កត្តា៦ចំណុចជួយឱ្យរបៀបរស់នៅរបស់យើងមានសេចក្តីសុខ

កត្តា៦ចំណុចជួយឱ្យរបៀបរស់នៅរបស់យើងមានសេចក្តីសុខ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “កត្តា៦ចំណុចជួយឱ្យរបៀបរស់នៅរបស់យើងមានសេចក្តីសុខ”
អត្ថបទដកស្រង់ដោយ : ខាត់ សុធា
#MJQE#AmericanInterconSchool

មនុស្សកាន់តែចាស់ កាន់តែមិនសូវមានក្តីសុខដោយសារបានជួបប្រទះបទពិសោធ និងរឿងជាច្រើនមកហើយ។ មានការសិក្សាមួយបាននិយាយថា សេចក្តីសុខ៥០% គឺកំណត់ដោយតំណពូជ និង៥០%ទៀតកើតចេញពីការគ្រប់គ្រងរបស់មនុស្សខ្លួនឯងផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃសេចក្តីសុខរបស់មនុស្សរាល់គ្នា គឺ អាស្រ័យលើការកំណត់ដោយបុគ្គលផ្ទាល់។ នៅក្នុងខ្សែរជីវិតរបស់មនុស្សម្នាក់ៗ កត្តា៦ចំណុចដែលធ្វើឱ្យមនុស្សរកសេចក្តីសុខក្នុងជីវិតបាន គឹអាស្រ័យលើការគ្រប់គ្រងរបស់បុគ្គល៖

១. ធ្វើអ្វីដែលអ្នកចង់ធ្វើ :
ចាំណាថាកុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដ៏ទៃដាច់ខាត។ ចូរប្រៀបធៀបរឿងមួយក្នុងស្ថានភាពពីរផ្សេងគ្នា៖ អ្នកត្រូវបានផ្តល់ថ្នាំពីរគ្រាប់ ពណ៌ខៀវ និងពណ៌ក្រហម។ បើសិនអ្នកលេបថ្នាំពណ៌ខៀវ អ្នកអាចត្រឡប់ទៅអតីតកាល៥ឆ្នាំមុន ប្រសិនអ្នកលេបថ្នាំពណ៌ក្រហម អ្នកអាចទៅអនាគត៥ឆ្នាំខាងមុខ តើអ្នកនឹងលេបថ្នាំពណ៌ណា? ប្រសិនជាសួរខ្ញុំដែលជាអ្នកសរសេរអត្ថបទនេះ ខ្ញុំនឹងជ្រើសរើសលេបថ្នាំពណ៌ក្រហម ព្រោះខ្ញុំគឺជាខ្ញុំ។ ប្រសិនជាអ្នក អ្នកប្រហែលជាជ្រើសរើសលេបថ្នាំពណ៌ខៀវ។ ជាទូទៅមនុស្សមានសេខក្តីសុខខុសគ្នាដោយសារពួកគេមើលឃើញតម្លៃខុសៗគ្នា។ តើអ្នកដឹងទេថា ហេតុអ្វីបានជាជាងគំនូរមួយរូបទម្រាំគូរបានរូបមួយត្រូវចំណាយពេលវេលាជាច្រើន ប៉ុន្តែទទួលបានប្រាក់កម្រៃតិច នៅតែបន្តការងាររបស់គេ? នេះក៏ដោយសារតែគេមើលឃើញភាពស្រស់ស្អាតនៅលើរូបផ្ទាំងគំនូរនោះ ទោះបីអ្នកផ្សេងមើលមិនឃើញភាពស្អាតលើរូបគំនូរនោះក៏ដោយ។ សេចក្តីសុខពិតប្រាកដមិនមែនស្ថិតនៅលើប្រាក់តែមួយនោះទេ។ មានអ្នកជំនួញម្នាក់មើលមិនឃើញសេចក្តីសុខនៅលើរូបគំនូរ ប៉ុន្តែមើលឃើញតែជំនួញដែលអាចរកប្រាក់បានច្រើនថាជាសេចក្តីសុខទៅវិញ។ ផ្ទុយទៅវិញ វិចិត្រករមើលឃើញសេចក្តីសុខរបស់ខ្លួននៅលើរូបគំនូរដែលអ្នកផ្សេងមើលមិនឃើញទៅវិញ។ មិនថាអ្នកជានរណា មកពីណា ធ្វើអ្វីនោះទេ ចូរអ្នកធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយកុំប្រៀបធៀបជាមួយអ្នកដ៏ទៃ ព្រោះសេខក្តីសុខរបស់មនុស្សម្នាក់ៗអាចជាគោលដៅផ្សេងៗគ្នា។

២. បង្កើតមិត្តឱ្យបានច្រើន :
អ្នកខ្លះបង្កើតមិត្តក្នុងគោលបំណងចង់បង្កើតបណ្តាញឱ្យបានច្រើនដើម្បីងាយស្រួលរកផលប្រយោជន៍មកវិញ។ ប្រាកដណាស់ អ្នកអាចបានលាភដោយសារមិត្ត លើសពីនោះទៅទៀត អ្នកអាចទទួលបានភាពរីករាយជាមួយមិត្ត និងចែកភាពជូរចត់ជាមួយគ្នា។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សរស់នៅជាក្រុមមានក្តីសុខច្រើន ពីព្រោះពួកគេអាចបញ្ចេញមតិ អារម្មណ៍ សេចក្តីស្រលាញ់ សេចក្តីស្អប់ ស្ត្រេស (stress) ដល់គ្នាទៅវិញទៅមកដោយការប្រាស្រ័យទាក់ទងគ្នា។ ដូចនេះ បើអ្នកមានមិត្តកាន់តែច្រើន កាន់តែបង្កើនសេខក្តីសុខរបស់អ្នក។ អ្នកគួរបង្កើតមិត្តនៅកន្លែងធ្វើការ នៅជិតផ្ទះ មិត្តជិតស្និទ្ធ និងមិត្តដែលអ្នកស្អប់ គ្រប់ពេល និងគ្រប់ទីកន្លែង។

៣. ចេះឱ្យតម្លៃអ្វីដែលអ្នកមាន :
សេចក្តីសុខកើតមកពីចិត្ត បើអ្នកគិតច្រើនពីអ្វីដែលអ្នកមិនមាន វានឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមិនមានក្តីសុខ។ ចូរអ្នកកុំធ្វើដូច្នោះ អ្នកត្រូវរីករាយនឹងអ្វីដែលអ្នកមាន។ មធ្យោបាយល្អមួយគឺអ្នកអាចធ្វើកំណត់ត្រាលើអ្វីដែលអ្នកបានសម្រេចជារៀងរាល់យប់។ ការសិក្សាមួយបង្ហាញថា មនុស្សដែលសរសេរទុកនូវអ្វីដែលពួកគេសម្រេចបាន ម្តងក្នុងមួយសប្តាហ៍ អាចធ្វើឱ្យពួកគេបង្កើនសេចក្តីសុខ២៥% បន្ទាប់ពីការបន្តធ្វើដូចនោះបាន១០សប្តាហ៍។ អ្នកគួរតែមានមោទនភាពលើខ្លួនឯងដែលបានព្យាយាម យ៉ាងហើចណាស់អ្នកកំពុងទទួលបានអ្វីដែលអ្នកដ៏ទៃមិនមានដូចអ្នក។

៤. បន្តធ្វើការដើម្បីសម្រេចក្តីស្រមៃ :
សេចក្តីសុខមួយអាចកើតមានប្រសិនបើអ្នកខំប្រឹងធ្វើការដើម្បីសម្រេចក្តីស្រមៃមួយដែលអ្នកប៉ង។ ប៉ុន្តែមិនមែនបានន័យថាបានត្រឹមតែប្រាថ្នា ហើយមិនធ្វើនោះទេ។ ប្រសិនបើអ្នកកំពុងចង់បានក្តីស្រមៃដោយកំពុងតែខិតខំ សម្រាប់ខ្លួនឯង អ្នកអាចបង្កើនសេចក្តីសុខ១៩% ព្រោះអ្នកកំពុងតែរីករាយនឹងទន្ទឹងរង់ចាំក្តីស្រមៃនោះក្លាយមកជាការពិតនៅថ្ងៃណាមួយ។ ក្នុងនោះដែរ អ្នកក៏មិនត្រូវប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដ៏ទៃដែរ។ ផ្ទុយទៅវិញ អ្នកគួរប្រៀបធៀបខ្លួនឯងជាមួយម្សិលមិញ ឬប៉ុន្មានសប្តាហ៍ខាងមុខ។ អ្វីៗនឹងបង្ហាញថា អ្នកកំពុងតែមានការផ្លាស់ប្តូរ និងរីកចម្រើនជាងមុនជាក់ជាមិនខាន។

៥. ចែករំលែក :
នៅពេលអ្នកចេះជួយដល់អ្នកដ៏ទៃ គេនិយាយថាអ្នកជាមនុស្សល្អ។ តើអ្នកសប្បាយចិត្តទេ? បើអ្នកគិតឱ្យបានជ្រៅជាងនេះទៅទៀត អ្នកមិនមែនសប្បាយចិត្តដោយមានមនុស្សនិយាយសរសើរអ្នកបែបនោះទេ តាមពិតនៅពេលអ្នកចេះចែករំលែក អ្នកគឺជាមនុស្សដែលមានក្តីសុខជាងគេ គឺមានក្តីសុខជាងមនុស្សដែលត្រូវបានអ្នកជួយទៅ ទៀត។ អ្នកមានសេចក្តីសុខ មនុស្សដែលអ្នកជួយក៏មានក្តីសុខ រីឯមនុស្សដែលមើលឃើញអ្នកជួយក៏មានក្តីសុខ។ ដូចនេះហេតុអ្វីយើងមិនចែករំលែកគ្នា?

៦. កុំព្យាយាមចង់បានច្រើនពេក :
ប្រាកដណាស់ មានក្តីស្រមៃគឺបន្ថែមសេចក្តីសុខក្នុងលក្ខខណ្ឌដែលអ្នកកំពុងរីករាយជាមួយការខិតខំធ្វើការដើម្បីសម្រេចក្តីស្រមៃនោះ ប៉ុន្តែអ្នកមិនត្រូវចង់បានច្រើនពេកនោះទេ។ ការដេញតាមវត្ថុដែលអ្នកត្រូវការច្រើនពេក មិនមែនជាក្តីសុខពិតប្រាកដនោះទេ។ ឧទាហរណ៍ អ្នកចង់ទិញផ្ទះធំមួយ ហើយអ្នកបានព្យាយាមរាប់ឆ្នាំដើម្បីសន្សំលុយទិញផ្ទះនោះបាន។ ក្រោយពីរស់នៅផ្ទះនោះអស់រយៈពេលជាច្រើនខែ អ្នកនឹងមានអារម្មណ៍ធម្មតា។ បើអ្នកដេញតាមរបស់អ្វីមួយ អ្នកនឹងមានក្តីសុខនៅពេលអ្នកទទួលបានវា ប៉ុន្តែវានឹងធ្វើឱ្យអ្នកក្លាយជាមនុស្សគ្មានក្តីសុខប្រសិនជាអ្នកមិនទទួលបានវា។ ហេតុអ្វី? ពីព្រោះរាល់វត្ថុទាំងអស់អាចផ្តល់ក្តីសុខបណ្តោះអាសន្នប៉ុណ្ណោះ។ មានតែខ្លួនអ្នកទេ (គឺចិត្ត) ដែលជាអ្នកកំណត់សេចក្តីសុខយូរអង្វែង។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.ahladang.com/archives/3540

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង