបន់មាត់សមុទ្រមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសម្រស់ពីធម្មជាតិនៃរមណីយដ្ឋានជាច្រើនមានទាំងឆ្នេរសមុទ្រ កោះ ទឹកធ្លាក់ ព្រមទាំងព្រៃភ្នំផងដែរ។ ខាងក្រោមនេះជាកន្លែងទាំង៧ នៅខេត្តកោះកុង ដែលមានសម្រស់ធម្មជាតិពិតៗ បើបានទៅលេងហើយ ពិតជារំសាយអស់ទុក្ខកង្វល់នាថ្ងៃឈប់សម្រាក។

១. ឆ្នេរនេសាទ៖ ឆ្នេរនេះមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល១៦៥គីឡូម៉ែត្រ និងប្រហែល១៧០ គ.ម ពីរាជធានីភ្នំពេញ

២. កោះស្តេច៖ កោះស្ដេច គឺជាកោះធម្មជាតិមួយស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ។ កោះស្ដេចមានទីតាំងស្ថិតនៅឈូងសមុទ្រថៃចម្ងាយប្រហែល១.៥គីឡូម៉ែត្រ ពីឆ្នេរឧទ្យានជាតិបុទុមសាគរនៅក្នុងស្រុកគិរីសាគរ ។

៣. ជីផាត៖ សហគមន៍អេកូទេសចរណ៍ឃុំជីផាត ស្ថិតនៅចំកណ្ដាលព្រៃស្រោងនៃតំបន់ជួរភ្នំក្រវាញ ស្រុកថ្មបាំង ខេត្តកោះកុង។ គេអាចទៅតំបន់នោះបានដោយចេញពីចំណុចអណ្ដូងទឹក ក្នុងស្រុកស្រែអំបិល តាមផ្លូវលំកាត់ព្រៃចម្ងាយប្រហែល១៧គីឡូម៉ែត្រ ឬក៏ជិះទូកតាមព្រែកចម្ងាយ២៥គីឡូម៉ែត្រ ដោយចំណាយពេលជាងពីរម៉ោង ទើបទៅដល់តំបន់នោះ។

៤. ទឹកធ្លាក់តាតៃ៖ ទឹកធ្លាក់តាតៃ គឺមានតំបន់រមណីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ចំងាយប្រហែល២០គីឡូម៉ែត្រខាងកើតទីរួមខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ។

៥. កោះកុងក្រៅ៖ កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០ គ.ម២ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្ត០៥កន្លែង។

៦. ខ្នងផ្សារ៖ ភ្នំខ្នងផ្សារ មានទីតាំងក្នុងស្រុកថ្មបាំងខេត្តកោះកុង តំបន់ជួរភ្នំក្រវាញកណ្ដាល។ វាជាតំបន់ភ្នំដែលមានព្រៃឈើហ៊ុមព័ទ្ធជុំវិញក្រាស់ឃ្មឹក ពណ៌បៃតងខ្ចីចាស់ បង្កើតបានជាទេសភាពយ៉ាងប្រណីត ។

៧. ពាមក្រសោប៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ៧ គ.ម. ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះដោយចំណាយពេលត្រឹមតែ២០ ទៅ២៥នាទីប៉ុណ្ណោះ។ ទីនេះជាតំបន់ព្រៃកោងកាង ដែលមានទេសភាព និងពោពេញដោយជីវៈជម្រុះដ៏ទាក់ទាញបំផុត ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www. popular.com.kh/social/193917.html/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង